ភ្នំពេញ: លើ​ផ្ទៃដី​ចម្ការ​ពណ៌បៃតង​ស្រងាត់​របស់​កសិករ យង់ លី ក្នុង ឃុំ​កន្រ្ទាំង ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប ដែល​ពេញ​ទៅដោយ​ស្ពៃតឿ និង​ផ្កាខាត់ណា​ក្បែ​រគ្នា​នោះ មាន​​រោង​ ១ ​​​គ្របដណ្ដប់​ដោយ​សំណាញ់ ដោយ​ពេល​សម្លឹង​​​​មើល​ជិត ទើប​ដឹង​ថា ​ក្នុង​នោះ​គឺ​ចម្ការ​​ផ្កា​ខាត់ណាលឿង ជា​បន្លែ​ដែល​ពុំ​សូវ​សម្បូរ​មានអ្នកដាំ។

រោងលើ​ផ្ទៃដី ១០ គុណ​ ២៤ ម៉ែត្រ ​​ជា​ផ្ទះសំណាញ់​ ប្រើ​​បច្ចេកទេស​ថ្មី​របស់​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ ដែល​ធន់​ទៅនឹង​ការប្រែប្រួល​​​អាកាសធាតុ​ហៅ​កាត់​ជា ​ភាសា​អង់គ្លេស ថា «ASPIRE»។

កម្មវិធី​របស់​រដ្ឋាភិបាលនេះ​​មាន​គោលដៅ​​​លើក​កម្ពស់​ជីវភាព​របស់​ប្រជាកសិករដែល​មាន​ផ្ទៃដី​ខ្នាត​តូច​ និង​ងាយ​រងគ្រោះ ​តាមរយៈ​ការពង្រឹង​ប្រសិទ្ធភាព​នៃ​កសិកម្ម​​បច្ចេកទេស​ថ្មី​ ផ្សារភ្ជាប់​​ការប្រែប្រួល​អាកាសធាតុ​។

លោក សួន សីលា ជា​ទីប្រឹក្សា​ខេត្ត សៀមរាប ក្នុង​កម្មវិធី ASPIRE ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «កម្មវិធី​មាន​រយៈ​ពេល ៧ ​ឆ្នាំចាប់ពី ២០១៥-២០២១។ នេះ​ជា​ឆ្នាំ​ចុងក្រោយ​ ហើយ​យើង​នឹង​មាន​កម្មវិធី​ផ្សេងៗ​ទៀត»​។

លោកបន្តថា៖ «យើង​ផ្ដល់​នូវ​គំរូ​សេវាកម្ម​កសិកម្ម​នៅ​កម្ពុជា​ ដែល​ពង្រឹង​ដោយ​កម្មវិធី​ត្រូវបាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គាំទ្រ​​កសិករ​ ដែល​មាន​ទំហំ​ផលិតកម្ម​តូច​ឱ្យ​បាន​រួមចំណែក​ក្នុង​ការបង្កើន​សេដ្ឋកិច្ច​គ្រួសារ​តាមរយៈ​ការធ្វើ​អាជីវកម្ម កសិកម្ម​»។

រាល់ពេល​​កាត់​ប្រមូលផល ផ្កា​​ខាត់ណា​លឿង​​មានសភាព​ល្អ​ច្រើន​។ រូបថត សហការី

កម្មវិធី ASPIRE បាន​ចូលមកដល់​ ខេត្ត​សៀមរាប នៅឆ្នាំ ២០១៩ និង​បាន​អនុវត្ត​នៅ​គ្រប់​ខេត្ត​ លើកលែង​តែ​រាជធានី​ភ្នំពេញ​ ដោយ​បាន​ចងក្រង​កសិករ​តាម​​បណ្ដុំ​អាជីវកម្ម រួមមាន​អាជីវកម្ម​បន្លែ ស្រូវ ​ចិញ្ចឹម​មាន់ ទា ត្រី ជ្រូក និង​គោ​។

