​ក្រុង​បាងកក: ពិធីបុណ្យ​សិល្បៈ​ភ្លើងពណ៌ «​ដាស់​ទីក្រុង​បាងកក​ពី​ដំណេក​» ឬ Awakening Bangkok កាន់តែ​ធំ​សម្រាប់​ព្រឹ​ត្ដិ​ការណ៍​ឆ្នាំនេះ ដោយមាន​កម្មវិធី​កម្សាន្ដ​ចំនួន ៥២ និង​ការជួបជុំ​ជាច្រើន​ទៀត​។

​គោលបំណង​នៃ​ការរៀបចំ​នេះ​គឺ​ការពង្រឹង​ថាមពល​ថ្មី​ដល់​តថភាព​ជីវិត​រាត្រី​ដ៏​រស់​រវើក​ក្នុង​ទីក្រុង​ចាស់​នៃ​រាជធានី​បាងកក ក្រោយ​វា​ធ្លាក់​ទៅក្នុង​វិបត្ដិ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ​អស់​រយៈពេល​ជាង​ ២​ ឆ្នាំ​មកហើយ​។

​ប្រធានបទ​ឆ្នាំនេះ​គឺ RE:VIVE តំណាងឱ្យ​កិច្ចការ​ស្រោចស្រង់​វិស័យ​ទេសចរណ៍​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ដែល​ខិតខំ​ស្ដារ​ឧស្សាហកម្ម​ទៅតាម​សក្ដានុពល​រៀងៗ​ខ្លួន​។

​ពិធីបុណ្យ​សិល្បៈ​ភ្លើងពណ៌ «​ដាស់​ទីក្រុង​បាងកក​ពី​ដំណេក​» ជា​កម្មវិធី​បុណ្យ​ពន្លឺភ្លើង​ពណ៌​ដ៏​ពេញនិយម ដែល​នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃទី ២៥ ខែមីនា ដល់​ថ្ងៃទី ​៣ ខែ មេសា ឆ្នាំ ​២០២២ ចាប់ពី​ម៉ោង ៥ ​ល្ងាច ដល់​ម៉ោង ១១ ​យប់​។

​ស្នាដៃ​សិល្បៈ​ភ្លើងពណ៌ និង​ការ​តុបតែង​ជាច្រើន​នា​ឆ្នាំនេះ ​នឹង​ត្រូវបាន​បង្កើន​រហូត​ដល់​ជាង ៥០ ​ឈុត​។ នៅពេល​ថ្ងៃ​ក៏មាន​ដំណើរ​ទស្សនាចរ​ណ៍​សម្រាប់​អ្នក​ចាប់អារម្មណ៍​នឹង​ទស្ស​​នី​យ​ភាព​នៅតាម​ភោជនីយដ្ឋាន និង​អគារ​និមិត្តរូប​ក្នុង​ក្រុង​ចំណាស់​។

​អគារ Marine Police Lodge ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ផ្នែក​ប្រ​វ​ត្ដិ​សាស្ដ្រ និង​ស្ថាបត្យកម្ម នៅលើ​វិថី​ចា​រឿន​ក្រុង ដែល​ធ្លាប់ជា​ទីតាំង​ប្រារឰ​ពិធីបុណ្យ​សិល្បៈ​ភ្លើងពណ៌​នេះ​ម្ដង​ដែរ​។ លើក​នេះ ស្នាដៃ​ភ្លើងពណ៌​រៀបចំឡើង​ដោយ BGC ឧ​ទ្ទិល​ដល់​ធម្មជាតិ និង​ចម្លាក់​កែវ​បែប​សិល្បៈ​។

គោម​បំភ្លឺ​សំណង់​អគារ​ចំណាស់ នៃសហគមន៍​ចិន​នៅថៃ ឯទីក្រុងបាងកក។ រូបថត AFP

​នៅ​ផ្សារ​ម្ហូប ដែល​បង្ហាញ​ស្នាដៃ​សិល្បៈ​អាច​ទទួលទាន​បាន និង​មាន​រសជាតិ​ឆ្ងាញ់ ត្រូវបាន​បំពាក់​ភ្លើង​ជាមួយ​ស្នាដៃ​សិល្បៈ​ដំឡើង​ដ៏​គួរឱ្យ​ទាក់ទាញ​បំផុត ពិសេស​សម្រាប់​អ្នក​​និយម​ថតរូប​។

​សំណង់​រចនាប័ទ្ម​ចិន​​ថៃ​ជាច្រើន​សតវត្សរ៍​នៅ​ប្លុក Talad Noi ធ្លាប់ជា​វិចិត្រសាល​បច្ចេកវិទ្យា​ទំនើប​។ ស្ដង់​បា​រ៍​ស្រា​ក្រឡុក​បណ្ដោះអាសន្ន ជាទី​ដែល​លោកអ្នក​អាច​សាល​ថាមពល​ក្រោយ​ភ្ញៀវ​ដើរ​នឿយហត់​យូរ​។

​សិល្បៈ​ដំឡើង​រចនាប័ទ្ម​ក្លិប​រាត្រី​ដែល​រំលេច​ភ្លេង​ញ័រញាក់ និង​ពន្លឺភ្លើង​ឡាស៊ែរ នឹង​បង្កើត​បរិយាកាស​កាន់តែ​រំភើប​ញាប់​ញ័រ​។

​នេះ​អាចជា​ឱកាស​តែ​ ១ ​គត់​ក្នុងការ​​ទស្សនា​ស្នាដៃ​សិល្បៈ​ដាក់​តាំងនៅ​ហាង​លក់ទំនិញ​ដែល​ត្រូវបាន​បោះបង់ចោល​ក្នុង​សហគមន៍​ឆាយ​ណា​ថោ​ន នៅ​វិថី Soi Nana៕ AFP/HR