​ភ្នំពេញៈ​ ​នាពេល​ថ្មីៗ​នេះ ស្រាប់តែ​លេច​វត្តមាន​តារា​​ចម្រៀង​ស្រី​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃីម បាន​បង្ហើរ​សំនៀង​បទ​ចម្រៀង​ដំបូង​នៅ​ផលិតកម្ម​ថ្មី ដើម្បី​ត្រៀម​ចេញ​បំពេ​អារម្មណ៍​ដល់​ប្រិយមិត្ត និង​ជា​កិច្ច​ស្វាគមន៍ មុន​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខែក្រោយ​។

​បទ​ចម្រៀង​តារាចម្រៀង​ស្រី​រៀមច្បង​ត្រកូល​ខាត់ អ្នកនាង ខាត់ សុ​ឃីម ចេញ​ដំបូង​នោះ មាន​ចំណងជើង​ថា «​អូន​លែង​​ប្តី​ហើយ​» នៅ​ផលិតកម្ម​​ដាវី​ត្រា គឺជា​ផលិតកម្ម​ថ្មី​សន្លាង ទើប​បង្កើតឡើង ក្នុង​គ្រា​មាន​វិបត្តិ​កូ​វីដ ១៩​។

​នាពេល​កន្លងមក​ធ្លាប់មាន​​ដំណឹង​​ថា ​មាន​ផលិត​​កម្ម​ថ្មី​ឈ្មោះ​ដាវី​ត្រា មេ​ឌៀ (Davitra Media) មាន​គម្រោង​ចែចូវ​ចង់បាន​អ្នកនាង ខាត់ សុ​ឃីម ទៅ​ច្រៀង​ជាមួយនឹង​ក្រុម​តារាចម្រៀង​ចាស់ៗ ដែល​ប្រឡូក​សិល្បៈ​ស្របាលៗ​គ្នា ដូចជា​លោក ណូយ វ៉ាន់​​ណេ​ត លោក ឈឿន ឧ​ត្ត​ម អ្នកនាង ម៉េង កែវ​​ពេ​ជ្ជ​តា និង​អ្នកនាង ហ៊ឹម ស៊ី​វន ជាដើម​នោះ​។ តែ អ្នកនាង ខាត់ សុ​ឃីម បដិសេធ​រឿង​ផ្លាស់​ចេញទៅ​ទ្រនំ​ថ្មី​សន្លាង​មួយ ដែល​ចែចូវ​ចង់បាន​ទៅ​ច្រៀង ដោយបាន​អះ​​អាង​ថា សុខចិត្ត​នៅ​រួម​សុខ​រួមទុក្ខ​ជាមួយនឹង​ទ្រនំ​ចាស់​ហង្ស​មាស ក្នុងនាម​ជា​តារាចម្រៀង​ស្រី​ឯករាជ្យ​មិនមាន​ជាប់​កុងត្រា​។​

អ្នកនាង ខាត់ សុ​ឃីម ក៏​ធ្លាប់​បញ្ជាក់ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ការពិត​ណាស់ នាពេល​កន្លងមក​នោះ ពិតជា​មាន​​ផលិតកម្ម​ថ្មី​បាន​ទាក់ទង​រឿង​ឱ្យទៅ​ច្រៀង​មែន តែ​ខ្ញុំ​បាន​បដិសេធ​។ នាង​ខ្ញុំ​មិន​ព្រម​ចេញទៅ ដោយសារ​ចិត្ត​ខ្លួន​មិន​ចង់​ចេញពី​ផលិតកម្ម​ចាស់ ដែល​ខ្លួន​ធ្លាប់​នៅ​រួមសុខ​រួមទុក្ខ បើទោះបីជា នាពេល​បច្ចុប្បន្ន ខ្ញុំ​បាន​ផុត​កុងត្រា​ទៅហើយ​ក្តី តែ​ខាង​ផលិតកម្ម គេ​ក៏មាន​ជម្រើស​ល្អ សម្រាប់​នាង​ខ្ញុំ​ផងដែរ ដោយបាន​ទុក​ជម្រើស តាម​ពេល​របស់​នាង​ខ្ញុំ ​ខណៈ​ពេលណា​ខាងផលិតកម្ម​ហង្ស​មាស មាន​បទ​ចម្រៀង​ឱ្យ​​ច្រៀង​នោះ ខ្ញុំ​នឹង​ច្រៀង តែ​ប្រសិនបើ​មិនមាន ទេ ក៏​មិនជា​អ្វី​ដែរ សម្រាប់​នាង​ខ្ញុំ​»៕