ការ​​រៀបចំរចនាសម្ព័ន្ធ​ ១ ​ក្រុមៗមាន​ប្រធាន និង​អនុប្រធាន​ក្រុម ​បង្រៀន​កសិករ​ពី​បច្ចេកទេស​ដាំដុះ និងចិញ្ចឹម​សត្វ ដែល​ផ្សារភ្ជាប់​ជាមួយ​​ទីផ្សារ។ ជាក់ស្ដែង លោក យង់ លី ដែល​ចូល​ជាមួយ ASPIRE តាំងពី​ឆ្នាំ ២០១៩ បាន​ជាប់​​ឈ្មោះជា​កសិករ​គំរូ។

កសិករ​រូបនេះ​បាន​ប្រាប់​ថា​៖ «ខ្ញុំ​បាន​ធ្វើ​ទៅ​តាម​វិធីសាស្រ្ត ​ដែល​កម្មវិធី​បង្រៀន ហើយ​ទទួលបាន​ទិន្នផល​ល្អ​បន្ទាប់ពី​មាន​ការត្រួត​ពិនិត្យ​ច្បាស់លាស់​។ តួនាទីខ្ញុំ បើ​មាន​កសិករ ដែល​​នៅ​ក្បែរៗ​ខ្ញុំ​គេ​ឆ្ងល់​ចង់​បាន​ចំណេះដឹង​បន្ថែម ពួកគាត់​អាច​មក​សួរ​​ខ្ញុំ ខ្ញុំ​នឹង​ចែកចាយ​បទពិសោធ ដែល​​ខ្ញុំ​មាន​ទៅ​គាត់​»។

គោលដៅ​របស់​កម្មវិធី លោក​ សីលា ថា​​ គឺ​បង្រៀន ពន្យល់​កសិករ​ពី​បច្ចេកទេស​ថ្មី ដោយ​ឱ្យ​គាត់​ដាំដំណាំ​ក្នុង​ផ្ទះ​សំណាញ់ ចិញ្ចឹម​សត្វ​ក្នុង​ទ្រុង ចេះ​ការពារ​សត្វ​ពី​ជំងឺ​ ការចាក់​វ៉ាក់សាំង​ តាមរយៈការរៀបចំ​ឱ្យ​មាន​ជីវសុវត្ថិភាព​។ ក្រៅពី​ការចិញ្ចឹម​សត្វ​យក​សាច់​ជា​អាហារ​ កម្មវិធី​ក៏​លើក​ទឹកចិត្ត​ឱ្យ​កសិករ​ចិញ្ចឹម​សត្វ​សម្រាប់​ការនាំ​ចេញ ឬ​ការលក់​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​​របស់​គាត់​។

លោក​បន្តថា៖ «កម្មវិធី​មិន​តម្រូវ​ឱ្យ​កសិករ​ផ្ដល់​ផលអ្វី​ត្រឡប់​មក​វិញ​ទេ​​ ដោយបាន​មូលនិធិ​ធំ​បំផុត​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម និងមាន​ទុន​ចូលរួម​ពី​រដ្ឋាភិបាល យើង​បាន​បង្រៀន​គាត់​ពី​បច្ចេកទេស​ថ្មី​ ផ្ដល់​ទុន​សហវិនិយោគ ហើយ​ផ្សារ​ភ្ជាប់​គាត់​ជាមួយ​ទីផ្សារ តាមរយៈ​ការលើក​ទឹកចិត្ត​ឱ្យ​គាត់ចិញ្ចឹម និងដាំ​មុខ​ទំនិញ​ណា ដែល​មាន​តម្លៃ​លើ​ទីផ្សារ ​ជាពិសេស​​ផ្ដោត​ទៅលើ​សុវត្ថិភាព គុណភាព​ជាចម្បង​​»។

