​ភ្នំពេញ: ជំងឺ​រាតត្បាត​បានធ្វើឱ្យ​ភោជនីយដ្ឋាន​មួយចំនួន​ត្រូវ​បិទទ្វារ ខណៈ​ហាង​ជាច្រើន​ប្រឹង​បន្ត​ដង្ហើម​ប្រតិបត្តិការ​របស់ខ្លួន​។​

​យ៉ាងណាមិញ ភោជនីយដ្ឋាន​ម្ហូប​​ប្រណីត Topaz ដ៏​មាន​អាយុកាល​ចាស់វស្សា​នៅ​ទីក្រុង​ភ្នំពេញ បាន​ជាប់​ក្នុង​បញ្ជី​ភោជនីយដ្ឋាន​កំពូល​ទាំង​ ១០០ នៅ​អាស៊ី ពី​កម្មវិធី «​ភោជនីយ​​ដ្ឋា​ន​ល្អ​បំផុត​ទាំង​ ៥០ នៅ​អាស៊ី​» ដែល​បានប្រកាស​អ្នកឈ្នះ​រង្វាន់​ពី​លេខ​រៀង ​៥១-១០០ កាលពី​ថ្ងៃទី ២៣ ​មីនា ឆ្នាំ ​២០២២​។

«​ភោជនីយដ្ឋាន​ល្អ​បំផុត​ទាំង ​៥០ របស់​អាស៊ី​» ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ​២០១៣ ដើម្បី​អបអរ​អាហារ​ទូទាំង​តំបន់ ក៏ដូចជា​ផ្ដល់នូវ​ការយល់ដឹង និង​ណែនាំ​ពី​សិល្បៈ​នៃ​ការធ្វើ​ម្ហូប​។ ភោជនីយដ្ឋាន​ត្រូវបាន​ជ្រើសរើស ដោយ​ក្រុម​អ្នកជំនាញ​ម្ហូប​ជាង ៣០០ នាក់ តាមរយៈ​ការបោះឆ្នោត​។​

​អ្នកនាង ហាក់ លី​ណា ជា​អ្នក​គ្រប់​​គ្រង​នៅ Topaz ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​យើង​ជាប់​ក្នុង​លេខ​រៀង​ ៩០ ក្នុងចំណោម​ហាង​ដែលមាន​កិត្តិយស​ជាច្រើន​ទាំង​ហាង The Chairman របស់​ហុងកុង Gaggan Annam របស់​ថៃ និង Odette សិង្ហ​បុរី និង Den ត្យូ​ក្យូ​។ វា​ជា​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ ដែល​មេ​ចុងភៅ​ខ្មែរ​ត្រូវបាន​ជ្រើសរើស​ជាប់នៃ​ការប្រកួត​​ប្រជែង​ដ៏​ល្បី​នេះ​»​។​

​លោក ពៅ សុ​ភ័​ក្រ ជា​មេ​ចុងភៅ​ជាង ២០​ ឆ្នាំ​នៅ Topaz ប្រាប់​ដែរ​ថា​៖ «​ជាក់ស្ដែង​អារម្មណ៍​ខ្ញុំ​រីករាយ​មែន​​ទែន ព្រោះថា​ នេះ​ជា​លើក​ទី​២ ​ហើយ ដែល​ខ្ញុំ​ទទួលបាន​ជើងឯក​ប្រចាំ​ប្រទេស​។ លើក​ទី​១ ខ្ញុំ​ជាប់បានលេខ​ ៤ នៅពេល​ទៅ​ប្រឡង​វគ្គ​​ផ្ដាច់ព្រ័ត្រ​នៅ​អូស្ត្រាលី តាម​កម្មវិធី MLA Black Box Culinary Challenge​។ ហើយ​ថ្មីៗ​នេះ ខ្ញុំ​ក៏ដូចជា​ហាង​របស់ខ្ញុំ បាន​ជាប់​នៅក្នុង​បញ្ជី​នេះ ដែលជា​ជោគជ័យ ១​ ទៀត​របស់ខ្ញុំ និង​ក្រុមការងារ​អាចធ្វើ​បាន​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​មែនទែន​»​។​

លោក ពៅ សុភ័ក្រ វិវឌ្ឍ​ខ្លួន​ពីអ្នកធ្វើការ​ក្នុងផ្ទះបាយធម្មតា រហូត​ក្លាយជាមេចុងភៅអាហារប្រណីត។ រូបថត សហការី

