
លោក ដាវ បើករថក្រោះឈើ ដឹកកូនប្រុសដើរលេង។ រូបថត AFP
ក្រុងហាណូយ: គ្មាននរណានឹកស្រមៃថា ឪពុក និងកូនប្រុសទាំង ២ នាក់នេះ អាចឡើងជិះរថក្រោះនៅកណ្ដាលថ្នល់ទាំងកណ្ដាលថ្ងៃ នៅកន្លែងគ្មានសង្គ្រាម លុះត្រាតែអ្នកជាបុរសរូបនេះ។
លោក ទ្រួង វាន់ដាវ អង្គុយក្នុងរថក្រោះឈើមានកាណុងប្រវែង ២,៨ ម៉ែត្រ ដែលច្នៃចេញពីម៉ូដែលរថយន្ដក្រុងធុនតូចចាស់ក្នុងតំបន់លំនៅឋាននៃខេត្ដបាក់និញ កាលពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២។
ជារៀងរាល់ចុងសប្ដាហ៍ ឪពុកជនជាតិវៀតណាមអាយុ ៣១ ឆ្នាំរូបនេះ បានចំណាយពេលជាច្រើនរយម៉ោង ដោយវិនិយោគទឹកប្រាក់ប្រមាណ ១១ ០០០ ដុល្លារ តាមចំណូលចិត្ដដ៏ចម្លែកក្នុងប្រទេសដែលធ្លាប់ញាំញីដោយសង្គ្រាម។
យានចម្បាំងយកលំនាំតាមវីដេអូហ្គេមនេះ អាចបរបានល្បឿន ២៥ គីឡូម៉ែត្រក្នុង ១ ម៉ោង និងស្រោបដោយគ្រោងឈើរលោង ច្នៃចេញពីជំនាញសិល្បៈ និងសិប្បកម្មរបស់លោក ដាវ។
អ្នកសិល្បៈរូបនេះ មានអ្នកចុះឈ្មោះលើឆានែលយូធូបជាងកន្លះលាននាក់ និងមានឈ្មោះឡើងទំព័រព័ត៌មាននានាជាមួយស្នាដៃរថយន្តឈើរួមមានម៉ូដែល LamborghiniSian, Ferrari 250 GTO និង BMW 328 Hommage កូនក្មេង ដែលបំពាក់ដោយម៉ាស៊ីនមានដំណើរការពេញលេញ។
លោក ដាវ បាននិយាយថា៖ «ប្រសិនបើរថក្រោះនៅលើផែនដីល្អដូចអ្វីខ្ញុំច្នៃធ្វើនេះពិភពលោកនឹងរីករាយ គ្មានគ្រោះភ័យទេ»៕ AFP/HR