ក្រុង​បាងកក: បុរស​វៀតណាម​ម្នាក់ដែល​ព្យាយាម​អុំទូក ២​ ពាន់​គីឡូ​​ម៉ែត្រ ពី​ប្រទេស​ថៃ​ទៅ​ឥណ្ឌា ដើម្បី​ជួប​ភរិយា ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយពី​ត្រូវបាន​សង្គ្រោះ​នៅ​ឆ្នេរ​ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​មន្ដ្រី​នា​វី​ជាន់ខ្ពស់បាន​ប្រាប់ AFP​។

​លោក ហូ ហ៊ូ​ង ហ៊ុ​ង ចេញដំណើរ​ពី​កោះ​វិស្សមកាល​ភូ​កេ​តរបស់​ថៃតាមរយៈ​ពោង ដោយ​ភ្ជាប់​ជាមួយ​ទឹក និង​មី តែ​គ្មាន​ប្រព័ន្ធ​ត្រីវិស័យ ដែលមាន​បំណង​ចង់​ឆ្លងកាត់​ឆក ប៊ែ​ង​ហ្គា​ល់ នៅ​ជិត​ដល់​រដូវ​ព្យុះ​ស៊ីក្លូន​។

​ទូក​នេសាទ ​១ បាន​ប្រទះឃើញ​បុរស​វ័យ ​៣៧ ​ឆ្នាំ​រូបនេះ​ កាលពី​ថ្ងៃ​ពុធ នៅក្បែរ​ប្រជុំ​កោះស៊ី​មី​ឡាន ចម្ងាយ​ប្រមាណ ៨០ ​គីឡូម៉ែត្រ​ពី​ដីគោក​ថៃ និង​បាន​ទាក់ទង​ទៅ​អង្គភាព​សន្ដិសុខ​ម៉ា​រី​ន​របស់​កង​នាវា ដែល​មកដល់​ទីតាំង និង​សង្គ្រោះ​បុរស​រូបនេះ​។

​លោក ហូ បាន​ប្រាប់​ក្រុមមន្ដ្រី​ថា លោក​ព្យាយាម​ត្រាច់ចរ​ទៅរក​ភរិយា ដែល​ធ្វើការ​នៅ​ទីក្រុង​ម៉ុម​បៃ ក្រោយពី​រស់នៅ​បែក​គ្នា ២ ​ឆ្នាំ​រស់​ដោយសារ​ការ​រឹតបន្ដឹង​ធ្វើដំណើរ​ពី​វិបត្ដិ​កូ​វីដ​។ យោងតាម​នាយ​នាវា ភី​ឆេ​ត សុង​តាន់ នៃ​ទីបញ្ជាការ​កង​ប្រតិ​ប​ត្ដិ​ម៉ា​រី​ន​ថៃ​។

​លោក ភី​ឆេ​ត បានឱ្យដឹងថា បុរស​វៀតណាម​អត់​ន​ផែនទី ត្រីវិស័យ GPS ឬ​សម្លៀកបំពាក់​សម្រាប់​ផ្លាស់ និង​ទឹក​មិន​គ្រប់គ្រាន់​ថែមទៀត​។

​ដំបូង​ឡើយ លោក​ជិះ​យន្ដហោះ​មក​ទីក្រុង​បាងកក តែ​ក្រោយមក​ទើប​ដឹងថា អត់​មាន​ទិដ្ឋាការ​ចូល​ឥណ្ឌា លោក​ក៏​ជិះ​រថយន្ដក្រុង​ទៅកាន់​ភូ​កេ​ត ជាទី​ដែល​លោក​បន្ត​អុំទូក​ពោង​ចេញដំណើរ​ផ្សងព្រេង​រកប្រពន្ធ​។

​ក្រោយពេល​ចាកចេញ​នៅ​ថ្ងៃទី ៥ ខែមីនា លោក ហូ ត្រូវបាន​ខ្យល់​បោកបក់​តែលតោល​ ២ ​សប្ដាហ៍​ដោយ​គ្មាន​គោលដៅ មុនពេល​ត្រូវគេ​រកឃើញ​។

​ក្រុមមន្ដ្រី​បាន​ទាក់ទង​ទៅ​ស្ថានទូត​វៀតណាម ហើយ​លោក ហូ នឹង​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅកាន់​ភូ​កេ​ត​ដើម្បី​សាកសួរ​បន្ថែម​៕ AFP/HR