​ក្រុង​ញូវយ៉ក: អ្នកសិល្បៈ​ប៉ុប​អាមេរិក ជេ​ហ្វ គូ​នស៍ គ្រោង​បញ្ជូន​រូប​​ចម្លាក់​ជាច្រើន​ទៅកាន់​ឋាន​ព្រះ​ចន្ទ​ក្នុងឆ្នាំនេះ តាមរយៈ​យានអវកាស​ដែល​ត្រៀម​ចេញដំណើរ​ពី​មជ្ឈមណ្ឌល​អវកាស Kennedy Space Center រដ្ឋ​ហ្វ្ល​រី​ដា​។ នេះ​បើ​យោងតាម​វិចិត្រ​សាល​លោក​បានឱ្យដឹង​ពីថ្ងៃ​អង្គារ​។

​លោក គូ​នស៍ ជា​អ្នកសិល្បៈ​មានជីវិត​ដែល​ស៊ីថ្លៃ​បំផុត និង​ល្បី​បំផុត​ម្នាក់ ជាមួយ​ឈ្មោះ​បោះ​សំឡេង​ចំពោះ​ស្នាដៃ​សិល្បៈ ដូចជា «Ballon Dog»​ និង​ «Rabbit» ហើយ​ស្នាដៃ​របស់លោក​ត្រូវបាន​ដាក់តាំង​បង្ហាញ​តាម​វិចិត្រសាល​ទូទាំង​ពិភពលោក​។

​វិចិត្រសាល Pace Gallery ក្រុង​ញូវយ៉កបានឱ្យដឹងថា គម្រោង​ថ្មី​របស់លោក «Moon Phases» មាន​ចម្លាក់​រូប​មនុស្ស ដែល​នឹង​ដឹកជញ្ជូន​ទៅ​រក្សាទុក​នៅ​ឋាន​ព្រះ​ចន្ទ​តាមរយៈ​ផ្កាយរណប​ធុន​តូច​។

​លោក គូ​នស៍ ក៏​នឹង​ផលិត​ជា​ប្រភេទ​ចម្លាក់​ឌីជីថល​ដ៏​ល្អ​វិសេស ដែល​ធ្វើឱ្យ​រូបលោក​បោះជំហាន​ឈាន​ជើង​ចូលក្នុង​ពិភព​វត្ថុ​ឌីជីថល NFT ដ៏​កាក់កប​។

​រូបចម្លាក់​នឹងធ្វើ​ដំណើរ​លើ​យាន​​ចម្លង «Nova-C Lunar Lander» រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន Intuitive Machines ហើយនឹង​ត្រូវបាន​ទុកដាក់​នៅលើ​ឋាន​ព្រះ​ចន្ទ​ក្នុង​បរិវេណ Oceanus Procellarum​។

​លោក គូ​នស៍ អាយុ ៦៧ ​ឆ្នាំ បាន​និយាយថា​៖ «​ភាពជោគជ័យ​របស់​យើង​នៅ​អវកាស​តំណាងឱ្យ​សក្ដា​នុ​-​ពល​គ្មាន​ដែន​កំណត់​របស់​មនុស្ស​»​។

​វិចិត្រសាល​មិនបាន​បង្ហាញ​ព័​ត៌​មាន​លម្អិត​ស្ដីពី​ចំនួន​រូបចម្លាក់​ដែល​ធ្វើដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​នោះទេ តែ​បានឱ្យដឹងថា ទីតាំង​នោះ​នឹង​ក្លាយ​​ជា​តំបន់​បេតិកភណ្ឌ​ឋាន​ព្រះ​ចន្ទ​។

​គម្រោង​នេះ​នឹង​ក្លាយជា​ការប្រារឰ​ខួប ៥០ ​ឆ្នាំ តាំងពី​ដំណើរ​ផ្សងព្រេង​ទៅកាន់​ឋាន​ព្រះ​ចន្ទ​ចុងក្រោយ​បំផុត​របស់​អាមេរិក​៕ AFP/HR