​អ្នកនាង លី​ណា បន្តថា ក្រុមការងារ​ភោជនីយដ្ឋាន​ពិតជា​កិត្តិយស​ខ្លាំងណាស់ ដោយ​ចាត់ទុក​ពានរង្វាន់​នេះ ជា​មូលដ្ឋានគ្រឹះ​ឱ្យ​ពួកគេ​បន្ត​អភិវឌ្ឍ​ខ្លួន​ឆ្ពោះទៅ​ភាព​កាន់តែ​ល្អប្រសើរ និង​ជា​សក្ខីភាព​នៃ​វិស័យ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​នៅ​កម្ពុជា​។​

អ្នកនាង​ថា វា​គួរឱ្យ​រំភើបចិត្ត​ណាស់​ដែល​ចុងភៅ និង​ភោជនីយដ្ឋាន ជំនាន់​ក្រោយ​អាច​ឃើញ​ពីអ្វី​ដែល​ពួកគេ​សម្រេចបាន ចេញពី​ការប្ដេជ្ញា​​ចិត្ត ចក្ខុវិស័យ​ត្រឹមត្រូវ និង​ជាមួយ​មនុស្ស​ត្រឹមត្រូវ​។

​អំឡុងពេល​កូ​វីដ អ្នកនាង​ថា វា​ជា​ពេលដែល​វិស័យ​បដិសណ្ឋារកិច្ច​ត្រូវបាន​ធ្លាក់ចុះ និង​ជា​វេលា​ដ៏​លំបាក​ក្នុងការ​ឈរ​នៅលើ​ភាព​វិជ្ជមាន ខណៈពេល​ដែលមាន​ភ្ញៀវ​តិចតួច​។

​អ្នកនាង​ថា​៖ «​ប៉ុន្តែ​អ្វីមួយ​ដែល​យើង​មិន​ចុះចូល​នោះ​ការ​នៅតែ​ពង្រឹង​លើ​ស្តង់ដា និង​គុណភាព​ការទទួល​ភ្ញៀវ​មក​ចូល​ញ៉ាំ​ក្នុង​ហាង​»​។​

​អ្នកនាង​ថា កត្តា​រួមចំណែក​ក្នុងការ​​ដែល Topaz ត្រូវបាន​ជាប់​ក្នុង​បញ្ជី​នោះ​ គឺជា​ស្មារតី កម្លាំងកាយ​ចិត្ត​ពី​គ្រប់​បុគ្គលិក ​ដើម្បី​សម្រេច​គោលដៅ​តែ​ ១​។ ពួកគេ​តែងតែ​ព្យាយាម​អភិវឌ្ឍ​គ្រប់​ជ្រុង​ក្នុង​បទពិសោធ​បម្រើ​អាហារ​ប្រណីត ដែល​អ្នកនាង​បញ្ជាក់ថា គ្មានអ្វី​ល្អឥតខ្ចោះ​ទេ ប៉ុន្តែ​នៅតែ​អាច​អភិវឌ្ឍ​បន្ថែមទៀត​បាន​។​

​អ្នកគ្រប់គ្រង​វ័យ ៣៧ ​ឆ្នាំ​រូបនេះ​ថា​៖ «Topaz ជឿថា​ អ្វីៗ​អាច​កែលម្អ​បានជា​និច្ច​។ គ្រប់គ្នាដែល​ធ្វើការ​នៅទីនេះ​មានចិត្ត​គំនិត​ដូចគ្នា ​គឺ​ធ្វើឱ្យ​ភោជនីយ​​ដ្ឋា​ន​ល្អ​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​

​ជាង ២ ​ទសវត្សរ៍​មកហើយ​ចាប់​តាំង​ពី​បើកទ្វារ​ឆ្នាំ ​១៩៩៧ ជា​ភោជនីយ​​ដ្ឋា​ន​បាន​បម្រើ​អាហារ​ឆ្ងាញ់​បែប​ប្រណីត​របស់​បារាំង និង​យក​គ្រឿងផ្សំ​សំខាន់​ពី​បារាំង និង​កម្ពុជា​។ យ៉ាង​​ណា​មិញ ចុងភៅ សុ​ភ័​ក្រ ថា​ក្នុងនោះ​លោក​ក៏​អាចធ្វើ​ម្ហូប​តម្រូវ​តាម​អតិថិជន​ដែរ​ជាមួយ​រសជាតិ​ជា​ក្លាយ​អាស៊ី​ខ្លះ​។​

​ដោយសារតែ​ជា​ភោជនីយដ្ឋាន​បារាំង Topaz ក៏​ជាទី​កសាង​ជំនាញ​សម្រាប់​ចុងភៅ​ខ្មែរ​ជំនាន់​ក្រោយ ទាំង​អ្នក​គ្រប់គ្រង និង​សមាជិក​ផ្សេងៗ ដូចជា​មេ​ចុងភៅ សុ​ភ័​ក្រ ផ្ទាល់​ផងដែរ​។​

