​ក្រុង​កា​ប៊ុល: នៅ​ផ្លូវ​ប្រសព្វ​នៃ​អាស៊ី​​កណ្ដាល និង​ខាងត្បូង ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ជាទី​ជំនួប​វប្បធម៌ និង​ជាតិ​សាសន៍​អស់​រយៈពេល​ច្រើន​សតវត្សរ៍ ខណៈ​ភ័ស្ដុតាង​បង្ហាញ​ច្បាស់​ពី​ប្រភេទ​មួក​ដែល​ប្រជាជន​របស់ខ្លួន​ពាក់​។

​ស្ទីល​មួក ឬ​ឈ្នួត​បង្ហាញ​ពី​ឋានៈ និង​ឆ្លុះបញ្ចាំង​ពី​អ្នក​ពាក់ ហើយក៏​បង្ហាញ​ពី​តំបន់​នៃ​ប្រទេស​ដែល​ពួកគេ​មក ឬ​ក្រុម​កុលសម្ព័ន្ធ​របស់​ពួកគេ​ផងដែរ​។

​ជាក់ស្ដែង មួក​Uzbek សំប៉ែត និង​មូល និង​ពាក់​រឹប​ជាប់​ក្បាល ត្រូវបាន​រចនា​ជាមួយ​ប៉ាក់​រោមចៀម​ចម្រុះ​ពណ៌ និង​សម្បូរ​ក្នុងចំណោម​ពលរដ្ឋ​អា​ហ្វ​ហ្កា​ន​មកពី​តំបន់​ភាគ​ខាងជើង Mazar-i-Sharif, Faryab និង Jawzjan​។​

​កុលសម្ព័ន្ធ​ធំ​បំផុត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន Pashtuns ដែលជា​ប្រភពដើម​កំណើត​របស់​ក្រុម​អ៊ិ​ស្លាម​ជ្រុលនិយមតា​លី​បង់ តែងតែ​ប្រើប្រាស់​ឈ្នួត​ពណ៌​លាត រុំ​តឹង​លើ​មួក​ដោយមាន​កន្ទុយ​ធ្លាក់​លើ​ស្មា​។ អ្នកភូមិ​និយាយថា កុមារា​កុលសម្ព័ន្ធ Pashtuns ប្រារឰ​​ពិធី​ពេញវ័យ​កំលោះ ពេល​រូបគេ​ពាក់​ឈ្នួត​នេះ​។ នៅ​ភាគខាងត្បូង Kandahar បុរស​វ័យក្មេង​ពាក់មួក​មូល និង​ទន់ៗ ដែល​ឆែក​នៅ​ផ្នែក​ខាងមុខ​នៅ​ពីលើ​ថ្ងាស ខណៈ​បុរស​ចំណាស់ ជាពិសេស ប្រជាកសិករមាន​ទំនោរ​ពាក់​ឈ្នួត និង​កន្សែង​។

បុរស​ក្មេង​ពាក់​មួក​មូល​ពីលើ​ថ្ងាស រី​ឯបុរសចំណាស់​មាន​ទំនោរ​ពាក់​ឈ្នួត។ រូបថត AFP

​ស្ដ្រី​អា​ហ្វ​ហ្កា​ន​នៅ​តំបន់​ជនបទ​ខ្លួន ពិសេសនៅ​ភាគ​ខាងលិច​ខេត្ដ​ហេ​រ៉ាត់ ក៏​ពាក់មួក​ប៉ាក់​ទាំង​លើ ឬ​ក្រោម​កន្សែង​ទទូរ​ដោយ​ហ៊ុមព័ទ្ធ​លើ​ស្មា​ផងដែរ​។

​រីឯ​ប្រភេទ​មួក pakol ត្រូវបាន​ពាក់​ដោយ​កុលសម្ព័ន្ធ Tajiks ដោយ​រុំ​រោមចៀម​ដើម្បី​រក្សា​កម្ដៅ​ពី​អាកាសធាតុ​ត្រជាក់​នៅ​រដូវរងា​។

​វា​បាន​ក្លាយជា​និ​មិ​ត្ដ​រូបតំណាង​នៃ​មេបញ្ជាការ​ប្រឆាំង​ក្រុម​តា​លី​បង់ អា​មេ​ដ សា​ម៉ា​សូដ ដែល​បាន​ពាក់​-​ចំទើត​ទៅខាង​ក្រោយ​ក្បាល និង​កង​​កម្លាំង​ប្រយុទ្ធ​របស់លោក​មកពី​ជ្រលង Panjshir ដ៏​ស្រស់ស្អាត​។

​អាពាហ៍ពិពាហ៍​តែងតែ​ជា​ឱកាស​ប្រើប្រាស់​មួក​ពិសេស ដូចជា ប្រភេទ​មួក Gilgit ពាក់​ដោយ​កូនកំលោះ ដែល​ស្រដៀង​នឹង pakol តែមាន​រំលេច​ស្លាប​សត្វ​ដោត​ពីមុខ ​ដើម្បី​បន្ថែម​ភាពលេច​ធ្លោ​។

​ស្ទីល​ដ៏​ចំណាស់​បំផុត ​១ ​ដែល​ពាក់​ដោយ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន គឺប្រភេទ​មួក Karakul ដែល​ផលិត​ពី​រោម​កូន​ចៀម​ទើប​ចាប់កំណើត និង​ហៅថា មួក Jinnah នៅតាម​តំបន់​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន​។

​ការប្រើ​មួក​ប្រភេទ​នេះ​ បាន​បង្កើតជា​ចំណង់​ចំណូល​ចិ​ត្ដ​ថ្មី​នៅ​ទីក្រុង​កា​ប៊ុល ទៅតាម​អតីត​ប្រធានាធិបតី ហា​មី​ដ កា​ហ្សៃ​៕ AFP/HR