ក្រុង​ហ្សា​ការ​តា: លោក ស៊ី​យ៉ៃ​ហ្វុ​ល អា​រី​ហ្វី​ន ចូល​ចិ​ត្ដ​បាល់ទាត់​តាំងពីក្មេង តែ​លោក​បារម្ភ​ខ្លាច​គ្មាន​ឱកាស​បាន​លេង​តទៅទៀត ពេល​លោក​បាន​បាត់​ជើងឆ្វេង​ម្ខាង​កាលពី​អាយុ​ ១២ ​ឆ្នាំ ក្រោយ​ធ្លាក់​ពីលើ​រថភ្លើង​។

​ពេលនេះ លោក​មាន​អាយុ ៣៨​ ឆ្នាំ និង​បាន​វិល​ទៅកាន់​ទីលាន​វិញ ក្រោយ​ជួយ​បង្កើត​ក្លិប​បាល់ទាត់​ជនពិការ​ស៊ូ​រ៉ា​បា​យ៉ា ឬ PERSAS​។​

​ក្រុមបាល់ទាត់​នៅក្នុង​ទីក្រុង​ធំ​ទី​២ ​ស៊ូ​រ៉ា​បា​យ៉ា របស់​ឥណ្ឌូនេស៊ី ត្រូវបាន​ចាប់ផ្ដើម​កាល​ពី​ខែកុម្ភៈ និង​បច្ចុប្បន្ន​មាន​សមាជិក ៨​ នាក់ រួមទាំង អា​រី​ហ្វី​ន ជាមួយ​ម​ហ្ឆិ​តា​ឆ្ពោះទៅមុខ​។

​លោក អា​រី​ហ្វី​ន ដែល​លក់ដូរ​គ្រឿង​​ទេស បាន​ប្រាប់​ទីភ្នាក់ងារ AFP អំឡុងពេល​សម្រាក​ពី​ការហ្វឹកហាត់​ថា​៖ «​បាល់ទាត់​គឺជា​ចំណូល​ចិ​ត្ដរបស់​ខ្ញុំ​តាំងពី​នៅ​កុមារភាព តែ​ក្រោយពី​ជួប​គ្រោះថ្នាក់ ខ្ញុំ​លែង​សុបិន​ចង់​លេង​កីឡា​នេះ​ទៀត​»​។

លោក​ ស៊ីយ៉ៃហ្វុល អារីហ្វីន លេង​តន្ត្រី​កំដរអារម្មណ៍ នៅបន្ទប់គេង​ក្នុង​​ផ្ទះ​របស់លោក។ រូបថត AFP

​បន្ទាប់ពី​រៀន​បាល់ទាត់​ពិការ​តាម​អន​ឡាញ លោក អា​រី​ហ្វី​ន និង​មិ​ត្ដ​ភក្ដិ​បាន​សម្រេចចិត្តថា ស៊ូ​រ៉ា​បា​យ៉ា ត្រូវការ​បង្កើត​ក្រុម​ខ្លួនឯង​។​

​លោក​មានតែ​ជើង​ម្ខាង តែ​អរគុណ​ដល់​ជើង​ច្រត់​ ១​ គូ និង​ឆ​ន្ទះ​ស្រឡាញ់​បាល់ទាត់ លោក​អាច​រត់​លើ​ទីលាន​បាល់ទាត់​យ៉ាង​ប៉ិនប្រសប់​។

​គ្រូ​ប​ង្វិ​ក​ក្រុម លោក មូ​ហា​មេ​ដ កូ​ម៉ា បាន​និយាយថា​៖ «​ខ្ញុំ​មាន​ក្ដីរំភើប​​រីករាយ និង​មោទនភាព​ណាស់​។ ថ្វីដ្បិតតែ​ពួកគេ​មាន​សមត្ថភាព​កំណត់​ក្នុងការ​បំ​ផ្លាស់​ទី​យ៉ាងណាក៏ដោយ ក៏​ពួកគេ​មាន​ស្មារតី​ដ៏​អស្ចារ្យ ដែល​ស័ក្ដិសម​នឹង​ទទួល​ការ​កោត​​សរសើរ​។ ទោះ​មានតែ​ជើង​ម្ខាង ពួកគេ​មានបំណង​ក្រោកឈរ​សាជាថ្មី នោះ​គឺជា​ទង្វើ​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​»​។​

​លោក អា​រី​ហ្វី​ន និង​សមាជិក​ក្រុម​រំពឹងថា ពួកគេ​នឹង​ប្រកួតប្រជែង​ជើង​​ឯក​នៅ​ទីក្រុង​ហ្សា​ការ​តា​នាពេល​ឆាប់ៗ​ខាងមុខ និង​អាច​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ជនពិការ​ជើង​នេះ​។

​កីឡាករ​ជើង​ទោល និង​ចេះ​លេង​ហ្គី​តា​រូបនេះ បាន​បន្ដថា​៖ «​អ្នកមាន​ពិការភាព​រាងកាយ សូមកុំ​បាត់បង់​ស្មារតី​។ បើ​អ្នក​ចង់​លេង​បាល់ សូម​ទាក់ទង​មក​ខ្ញុំ​»៕ AFP/HR