​ក្រុងប៉ារីស: នៅលើ​វាលស្រែ​ភាគ​ខាងលិច​ប្រទេស​បារាំង បុប្ផា​ពណ៌​ស្វាយ និង​ស​តូចៗ​ដែល​ចុះ​អម​ដើម​​ស្រូវ​សាឡី គឺជា​តម្រុយ​ដែល​បង្ហាញថា នេះ​មិនមែនជា​ដីស្រែ​សម្រាប់​ដាំ​ដំណាំ​តែ​ ១​ មុខ​តាម​ប្រពៃណី​នោះទេ​។

​ជាក់ស្ដែង តំបន់​ទាំងមូល​ គឺជា​ផ្នែក​ ១​ នៃ​ការងារ​វិទ្យាសាស្ដ្រ ​ដើម្បី​ជួយ​ដល់​កសិករ​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​ស្មៅ និង​ជីគីមី​។

​កសិករ ដេវីដ បោ​ន​នៀរ បាន​និយាយ ពេល​លោក​ឱន​ច្រូត​ផ្កា​ព្រៃ​វេ​រ៉ូ​នី​កា និង ហ៊ិ​កវី​ដ ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា ផលិតផល​ទាំងនេះ​ពិតជា​គ្រោះថ្នាក់ ហើយ​សាធារណជន​ស្នើសុំ​កាត់បន្ថយ​»​។

​ទីតាំង​ពិសោធន៍​ ១ ​របស់លោក​ គឺ​អនុវត្ដ​ទៅតាម​ស្ដង់ដា ដោយ​ប្រើ​ថ្នាំ​គីមី​សម្លាប់​ស្មៅ ទី​២ លោក​កម្ចាត់​ស្មៅ​ដោយ​ប្រើ​រនាស់​យន្ត​សម្អាត​តែ​រុក្ខជាតិ​ព្រៃ ខណៈ​វិធីសាស្ដ្រ​ទី​៣ នឹងមិន​ប្រើ​អ្វី​ទាំងអស់​។

​លោក​ធ្វើ​កិច្ចការ​គម្រោង​ទាក់ទង​នឹង​ដីស្រែ ៤០០ ​កន្លែង និង​ប្រមាណ ៤០ ​ភូមិ ក្នុង​តំបន់ Deux-Sevres ភាគ​ខាងលិច​ប្រទេស​បារាំង ជាទី​ដែល​អ្នកវិទ្យាសាស្ដ្រ​ធ្វើការ​ពិសោធ​ជាមួយ​តិច​និក​ប្លែកៗ ​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។

​លោក រ៉ូបឺត ហ្វី​ង​ហ្គ័​រ ប្រធាន​ស្រាវ​ជ្រាវ​ប្រព័ន្ធ​កសិកម្មនៅ​សាកល​​វិទ្យាល័យ ETH University of Zurich បាន​និយាយ​ដោយ​សំដៅលើ​តំបន់​អឺរ៉ុប និង​ផ្នែក​ខ្លះ​នៃ​ទ្វីបអាស៊ី​ថា​៖ «​នៅ​តំបន់​ជាច្រើន​ក្នុង​ពិភព​​លោក យើង​ស្ថិតនៅ​ចំណុច ដែល​ការ​​ប្រើប្រាស់​ជី​មិនបាន​ផ្ដល់​ប្រសិទ្ធភាព​អ្វី​ជា​ដុំកំភួន​ទេ បើ​គិតពី​បរិមាណ​ទិន្នផល​បន្ថែម​នោះ​»​។

ផ្កា​ពណ៌​ស្វាយ និង​សតូចៗដុះ​នៅ​ដីដំណាំ​នៃ​គម្រោង​ពិសោធន៍។ រូបថត ​AFP

​ស្រប​ពេលនេះ អ្នកស្រាវជ្រាវ Pepijn Schreinemachers នៅ​មជ្ឈមណ្ឌល​ដំណាំ​ពិភពលោកបាន​និយាយថា ប្រជាកសិករ​ក្នុង​បណ្ដា​ប្រទេស​នានា ដូចជា វៀតណាម ឡាវ និង​កម្ពុជា កំពុងតែ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ខុស ដែល​អាច​ជះ​​ឥទ្ធិពល​ដ៏​គ្រោះថ្នាក់​ទៅវិញ​ទេ​។

​លោក​បាន​និយាយថា​៖ «​ប្រជា​​កសិករ​គ្រប់រូប​អាច​ចែករំលែក​ព័ត៌មាន​លម្អិត​អំពី​ឧ​ប្ប​ត្ដិ​ហេតុ​ពុល​ដោយសារ​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​ពួកគេ​បាន​ជួប​បទពិសោធ ចាប់ពី​បញ្ហា​រោល​រមាស់​ស្បែក​រហូតដល់​ក្អួតចង្អោរ និង​សន្លប់​។ ប៉ុន្ដែ ប្រជាកសិករ​ភាគច្រើន​មានជំនឿថា ថ្នាំ​សម្លាប់​សត្វល្អិត​ពិតជា​ចាំបាច់​សម្រាប់​ផលិតផល​​កសិកម្ម​របស់​ពួកគេ​»​។

​ប៉ុន្ដែ​ការផ្លាស់ប្ដូរ​ជំនឿ​លើ​ថ្នាំ​កម្ចាត់​ស្មៅ និង​សត្វល្អិត ទាមទារ​រយៈពេល​យូរ ដោយ​សូម្បីតែ​កសិករ​ក្នុងការ​​ស្រាវជ្រាវ​ក៏​ពិបាក​នឹង​កែប្រែ​ទម្លាប់​។​

​លោក វីន​សេន ប្រេ​តា​ញ៉ូ​តេ ជា​នាយក​ផ្នែក​ស្រាវជ្រាវ​នៅ​ទីភ្នាក់ងារ​ស្រាវជ្រាវ​បារាំង CNRS បាន​និយាយថា​៖ «​សូម្បីតែ​ប្រជាកសិករ ដែល​ចូលរួម​ក្នុងការ​ពិសោធ​នេះ និង​បាន​មើលឃើញ​លទ្ធផល​ផ្ទាល់​ភ្នែក មិន​​ទាន់​បាន​កែ​ទម្លាប់​ចាស់​គួរឱ្យ​កត់​​សម្គាល់​នៅឡើយ​»៕ AFP/HR