ក្រុង​វ៉ាស៊ីនតោន: ជនជាតិ​អាមេរិក​នឹង​អាច​ជ្រើស​សញ្ញា «X» នៅលើ​ទម្រង់​លិខិតឆ្លងដែន ជំនួស​ឱ្យ​ភេទ​ប្រុស ឬ​ស្រី ដោយ​ចាប់ផ្ដើម​អនុវត្ដ​ពីថ្ងៃ​ទី ​១១ ខែមេសា តទៅ​។ នេះ​បើ​​យោងតាម​រដ្ឋាភិបាល​អាមេរិក​បានប្រកាស​ពី​សប្ដាហ៍​មុន​។

​នេះ​មានន័យថា ពលរដ្ឋ​អាមេរិក​ដែល​ស្គាល់​ជា​បុគ្គល​កែ​ភេទ នឹង​អាច​ជ្រើសរើស​សញ្ញា «X» នៅលើ​ទម្រង់​លិខិត ដោយ​មិន​ខ្វល់​ចំពោះ​ភេទ​ដែល​គូស​នៅលើ​សំបុត្រកំណើត ឬ​ឯកសារ​ផ្លូវការ​កន្លងមក​ឡើយ​។

​សេត​វិមាន​បានឱ្យដឹងថា​៖ «​កន្លងមក អ្នក​កែ​ភេទ អ្នក​គ្មាន​ភេទ និង​អ្នក​មិន​ទទួលយក​អត្ដ​សញ្ញា​ពី​កំណើត ពិបាក​ក្នុងការ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​ទទួលបាន​ការគោរព ពេល​ពួកគេ​ធ្វើដំណើរ​នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក និង​ជុំវិញ​ពិភពលោក​»​។

​សេចក្ដីថ្លែងការណ៍ បាន​បន្ដថា​៖ «​នេះ​ជា​ជំហាន​ឆ្ពោះទៅមុខ​ដ៏​ធំ​មួយ​ក្នុងការ​ប្ដេជ្ញា​ចិ​ត្ដរបស់​ប្រធានាធិបតី​ចំពោះ​ការពង្រីក​វិសាលភាព​លើ​លិខិតស្នាម​ប្រកបដោយ​ភាពត្រឹមត្រូវ​ចំពោះ​អ្នក​កែ​ភេទ និង​អ្នក​គ្មាន​ភេទ​»​។

​សេត​វិមាន ក៏បាន​ឱ្យដឹងថា រដ្ឋបាល​សន្តិសុខ​ដឹកជញ្ជូន (TSA) ដែល​ដំណើរការ​សន្ដិសុខ​នៅ​អាកាស​​យានដ្ឋាន កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​យន្ដហោះ​នៅ​ទូទាំងប្រទេស​ដើម្បី​ផ្សព្វផ្សាយ​ការប្រើប្រាស់ និង​ទទួលយក​អ្នក​ជ្រើសរើស​សញ្ញា «X» ដើម្បី​ធានា​ពី​ប្រសិទ្ធភាព និង​ភាព​​ត្រឹមត្រូវ​ចំពោះ​អ្នកដំណើរ​។

​អាកាសយានដ្ឋាន​ក្នុងស្រុក​ចំនួន ២ បានផ្ដល់​ជម្រើស​អត្ដ​សញ្ញាណ​ភេទ​ទី​៣ រួចហើយ​សម្រាប់​អ្នកដំណើរ​ធ្វើការ​កក់ ហើយ​អាកាសយានដ្ឋាន​មួយទៀត​នឹងចូលរួម​ជាមួយ​ពួកគេ​នៅ​ឆ្នាំនេះ​។ TSA ក៏បាន​ផ្លាស់ប្ដូរ​នីតិវិធី​ដើម្បី​លុប​កូ​ឡោ​ន​ភេទ​ចេញ ពេល​បង្កើត​សុពលភាព​អត្ដ​សញ្ញាណ​អ្នកដំណើរ​នៅ​ប៉ុស្ដិ៍​សន្ដិសុខ​នៃ​អា​​កាស​យានដ្ឋាន​៕ AFP/HR