បុគ្គលិក និង​ចុងភៅ​​រួមចំណែក​ក្នុងការ​​នាំ​ភោជនីយដ្ឋានទទួលបានការ​វាយតម្លៃខ្ពស់​។ រូបថត សហការី

​លោក​ សុ​ភ័​ក្រ ​បាន​រំឭកថា​៖ «​ខ្ញុំ​ផ្ដើម​ពី​ជា​អ្នកធ្វើការ​ក្នុងផ្ទះ​បាយ​ធម្មតាក្នុង​ឆ្នាំ ២០០២ ប៉ុន្តែ​បាន​អភិវឌ្ឍ​ខ្លួន​រហូតដល់​បានផ្តល់​តំណែង​ជា​មេ​ចុងភៅ ឆ្នាំ​ ២០១០ ហើយ​វា​មិនមែន​ជាការ​​ងាយស្រួល​នោះទេ ព្រោះ​មេ​ចុងភៅ​ Alain Darc ជា​មេ​ចុងភៅ​បារាំង​ដ៏​តឹងរ៉ឹង​បំផុត​ទៅលើ​គុណភាព​»​។​

​លោក​ទទួល​ការបណ្ដុះបណ្ដាល​នៅ អង្គការ​មិត្តសម្លាញ់ មុននឹង​មក​រៀន​ពី​មេ​ចុងភៅ​បារាំង​នៅ Topaz ហើយក៏​ត្រូវបាន​បញ្ជូន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង រយៈពេល ៦​ ខែ​ជាមួយ​ហាង​លំដាប់​ផ្កាយ Le Carre des Feuillants និង Le Relais de la Poste ជាទី​ដែល​លោក​បាន​ក្រេប​​ជញ្ជក់​ចំណេះដឹង​ជាច្រើន​មុន​ត្រឡប់មក​ធ្វើ​មេ​ចុងភៅ​នៅ​មាតុភូមិ​វិញ​។​

​ប្រាប់​ពី​គោលបំណង​នាំ Topaz ទៅទី​ខ្ពស់​រុងរឿង លោក សុភ័ក្ត្រ ថា ក្នុងនាម​ជា​ចុងភៅ​ម្នាក់ លោក​ចង់​ធ្វើការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ល្អ​ជាង​ហ្នឹង​ថែមទៀត ជាមួយ​បំណង​បើក​ជា​ហាង​ទទួលទាន​បែប​ប្រណីត និង​ហាង​លំដាប់​ផ្កាយ​។ ជាក់ស្ដែង លោក​ក៏​កំពុង​បណ្ដុះ​​បណ្ដាល​សិស្ស​ប្អូនៗ នៅ Topaz លើ​ចំណេះ​ជំនាញ​នេះ​ផងដែរ​។​

​លោក សុ​ភ័​ក្រ បាន​ផ្ដាំផ្ញើ​ទៅកាន់​អ្នក​ចង់​អភិវឌ្ឍ​ខ្លួន​ជា​ចុងភៅ និង​ចុងភៅ​នៅ​កម្ពុជា​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់​សំណូមពរ​ឱ្យ​ប្អូនៗ ជា​ទំពាំង​ស្នង​​ឫស្សី ដែល​ចង់​ធ្វើជា​ចុងភៅ​ក្នុង​ថ្ងៃ​អនាគត ប្រឹងប្រែង​តស៊ូ​យល់​ឱ្យ​ច្បាស់​អំពី ម្ហូប​ដែល​យើង​ធ្វើ ហើយ​ត្រូវ​ដឹង​ពីមុខ​ម្ហូប​ណា​ដែល​គេ​ចាត់ទុកជា​មុខ​​ម្ហូប​សម្រាប់​ការទទួល​ទាន​បែប​ប្រណីត​។ ពេលទំនេរ​គួរ​ស្វែងរក​អ្វីដែល​ថ្មី​។ ចំពោះ មេ​ចុងភៅ​ត្រូវខិតខំ​ដឹកនាំ​កូនក្រុម​រៀងៗ​ខ្លួន ជាពិសេស​គួរ​មាន​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​បុគ្គលិក​ក្រោម​ឱវាទ​»​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ភោ​ជ​​នី​យ​ដ្ឋា​ន Topaz សូម​ចូលទៅ​កាន់​គេហទំព័រ topaz-restaurant.com៕