ក្រុង​ញូវយ៉ក: សត្វ​ត្រសេះ​ ១​ ក្បាល​ចោះ​សម្បុក​រស់​នៅលើ​មែកឈើ​ខាងលើ ខណៈ​អ្នកស្រី ស៊ីន​ឌី អាម​ស្ដ្រ​ង ឈរ​សម្លឹងមើល​ទៅកាន់​ដី​ដ៏​ជីជាតិ​ ១​ កន្លែង ជាទី​តម្កល់​ធាតុ​កូនប្រុស​។

​អ្នកស្រី អាម​ស្ដ្រ​ង បាន​រំឭក​រឿង​អតីត​ថា កូនប្រុស​របស់​អ្នកស្រី​ឈ្មោះ អេ​នឌ្រូ បាន​ទទូច​ឱ្យ​អ្នកស្រី​ធ្វើ​កំ​ប៉ុ​ស​សព​មនុស្ស ឬ «terramation» នៅ​ភាគ​ខាងលិច​រដ្ឋ​វ៉ាស៊ីនតោន ជា​រដ្ឋ​ដំបូង​របស់​អាមេរិក ដែល​ផ្ដល់​សិទ្ធិ​ស្របច្បាប់​នៃ​ជម្រើស​ក្នុង​ការធ្វើ​ឈាបនកិច្ច​បៃតងនៅ​ឆ្នាំ ​២០១៩​។

​ក្រោម​បរិយាកាស​ដ៏​ស្រស់ត្រកាល​នៃ​រុក្ខជាតិ​បៃតង​ដុះ​លើដី​សើម អ្នកស្រីបាន​និយាយថា​៖ «​គាត់​ចង់​ប្រគល់​សម្បកខ្លួន​ជូន​ធម្មជាតិ​វិញ​»​។

​សព​កំ​ប៉ុ​ស​របស់លោក អេ​នឌ្រូ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​កាលពី​ឆ្នាំមុន នៅ​អាយុ ៣៦ ​ឆ្នាំ បាន​តម្កល់​រួមគ្នា​ជាមួយ​សព​ជាច្រើន​ទៀត​នៅលើ​ទីទួល​ខ្ពង់រាប​មួយ​ក្នុង​ទីក្រុង​ឃេ​ន ក្នុង​តំបន់​សៀថ​ល ជាទី​ឋាន​ស្ងប់​សុខ​ចុងក្រោយ​របស់​ពួកគេ​។

​ដី​នោះ​ជា​កម្មសិទ្ធិ​របស់ Return Home ជា​ក្រុមហ៊ុន​ដែល​បានធ្វើ​សព​​កំ​ប៉ុ​ស ៤០ ​នាក់ តាំងពី​បើក​ដំណើរការ​ក្នុង​ទីក្រុង​អូ​ប៊ើ​ន កាលពី ៧ ​ខែ​មុន​។

​បង្ហាញ​បន្ទប់​ប៉ុន​ឃ្លាំង​ ១ ​ដោយមាន​ទូដែក​ហៅថា «​នាវា​» ដែល​ផ្ទុក​សព​រយៈពេល ៦០ ​ថ្ងៃ ស្ថាបនិក​ក្រុមហ៊ុន​លោក Micah Truman បានឱ្យដឹង​​ថា​៖ «​មនុស្ស​ទាំងនេះ​កំពុងតែ​បង្រៀន​យើង​ពី​វិធី​ស្លាប់​ឱ្យ​កាន់តែ​ប្រសើរ​»​។

សាច់ញាតិ​អាច​យក​កំប៉ុស​សព​អ្នក​ស្លាប់​តិច​ ឬ​ច្រើន តាម​ចិត្ត​ចង់​​។ រូបថត AFP

​បរិមាណ​សម្ភារ​សរី​រាង​គុណ ​៣ ​ដង ​នៃ​ទម្ងន់​រាងកាយ​សព ត្រូវបាន​បន្ថែម​ទៅក្នុង​ទូដែក​ដែល​បង្កើតបានជា​កំ​ប៉ុ​ស​ទម្ងន់​ចូល​រយ​គីឡូក្រាម​។

​ការធ្វើ​កំ​ប៉ុ​សបាន​ពាក់កណ្ដាល​ផ្លូវ ឆ្អឹង​ត្រូវបាន​យកចេញ និង​កោស​ជា​បំណែក​តូចៗ មុនពេល​ដាក់ចូល​ទូដែក​វិញ​ដើម្បី​បង្ហើយ​នីតិវិធី​ធ្វើ​កំ​ប៉ុ​ស ដែល​ដូច​ទៅនឹង​កំ​ប៉ុ​ស​ចំបើង​ដែរ​។

​ក្រុមគ្រួសារ​អាច​យក​កំ​ប៉ុ​ស​នោះ​ក្នុង​បរិមាណ​តិច ឬក៏​ច្រើន​ទៅតាម​ចិ​ត្ដ​ចង់ ដោយ​សេសសល់​ប៉ុន្មាន​យកទៅ​តម្កល់​នៅ «​ដីព្រៃ​» ក្នុង​ទីក្រុង​ឃេ​ន​។

​យោងតាម​ប្រធាន​ក្រុមប្រឹក្សា​បញ្ចុះសព​បៃតង អេ​ដ​វើដ ប៊ី​ក​ប៊ី ការធ្វើ​កំ​ប៉ុ​ស​សព​មនុស្ស ​គឺជា​ផ្នែក​ ១ ​នៃ​ពិធី​បូជាសព​ស្ទួយ​បរិស្ថាន​ដែល​កំពុងតែ​ពេញនិយម​នៅ​ទូទាំង​ពិភពលោក​។​

​លោក ប៊ិក​ប៊ី ដែល​បាន​បើក​ទី​ស្មសាន​បញ្ចុះសព​តាម​ធម្មជាតិ​លើកដំបូង Destination Destiny កាលពី ៥ ​ឆ្នាំមុន ក្នុង​ទីក្រុង​ញូ​វ​ជេ​ស៊ី និង​បាន​ពង្រីក​ទៅកាន់​រដ្ឋ​ចំនួន ១០ របស់​អាមេរិក បាន​និយាយថា​៖ «​យើង​វិលត្រឡប់​ទៅ​បំពេញ​ផែនដី​វិញ​ជា​ធូលី​ដី​»៕ AFP/HR

អ្នកស្រី អាមស្ត្រង នៅ​កន្លែង​ដី​កំប៉ុស​សព​​កូនប្រុសរបស់ខ្លួន​។ រូបថត AFP