ភ្នំពេញ: ហែល​ឆ្លង​នូវ​កិច្ចការ​ដ៏​អំណត់​ផ្ចិតផ្ចង់ ភ្នែក​ពឹង​កែវពង្រីក​មើល​គ្រឿង​ផ្គុំ​លម្អិត​នាឡិកា​អស់​រយៈ​ពេល​ជិត ​២ ​ឆ្នាំ និស្សិត​កម្ពុជា​ទាំង ៦ ​រូប ដែលជា​ជំនា​ន់ទី​១ នៃ​មជ្ឈមណ្ឌល​​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រី​នស៍ នាឡិ​​កា​នៅ​កម្ពុជា គ្រោង​នឹង​បញ្ចប់​ការ​​សិក្សា​នៅ​ខែកក្កដា ជាមួយ​ជំនាញ​ផលិត​នាឡិកា​ដំបូង​គេ​នៅ​កម្ពុជា​។​

​បច្ចុប្បន្ន​ពួកគេ​កំពុងស្ថិត​ក្រោម​អាហារូបករណ៍ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ក្នុង​ការកសាង​សមត្ថភាព​ជួសជុល និង​ផ្គុំ​នាឡិកា​លំដាប់​ខ្ពស់​តាម​ស្ដង់ដា​ប្រណីត​ប្រទេស​ស្វ៊ី​ស​។​

​ការបញ្ចប់​ការសិក្សា​ជំនាន់​ដំបូង​នេះ​មានន័យថា សិស្ស ១៦​ នាក់​ទៀត ​ក៏​អាច​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ដាក់ពាក្យ​ដើម្បី​ចាប់ផ្ដើម​វគ្គ​ថ្មី​។​

​កញ្ញា ជេ​ស៊ីកា ថា​គ័​រ ទីប្រឹក្សាបច្ចេកទេស និង​គ្រូបង្រៀន​នៅ​ព្រី​នស៍ ឱ្យដឹងថា​៖ «​ពួកគេ​ទទួលបាន​អាហា​​រូបករណ៍​តាមរយៈ​ការដាក់​ពាក្យ ដោយ​សាលា​មាន​ទាំង​អាហារូបករណ៍​ពេញ និង​ពាក់កណ្ដាល ឬ​តាម​ស្ថានភាព​សិស្ស​ជាក់ស្ដែង​។ យើង​ស្វាគមន៍​ទាំង​សិស្ស​ប្រុស និង​ស្រី បើទោះជា​ឆ្នាំ​ដំបូង យើង​ចៃដន្យ​ទទួលបាន​សិស្ស​ប្រុស​ទាំងអស់​ក៏ដោយ​»​។​

​សូរិយា ជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ទាំង​ ៦​ នៅ​មជ្ឈមណ្ឌល​នេះ​បាន​ប្រាប់ថា លោក​ពិតជា​ចង់​ណែនាំ​សាលា​ទៅកាន់​យុវជន យុវនារី​ខ្មែរ​ដែល​ចាប់​​អារម្មណ៍​ស្រឡាញ់​ជំនាញ​នេះ​។​

​លោក​ចាត់ទុក​ការចាប់យក​ជំនាញ​នេះ​ជា​ឱកាស​ដ៏​កម្រ និង​មិនមាន​មនុស្ស​ច្រើន​ទេ ដែល​ក្ដាប់បាន​។

សិស្ស​កម្ពុជា​ ៦ ​នាក់ នៃជំនាន់​ទី១​ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅ​កម្ពុជា។ ហេង ជីវ័ន

​វត្តមាន​គ្រូ​ជំនាញ​មកពី​បរទេស អ្នក​មក​រៀន​អាច​នឹងមាន​អារម្មណ៍​ដូច​កំពុង​សិក្សា​នៅ​បរទេស​ក្រោម​ការ​​ទំនុកបម្រុង​ឱ្យ​សិស្ស​ខ្មែរ​អាច​បញ្ចេញ​សមត្ថភាព​ស្ដង់ដា​អន្តរជាតិ​។

​ចែករំលែក​ពី​ក្ដី​សុបិន​របស់ខ្លួន សូរិយា បានឱ្យដឹងថា លោក​មានបំណង​ប្រាថ្នា​ច្រើន ប៉ុន្តែ​ចំណុច​ដំបូង​គឺ​ចង់​មានឱកាស​ធ្វើការ​ក្នុង​ឧស្សាហ​​កម្ម​ផលិត​នាឡិកា​នៅ​អឺរ៉ុប​។​

​យ៉ាងណាមិញ សូរិយា បាន​បន្ថែមថា​៖ «​អ្នក​ត្រូវតែ​ស្គាល់​ពី​ខ្លួនឯង​ឱ្យ​ច្បាស់ សួរថា ខ្លួនឯង​ស័ក្តិសម​នឹង​វា​ទេ​? តើ​អ្នកខ្លាំង​គ្រប់គ្រាន់​ក្នុងការ​ជំរុញ​ទឹកចិត្ត​ខ្លួនឯង​ឱ្យបំពេញ​ការងារ​ឱ្យបាន​ល្អ​ទេ ព្រោះ​វា​ត្រូវការ​ការ​អត់ធ្មត់​ខ្លាំង​»​។​

​ទីប្រឹក្សាបច្ចេកទេស ជនជាតិ​អូស្ត្រាលី កញ្ញា ជេ​ស៊ីកា បានឱ្យដឹងថា សិស្ស​ត្រៀម​បញ្ចប់​ការសិក្សា​នៅ​ខែកក្កដា ឆ្នាំនេះ មាន​ផែនការ​ជាច្រើន​សម្រាប់​អនាគត​។ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​នេះ​បាន​មើលឃើញ​ពី​ឱកាស​ជាច្រើន​នៅ​ប្រទេស​កម្ពុជា និង​ទូទាំង​បណ្តាញ​អាស៊ាន​។​