ទីប្រឹក្សា​រូប​នេះ​ថា នៅពេល​ដែល​កសិករ​ទទួលបាន​ការបណ្ដុះបណ្ដាល​កម្មវិធី​នឹង​ផ្ដល់​ទុន​សហ​វិនិយោគ​​ឱ្យ​គាត់​យក​អនុវត្ត​ផ្ទាល់​តែ​ម្ដង​ ដូចជា ផ្ទះ​សំណាញ់ អណ្ដូងទឹក សូឡា ទូភ្ញាស់ ម៉ាស៊ីន​លើក​រង ម៉ាស៊ីន​ភ្ជួរ​ដី និង​អាច​មាន​ចែក​ពូជ​ស្រូវ ត្រី បន្លែ​ ចែក​គ្រាប់​ពូជ​ តំបន់​តំណក់​ទឹក​សម្រាប់​​កសិករ​គំរូទៅ​តាម​តម្រូវការ​ជាក់ស្ដែងរបស់ពួកគាត់​​។

លោក សីលា បានឱ្យដឹង​​ថា​៖ «ផ្ទះ​​សំណាញ់​ដែលយើងឱ្យ​លោក លី​ គាត់​អាច​ដាំ​ដំណាំ​ក្នុង​នោះ ដូចជា​ផ្កា​ខាត់ណា​លឿង ហើយ​គាត់​ហ្នឹង​ឯង​នឹង​ជា​​អ្នកដែល​ពង្រីក ឬ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដល់​ប្រជាកសិករ​ដែល​នៅ​ជុំវិញ​ខ្លួន​គាត់​»។

ក្នុងផ្ទះសំណាញ់ លោក លី​ អាច​​​ដាំ​ដំណាំ​ បាន​គ្រប់​រដូវប្រាំង វស្សា​។

លោក​បានបន្ត​ថា៖ «បាន​បើ​យើង​ដាំ​ខាងក្រៅ ​ភ្លៀង​ចំ​ផ្កា​វា​ខូច​អស់។ ក្នុង​ផ្ទះ​សំណាញ់​ ខ្ញុំ​ដាក់​ ១ ​វគ្គ​ផ្សេងៗ​គ្នា​។ ១ ​វគ្គ​មុន ខ្ញុំ​ដាំ​ជា​ផ្កា​ខាត់ណា​ តែ​ក្រោយមក​ខ្ញុំ​យក​ជា​ផ្កា​ខាត់ណា​ដើម លាយ​ជាមួយ​ស្ពៃតឿ»។ ​

ចំពោះ ផ្កា​ខាត់ណា​លឿង​នេះ​ដែរ ​តាម​សម្ដី​របស់​លោក លី​ និង​តាម​ឮ​​តៗ​គ្នា វា​ទើបតែ​មាន​ក្នុង​កម្ពុជា ២-៣​ ឆ្នាំ ក្រោយ​នេះ​ប៉ុណ្ណោះ ដោយពូជនេះ​ត្រូវ​បាន​នាំ​ពូជ​ពី​ប្រទេស​ចិន​។

ផ្ទះសំណាញ់​សម្រួល​ការ​បង្កបង្កើនផល​តទល់អាកាសធាតុ​ប្រែប្រួល។ រូបថត សហការី

កសិករ​ វ័យ ៣២ ឆ្នាំ​រូប​នេះ បាន​ប្រាប់ពី​ភាព​ខុសគ្នា រវាង​ផ្កា​ខាត់ណា ស និង​ផ្កា​ខាត់ណា​លឿង​ថា ពូជ​ផ្កា​ខាត់ណា​លឿងងាយស្រួលដាំ​​​ជាង ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​​ប្រែប្រួល។​​ឧទាហរណ៍។ រាល់​ការ​កាត់​​ម្ដង ១០០​ គីឡូក្រាម ទិន្នផល​​ផ្កា​ល្អ​នៅតែ​​ច្រើន​​ដល់​​ ៩០ ​គីឡូ​ក្រាម​ ខណៈ​ផ្កា​ពណ៌​ស​វិញ បើ​អាកាសធាតុ​​​ប្រែប្រួល​ក្ដៅ​ខ្លាំង វា​អាច​ខូច​សល់តែ​ ៣០​ គីឡូ​ក្រាម។​

