ក្រុង​តូក្យូ: បន្ទប់​ប្រអប់​​ណាកាជីន រចនាប័ទ្ម​អនាគត​កាល ក្នុង​ទីក្រុង​តូក្យូ នឹង​ត្រូវ​វាយ​កម្ទេច​ចោល​នៅ​ខែ​ក្រោយ ក្រោយ​ពី​ម្ចាស់​របស់វា​បាន​ព្យាយាម​​សង្គ្រោះ​អគារ​ និង​បន្ទប់​ទម្រង់​​ដូចប្រអប់​​ក្នុងយានអវកាស​។

​អគារ​ផ្ទះ​ប្រអប់ ដែល​បញ្ចប់​ការ​សាង​សង់​ក្នុង​ឆ្នាំ ​១៩៧២ និង​រចនា​ដោយ​​ស្ថាបត្បករ​ល្បី​ គីសុ គូរ៉ូកាវ៉ា គឺជា​ទស្សនីយភាព​នៃ​ចលនា ​Metabolism ដែល​មាន​បំណង​បង្កើត​បរិវេណ​នៃការ​រស់​ប្រកប​ដោយ​និរន្ដរភាព​ ដែល​មនុស្ស​អាច​យក​វា​ទៅ​តាម​ខ្លួន​បាន​ប្រសិន​បើ​ពួកគេ​ត្រូវការ​។

បន្ទប់ប្រអប់​​រាប់​សិប​ដោយ​មាន​បង្អួច​ធំៗ​ ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ធ្វើ​ការ​រុះ​រើ​ និង​ដាក់​ជំនួស​ដាច់​ដោយឡែក​ តែ​ពួកវា​ត្រូវបាន​រក្សា​ទុក​ដោយ​មិន​បាន​ធ្វើ​ការ​ជួស​ជុល​អ្វី​ទាំ​ងអស់​។

តាស៊ូយ៉ាគិ មេដា ដែល​កែកុន​ប្រអប់​​បន្ទប់​​ជាច្រើន​ដោយ​ខ្លួន​ឯងបាន​ប្រាប់​ AFP កាលពី​ថ្ងៃ​អង្គារ​ថា​ ម្ចាស់​គ្រោង​យក​បន្ទប់ប្រអប់​រាង ៦ ​ជ្រុង​​ពណ៌​ស​ចេញ​ខ្លះ​មុន​ពេល​ការ​វា​យ​កម្ទេច​ចាប់​ផ្ដើម​នៅ​ថ្ងៃទី ១២ ខែ​មេសា។

លោក មេដា ដែល​បានទិញ​បន្ទប់​ប្រអប់​​​ដំបូង​របស់​លោក​ក្នុង​ប៉ម​នេះ​ក្នុង​​​ឆ្នាំ ​២០១០ ​និយាយថា​៖ «យើង​​មិន​​ទាន់​ដឹង​ថា បន្ទប់​ប្រអប់​ចំនួន​​​ប៉ុន្មាន ដែល​យើង​អាច​រក្សា​ទុក​បាន​នោះ​​​ទេ​ តែ​យើង​គ្រោង​ជួសជុល​វា​ខ្លះ​ និង​​កែកុន​ រួច​បញ្ជូន​ទៅកាន់​សារមន្ទីរ​ អ៊ីចឹង​ទៅ​។ វាមិន​មែន​ជា​អវសាន​នៃ​​អគារ​នេះ​ឡើយ​ ហើយ​ខ្ញុំ​រង់​ចាំ​​មើល​ជីវិត​ថ្មី​នៃ​បន្ទប់​ប្រអប់​​ទាំង​នេះ​»។

សំណង់អគារ​ប្រអប់បីដូចជា​​ផ្ទៃខាង​ក្នុង​យានអវកាស រចនាប័ទ្ម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​ នៅ​កណ្ដាល​ក្រុង​តូក្យូ។ រូបថត AFP

​អស់​​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​លោក មេដា និង​ម្ចាស់​បន្ទប់​ប្រអប់​ដទៃ​ទៀត​ធ្វើ​​យុទ្ធនាការ​ដើម្បីការ​រស់​រាននៃ​អគារ​នៅ​ខណ្ឌ​សេដ្ឋកិច្ច ស៊ីមបាស៊ិ កណ្ដាល​​ក្រុង​តូក្យូ ខណៈ​វាប្រឈម​​​​ការ​គំរាម​កំហែង​នៃការ​អភិវឌ្ឍ​ឡើង​វិញ​។

បន្ទប់​ប្រអប់ ​១០ ​ម៉ែត្រ​កា​រ៉េ​នីមួយៗ​ ដែល​សាង​សង់​ឡើង​​ជា​ផ្ទះ​ និង​បន្ទប់​ធ្វើការ​តូចៗ មាន​​រចនា​ប័ទ្ម​​ទសវត្សរ៍​ឆ្នាំ​ ​១៩៧០ ​ដូចជា តុ​បត់ ទូរទស្សន៍​ជាប់ជញ្ជាំង និង​​នាឡិកា​បុរាណ។

យ៉ា​ងណាមិញ បន្ទប់​ភាគ​ច្រើន​ត្រូវ​បាន​ទុក​ចោល​ឱ្យ​ពុក​ផុយ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ អគារ​ប្រឈម​បញ្ហា​ជាច្រើន​ដោយសារ​ច្រែះ​ស៊ី​បំពង់​ និង​បញ្ហា​ប្រព័ន្ធទឹក។

ថ្វី​ដ្បិត​អ្នកស្រឡាញ់​អគារ​នេះ​មាន​ប្រតិកម្ម​​ក្ដុក​ក្ដួល​ ពិបាក​ទទួល​យក​នឹង​​ការ​វាយ​កម្ទេច​​ តែ​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​លើក​ហេតុ​ផល​ថា​៖ «​ទីបំផុត វានឹងត្រូវ​បំផ្លាញ​ចោល។ វាជា​សំណង់​មានតម្លៃ តែ​នេះ​ជា​ការសម្រេច​ចិត្ដ​ដ៏​ត្រឹម​ត្រូវ​ ដោយសារ​វា​​ទ្រុឌ​ទ្រោម​ហើយ​»៕ AFP/HR