​ក្រុងក​ដ្ឋ​ម​ណ្ឌូ: ក្បាល​កោរ​ត្រងោល និង​ពោះ​ទទេ វិចិត្រករ យូ​រ៉ា​យ បាក​រ៉ាឆា​យ៉ា ជ្រលក់​ជក់​គូរ​ភ្នែក​ទេវតា តារា ដោយមាន​សំឡេង​ព្រះធម៌​ព្រះពុទ្ធ​​សាសនា​ឮ​រហៀងៗ​។

​វិចិត្រករ​វ័យ ៤០ ​ឆ្នាំ​រូបនេះ កំពុងតែ​បង្ហើយ​ស្នាដៃ​គំនូរ​សាសនា​បែប​ប្រពៃណី ដែល​ល្បីល្បាញ​ខាង​រចនា​លម្អិត ពណ៌​ចម្រុះ និង​ក្បួនតម្រា​ដ៏​បរិសុទ្ធ​សម្រាប់​អ្នក​ប្រណិប័តន៍​។

​លោក បាក​រ៉ា​ឆា​យ៉ា បាន​ចំណាយពេល ៣​ ខែ​ ដើម្បី​បញ្ចប់​គំនូរ ទេវតា​នៃ​សេចក្ដី​មេ​ត្ដា តារា​បៃតង ដែល​ត្រូវបាន​គោរពបូជា​ពី​សំណាក់​ពុទ្ធសាសនិក និង​ព្រហ្មញ្ញ​សានិ​កនៅ​នេ​ប៉ាល់​។

​មុនពេល​ចាប់ផ្ដើម​កិច្ចការ លោក​បាន​កោរសក់ និង​កាត់​ក្រចក ខណៈ​លោក​អាចារ្យ​ពុទ្ធសាសនា​ប្រោះព្រំ​ដល់​គំនូរ​របស់លោក និង​ជ្រើសរើស​វេលា​ដ៏​ស័ក្ដិសម​ដើម្បីឱ្យ​វិចិត្រករ​រូបនេះ​ផ្ដើម​រំលេច​គំនូរ​។

​លោក បាក​រ៉ា​ឆា​យ៉ា ក្រោកពីដំណេក​នាពេល​ព្រឹក​ព្រលឹម​រៀងរាល់ថ្ងៃ និង​មិន​ទទួលទាន​អ្វី​ទាំងអស់​រហូតដល់​បង្ហើ​យ​ការងារ​ប្រចាំថ្ងៃ ដោយ​លោក​ប្រណិប័តន៍​អាហារ​បួស និង​តម​សូម្បីតែ​ខ្ទឹមស ប៉េងប៉ោះ និង​ខ្ទឹមបារាំង​។

​លោក​បាន​ប្រាប់ AFP ថា​៖ «​រាង​​កាយ​ហាក់ដូចជា​ស្រាល ហើយ​ខ្ញុំ​មានការ​ផ្ចង់អារម្មណ៍​ខ្ពស់ និង​មាន​ស្មារតី​ផ្ចង់​គូរគំនូរ​ពេញលេញ​»​។

លោក​ បាករ៉ាឆាយ៉ា កោរសក់ តមអាហារ ដើម្បីផ្ចង់គូរគំនូរសាសនា។ រូបថត AFP

​ការ​សម្រប​ខ្លួន​ទៅនឹង​ក្បួនខ្នាត​ដ៏​តឹងរ៉ឹង​របស់លោក បាក​រ៉ា​ឆា​យ៉ា ចាប់ផ្ដើម​ប្រណិប័តន៍​កាលពី​ឆ្នាំមុន នៅពេល​លោក​ទៅដល់​សារមន្ទីរ ​១ ​ក្នុង​ទី​ក្រុងក​ដ្ឋ​ម​ណ្ឌូ និង​កើតក្ដី​បំណង​គូររូប​ទេវតា​ព្រះពុទ្ធសាសនា​ ១​ អង្គ ខណៈ​ប្រពៃណី​ទំនៀម​ទំលាប់​គូរគំនូរ​ដ៏​បុរាណ​នេះ​ត្រូវបាន​បំភ្លេចចោល​។

​លោក រ៉ា​ចាន់ សា​គី​យ៉ា ស្ថាបនិក​សារមន្ទីរ​សិល្បៈ​នេ​ប៉ាល់ បាន​និយាយថា លោក​ពិតជា​ឯកភាព​នឹង​គំនិត​ចង់​អនុវត្ដ​ទំនៀមទម្លាប់​ចាស់​ឡើងវិញ​។

​លោក​ឱ្យដឹងថា​៖ «​ការ​ប្រណិប័តន៍​សិល្បៈ​គំនូរ​សាសនា​គឺ​វិសេស និង​មានតម្លៃ​ខុសពី​ស្នាដៃ​វិចិត្រ​ទូទៅ​»​។

​គំនូរ​សាសនា​ដែល​ត្រូវបាន​អភិរក្ស​ដ៏​ចំណាស់​បំផុត​មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី១៣ ប៉ុន្ដែ​ក្រុម​បញ្ញវន្ត​ជឿថា ប្រពៃណី​នេះ​មាន​អាយុកាល​ចាស់​ជាង​នេះ ដោយ​គំនូរ​សម័យ​មុននេះ បាន​បាត់បង់​ដោយសារតែ​ការ​-​ប្រើប្រាស់​សម្ភារ​ងាយ​ផុយស្រួយ​។

​ក្រោយពី​ធ្វើ​ពិធី​យាង​ទេវតា​តារា​បៃតង​ចូល​សណ្ឋិត​ក្នុង​គំនូរ​សាសនា​នេះ វិចិត្រករ បាក​រ៉ា​ឆា​យ៉ា បាន​បន្ដថា​៖ «​វា​មិនមែន​សំដៅលើ​តែ​សិល្បៈ​នោះទេ ជំនឿ​លើ​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​ស្ថិតនៅលើ​គំនូរ​នេះ​ផងដែរ​»៕ AFP/HR