​ខណៈ​និស្សិត​ទាំងអស់​កាន់តែ​កៀក​ក្ដី​សុបិន​ជា​អ្នកមាន​សមត្ថភាព​ជួស​​ជុល និង​ផលិត​នាឡិកា​ប្រណីត កាលពី​ថ្មីៗ​នេះ ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប លោក ចេ​ន ហ្ស៊ី ដែលជា​អ្នក​ស្រឡាញ់​នាឡិកា និង​មានចំណេះដឹង​ជ្រៅជ្រះ​ពី​វិស័យ​ដ៏​ប្រណីត​នេះ បាន​ចុះមក​សួរសុខទុក្ខ​សិស្ស​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នាឡិកា​ព្រី​នស៍​។​

លោក ចេន ហ្ស៊ី ចុះ​សួរសុខទុក្ខ​សិស្ស​កំពុង​រៀន​ផ្នែកនាឡិកា​។ រូបថត សហការី​

​លោក​បាន​យកចិត្តទុកដាក់​យ៉ាង​​ខ្លាំង​ចំពោះ​វិទ្យាស្ថាន​នេះ ដែលមាន​ការគាំទ្រ​តាមរយៈ​ជំនួយ​សប្បុរសធម៌​នៃ​មូលនិធិ ព្រី​នស៍ (Prince Foundation) ដែលជា​ផ្នែក​មូលនិធិ​​សប្បុរសធម៌​របស់​ស​ម្ព័​ន្ធ​ក្រុមហ៊ុន​។

លោក ហ្ស៊ី បាន​លើកឡើងថា​៖ «​មជ្ឈមណ្ឌល​នេះ​បង្កើតបានជា​គន្លឹះ​ដ៏​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ទូលំទូលាយ​របស់​គ្រុប​ក្នុង​ការលើក​​កម្ពស់​វិស័យ​អប់រំ​នៅ​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​កម្មវិធី​អាហារូបករណ៍ ការបណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ និង​គំនិត​ផ្តួចផ្តើម​ផ្សេងៗ នៃ​ការ​​ទទួលខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​»​។​

​លោក​និយាយថា​៖ «​កាលពី ៣​ ឆ្នាំ​មុន នេះ​គ្រាន់តែ​ជា​ចក្ខុវិស័យ​ប៉ុណ្ណោះ​។ ខ្ញុំ​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វឌ្ឍនភាព ដែល​បាន​កើតឡើង​ចាប់តាំងពី​ពេលដែល​យើង​បាន​បង្កើត​សាលា​នេះ​មក នៅមុន​ពេល​ជំងឺ​រា​ត​​ត្បា​ត​បានចាប់ផ្តើម ហើយ​ខ្ញុំ​ទន្ទឹង​​រង់ចាំ​ការកកើត​នៃ​អ្នក​ផលិត​នាឡិកា​ដំបូង​គេ​បង្អស់​របស់​ប្រទេស​កម្ពុជា ដែល​បានទទួល​ការបណ្តុះបណ្តាល​តាម​ស្តង់ដា​ប្រទេស​ស្វ៊ី​ស​»​។​

​ការបណ្ដុះបណ្ដាល​ផលិត​នាឡិកា​នៅ​មជ្ឈមណ្ឌល​ ១ ដែលមាន​បំពាក់​នូវ​ឧបករណ៍​លំដាប់​ខ្ពស់បំផុត រួមទាំង​អ្នកជំនាញ​លំដាប់​អន្តរជាតិ​ផង​នោះ លោក ចេ​ន ហ្ស៊ី សង្ឃឹមថា ចំណង់​​ចំណូលចិត្ត​របស់​អ្នក​ផលិត​នាឡិកា​នាពេល​អនាគត​ទាំងនេះ​អាច​ក្លាយ​ជាការ​បំផុសគំនិត​សម្រាប់​សិប្បកម្ម​ផលិត​នាឡិកា​លំដាប់​ខ្ពស់​នៅ​ទូទាំង​​ប្រទេស​កម្ពុជា​។​

កញ្ញា ជេស៊ីកា ​ទីប្រឹក្សាបច្ចេកទេស និង​គ្រូបង្រៀន​នៅ​មជ្ឈមណ្ឌល​​​។ ហេង ជីវ័ន

​លោក Sack-Man Loui នាយក​ផ្នែក​ប្រតិបត្តិ​នៃ​សាលា​ផលិត​នាឡិកា ព្រី​នស៍ បញ្ជាក់ថា សាលា​បាន​នាំមក​នូវ​គ្រឿង​បរិក្ខារ​លំដាប់​ពិភពលោក មាន​ភាព​ប្រកួតប្រជែង​នឹង​កន្លែង​ផ្សេងៗ​ក្នុងប្រទេស​ស្វ៊ី​ស ហើយ​វា​មានតែ​ ១ គត់​សម្រាប់​ប្រទេស​កម្ពុជា​។

​លោក​បាន​បន្តថា​៖ «​ក្នុងនាម​យើង​ជា​គ្រូបង្ហាត់ យើង​ចង់​លើកកម្ពស់​នូវ​វប្បធម៌​សិល្បៈ​ហត្ថកម្ម​របស់​វិចិត្រករ​បន្ថែមទៀត​រួមទាំង​មិនចាំបាច់​ចំណាយ​អ្វី​ទាំងអស់ ដើម្បី​ធានាបាន​ថា សិស្ស​កម្ពុជា​របស់​យើង​ទទួល​បានការ​​បណ្តុះបណ្តាល​ដ៏​ល្អ​បំផុត​»​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​មាននៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​@princehorology៕