
សត្វតោដែលត្រូវបានបាញ់អ័រម៉ូន oxytocin អាចប្រែជាសត្វស្លូតបូត។ រូបថត AFP
ក្រុងវ៉ាស៊ីនតោន: ក្រុមអ្នកវិទ្យាសាស្ដ្រដែលចំណាយពេលជាច្រើនឆ្នាំបាញ់អ័រម៉ូនអុកស៊ីតូស៊ីន ចូលច្រមុះតោ បានកត់សម្គាល់ឃើញពពួកស្ដេចសត្វព្រៃទាំងនេះ ប្រែជាសម្លាញ់កាន់តែរួសរាយជាមួយអ្នកជិតខាង និងមិនសូវគ្រហឹមដាក់អ្នកប្លែកមុខ ពេលទទួលបាននូវសារធាតុដែលហៅថា «អ័រម៉ូននៃក្ដីស្រឡាញ់»។
លទ្ធផលចុះផ្សាយក្នុងព្រឹត្ដិបត្រ iScience កាលពីថ្ងៃពុធ អាចអត្ថប្រយោជន៍យ៉ាងធំធេងសម្រាប់កិច្ចការអភិរក្ស ខណៈអម្បូរសត្វតោផ្សេងៗត្រូវបង្ខំចិត្ដរួមរស់ជាមួយគ្នាក្នុងតំបន់ព្រៃបម្រុង។
អ្នកប្រសាទវិទ្យាសាស្ដ្រ និងជាអ្នកនិពន្ធដំបូង អ្នកស្រី ជេស៊ីកា ប៊ឺខាត បានពាក់ព័ន្ធក្នុងការស្រាវជ្រាវនេះ ដោយសារអ្នកស្រីធុញទ្រាន់នឹងការពិនិត្យខួរក្បាលសត្វក្នុងមន្ទីរពិសោធ និងចង់សិក្សាពីជីវិតពិតរបស់ពួកវា។
ចំពោះពពួកសត្វចិញ្ចឹមកូនដោយទឹកដោះ អ័រម៉ូនអុកស៊ីតូស៊ីន គឺជាម៉ូលេគុលមេសម្រាប់ពង្រឹងទំនាក់ទំនងសង្គម។ ជួនកាលត្រូវបានហៅថា «សារធាតុគីមីនែបនិត្យ» វាកកើតឡើងក្នុងខួរក្បាលម្ដាយ [មេ] នៅពេលក្រឡេកមើលកែវភ្នែកកូនទើបចាប់កំណើត ដោយជំរុញឱ្យបង្កើតអារម្មណ៍ស្ងប់សុខ និងសុភមង្គល ខណៈធ្វើឱ្យទារកចាប់ផ្ដើមចង់បៅដោះម្ដាយ។
ករណីសត្វតោ អ័រម៉ូនត្រូវតែបាញ់ចូលច្រមុះ ដោយប្រើឧបករណ៍ ដែលស្រដៀងនឹងដបទឹកអប់។ ដូច្នេះ វារត់ត្រង់ទៅកាន់ខួរក្បាល។
ក្រោយទទួលការព្យាបាល តោ ២៣ ក្បាល ដែលទទួលអ័រម៉ូនអុកស៊ី-តូស៊ីន កាន់តែមានអារម្មណ៍អត់ធ្មត់នៅក្នុងកន្លែងរស់នៅរបស់ពួកវា។
ពពួកតោត្រូវបានវាស់ស្ទង់ដោយការត្រួតពិនិត្យពីគម្លាតដ៏កៀកជាមួយសត្វតោ ដែលមានចំណង់ចង់បានអ្វីមួយ (ជាតុក្កតាក្មេងលេងក្នុងករណីនេះ) នឹងអនុញ្ញាតឱ្យអ្នកដទៃចូលទៅជិតពួកវា៕ AFP/HR