រីឯ​តម្លៃ​ផ្កា​ខាត់ណា​ពណ៌លឿង​អាច​លើស​ពី ៥០០ ​រៀល ទៅ ១ ០០០ ​រៀល​ បន្ថែម​ពីលើ​រសជាតិ​ដែល​លោក​អះអាង​ថា ស្រួយ​ឆ្ងាញ់​ជាង​។

​កសិករ​​ លី បានឱ្យដឹង​ទៀតថា​៖ «ប្រហែល​ជា ៥៥ ​ថ្ងៃ ឬ​ ២ ​ខែ​ទើប​អាច​ប្រមូល​ផល​បាន។ ក្នុង​ការប្រមូល​ ១ ​វគ្គ​ ខ្ញុំ​អាច​ប្រមូល​បាន ១ ​តោន​កន្លះ ឬ​ ២​ តោន​ជាង ទាំង​ក្រៅ និង​ក្នុង​ផ្ទះ​សំណាញ់​សម្រាប់​ខែ​ប្រាំង​។ ១ ​ឆ្នាំ ខ្ញុំ​ដាំ​បាន​តែ​ ២ ​ដង​ទេ រដូវវស្សា​ខ្ញុំ​ដាំ​បាន​តែ​ក្នុង​រោង​សំណាញ់​ទេ អាចថា ២០០-៣០០ ​គីឡូ​​ក្រាម​»។

ការ​លំបាក​ដែល​លោក​ប្រឈម​គឺ​ ​​ទី១ ពូជផ្កា​លឿង​មាន​តម្លៃ​​ថ្លៃ​ជាងផ្កា​ខាត់ណាស ហើយ​វា​ពិបាក​ក្នុង​ការរក​ទិញ។ ទី២ ខែ​ក្ដៅ​វា​ប្រឈម​នឹង​សត្វ​​ល្អិត​បន្តិច​ ប៉ុន្តែ​​ដង្កូវ​កើតឡើង​តែ​ពេល​ដំណាំ​នៅ​ពីតូច​ទេ។ បើ​​មានការ​ថែទាំ​បាញ់​ថ្នាំ​ការពារបាន ពេល​វា​ធំ​ឡើង​នឹង​គ្មាន​ដង្កូវ​​ ឬការ​បារម្ភ​ចំពោះ​សត្វ​ល្អិត​ទេ ដែលធ្វើ​ឱ្យ​​ទិន្នផលក៏ខ្ពស់​។

លោក លី ក៏សម្ដែង​ចំណាប់អារម្មណ៍​ចំពោះ​​កម្មវិធី​ថា​៖ «កាលពីមុន​ខ្ញុំ​ដាំ​ជា​លក្ខណៈ​គ្រួសារ​ធម្មតាៗ គ្មាន​បច្ចេកទេស​អី​ត្រឹមត្រូវ​ទេ តែ​ពេល​បាន​ចូល ASPIRE គាត់​បាន​បង្រៀន​ពី​ការ​ដាំដុះ ​ការប្រមូលផល និង​ការប្រើប្រាស់​​ថ្នាំ​មានកម្រិត។ ខ្ញុំ​សប្បាយចិត្ត ​ដែល​យើង​អាច​បង្កើន​ប្រាក់​ចំណូល និង​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ទៅលើ​អ្វី​ដែល​យើង​ធ្វើ​កន្លងមក ក៏ដូចជា​បាន​ជួយ​ដល់​កសិករ​ដទៃ​ទៀត ហើយ​រួមគ្នា​បង្កើន​ទិន្នផល​ក្នុង​ស្រុក​»។

សម្រាប់​ព័ត៌មាន​បន្ថែម​ទំនាក់ទំនង​ទៅកាន់ @ASPIRE.MAFF៕