​ក្រុង​រ៉ៃ​ក្យា​វិក: ក្រុមហ៊ុន​ប្រមាញ់​បា​ឡែ​ន​នៅ​សេសសល់​ចុងក្រោយ​របស់​អៀរ​ឡង់ បានឱ្យដឹងថា ខ្លួន​គ្រោង​នេសាទ​បា​ឡែ​ន​ក្នុង​រដូវក្ដៅ​នេះ​ជា​លើកដំបូង​តាំងពី​ឆ្នាំ ​២០១៨ ខណៈ​រដ្ឋាភិបាល​គិតពី​លទ្ធផល​បញ្ចប់​ការ​ប្រមាញ់​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​នៅក្នុង​ទឹក​នេះ​។

​មានតែ​អៀរ​ឡង់ ន័​រ​វែ​ស និង​ជប៉ុន​ដែល​នៅ​បន្ដ​អាជីព​ប្រមាញ់​បា​ឡែ​ន​ក្នុង​ពិភពលោក នៅ​ចំពោះ​មុខការ​​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ពី​ក្រុម​អ្នក​បរិស្ថាន និង​ក្រុម​អ្នកការពារ​សិទ្ធិ​សត្វ​។

​គ្រី​ស​ចាន់ ឡូ​ហ្វ​សុន ប្រធាន​ក្រុមហ៊ុន​នេសាទ​បា​ឡែ​ន Hvalur បាន​ប្រាប់ AFP ថា​៖ «​យើង​គ្រោង​ចេញទៅ​សមុទ្រ​ក្នុង​រដូវក្ដៅ​នេះ​។ បា​ឡែ​ន​កំពុង​រង់ចាំ​យើង​»​។

​ការនេសាទ ៣​ រដូវ​ចុងក្រោយ ដែល​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ខែមិថុនា​ ដល់​ចុងខែ​កញ្ញា​ ក្នុងប្រទេស​អៀរ​ឡង់ ស្ន​ប្រមាញ់​សត្វ​ធំៗ​របស់​ក្រុមហ៊ុន Hvalur ត្រូវបាន​ទុកចោល ទោះបីជា​កូតា​ប្រចាំឆ្នាំ ក្រុមហ៊ុន​អាច​នេសាទ​បា​ឡែ​ន​យក​ព្រុយ​បាន ២០៩ ​ក្បាល និង​បា​ឡែ​ន Minke ២១៧ ​ក្បាល នៅ​ចន្លោះ​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២៣​។

​ជប៉ុន​ គឺជា​ទីផ្សារ​ធំ​របស់​អៀរ​ឡង់​សម្រាប់​ផ្គត់ផ្គង់​បា​ឡែ​ន ជាពិសេសបា​ឡែ​ន​យក​ព្រុយ​។ ក្រោយពី​ផ្អាក ៣ ​ទសវត្សរ៍ ជប៉ុន​បាន​វិល​ទៅកាន់​ការធ្វើ​នេសាទ​បា​ឡែ​ន​ពាណិជ្ជកម្ម​ឡើងវិញ​ក្នុង​ឆ្នាំ​ ២០១៩​។

​ក្នុង​ឆ្នាំ ​២០១៨ Hvalur បាន​ប្រមាញ់​បា​ឡែ​ន​យក​ព្រុយ ១៤៦ ​ក្បាល​។ បា​ឡែ​ន Minke តែ​ ១​ ក្បាល​ប៉ុណ្ណោះ ​ត្រូវបាន​សម្លាប់​នៅ​ប្រទេស​អៀរ​ឡង់ ​តាំងពី​ពេលនោះ​មក​។

​កាលពីដើម​ខែកុម្ភៈ រដ្ឋ​មន្ដ្រីជលផល Svandis Svavarsdottir បាន​ថ្លែងថា លោកស្រី​កំពុង​ពិចារណា​បញ្ឈប់​ការធ្វើ​នេសាទ​បា​ឡែ​ន​ចាប់ពី​ឆ្នាំ​ ២០២៤ ដោយបាន​លើកឡើង​ពី​តម្រូវ​ការថយចុះ បញ្ហា​បរិស្ថាន និង​ចំណូល​សេដ្ឋកិច្ច​ទាប​៕ AFP/HR