​ភ្នំពេញ: សំឡេង​សំនៀង​ដ៏​គ្រលួច​នៃ​បទ​ចម្រៀង​មនោសញ្ចេតនា​ថ្លាថ្លែង​ពី​ទុក្ខ​និរាស​ព្រាត់ប្រាស​រវាង​ប្ដី​ប្រពន្ធ ​១ ​គូ ​កាលពី​សម័យ​សង្គ្រាមស៊ីវិល​ក្រោម​ស្នាដៃ​និពន្ធ​របស់លោក​នាយករដ្ឋមន្ដ្រី​កម្ពុជា «​ទុក្ខ​ស្រី​ប្ដី​ព្រាត់​» គួប​នឹង​រូបរាង​ដ៏​គួរឱ្យ​អាណិត​កុមារី​មាន​ពិការភាព​អត់​ដៃ​អត់​ជើង​បានធ្វើឱ្យ​មហាជន​ស្រក់​ទឹកភ្នែក និង​ឡើង​ប្រគល់​កម្រងផ្កា​បញ្ជាក់​ពី​ជយលាភី​លេខ ១​។

​បើទោះបី​វា​គ្រាន់តែ​ជា​រឿង​អតីត​ដែល​ខ្លួន​ធ្លាប់បាន​ចូលរួម​ប្រឡង​ចម្រៀង​ឈ្នះ​ពានរង្វាន់​ឆ្នាំង​ដាំបាយ​យ៉ាងណាក៏ដោយ ក៏​យុវតី​ទើប​សម្រេច​បំណង​បន្ដ​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​សាកលវិទ្យាល័យ​កម្ពុជា ស៊ិន ស្រី​ហង្ស ហាក់​ស្រឡាញ់​វិស័យ​សិល្បៈ​ចម្រៀង ក្រៅពី​អាជីព​ក្ដី​សុបិន​ជា​ពិធី​ការិនី​។

​យុវតី ស៊ិន ស្រី​ហង្ស ដែល​ប្រសូត​មកជា​មួយ​ជំងឺ​ដ៏​កម្រ​ដោយ​អត់​មាន​ជើង​ និង​ដៃ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ក្នុង​បន្ទប់​ជួល​មួយ​ស្ថិតនៅ​ក្រោយ​សាកលវិទ្យាល័យ​កម្ពុជា​ទាំងអស់​សំណើច​ថា​៖ «​ខ្ញុំ​ធ្លាប់​ប្រឡង​ចម្រៀង​តាម​ភូមិ ជាប់​លេខ ១ ដោយ​ទទួលបាន​ឆ្នាំង​ដាំបាយ​មួយ​»​។

​និស្សិត​ផ្នែក​ព័ត៌មាន និង​គម​នា​គម​ន៍​ដែលមាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ស៊ុ​ង ១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត​ខេត្ដ​បាត់ដំបង​បាន​បន្ដថា​៖ «​ពេល​មាន​ពិធីមង្គលការ​បងប្អូន​ខ្ញុំ​ឡើង​ច្រៀង​អ័ក​​កេស ហើយ​គេ​ឱ្យ​លុយ​ម្នាក់ ២ ​ម៉ឺន ទៅ ៣ ​ម៉ឺន​រៀល​ដែរ​»​។​

​ស្រី​ហង្ស អាយុ ២២​ ឆ្នាំ​បាន​រំឭកថា កាលពី​អាយុ ១០ ​ឆ្នាំ ពេល​រៀន​នៅ​សាលា​បឋម ប្រជាជន​តែងតែមាន​ការប្រគំ​តន្ដ្រី​តាម​ភូមិ ហើយ​ពេលនោះ ពួកគេ​ក៏មាន​ការរៀបចំ​កម្មវិធី​ប្រឡង​ចម្រៀង​។

​យុវតី​ដែល​ទើប​មកដល់​រាជធានី​ជាង ​១ ​ខែ​នេះ បាន​បន្ដថា​៖ «​នៅ​ថ្ងៃ​ចុងបញ្ចប់​នៃ​ការប្រឡង​ចម្រៀង ខ្ញុំ​បាន​ទៅ​ចូលរួម និង​ច្រៀង​បាន​២​បទ ដោយ​មិនបាន​នឹកគិត​ចង់​ប្រកួត​​ប្រជែង​អ្វី​ទេ​។ ខ្ញុំ​បាន​ច្រៀង​បទ ទុក្ខ​ស្រី​ប្ដី​ព្រាត់ និង​បទ​ទី​២ ជា​បទ​ញាក់​របស់​កញ្ញា មាស សុខ​សោភា​។ បង​ប្អូន​អ្នកចូលរួមបាន​ទិញ​កម្រងផ្កា​ឱ្យ​ខ្ញុំ ហើយ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​នេះ បើ​បេក្ខជន​ណា​ទទួលបាន​កម្រងផ្កា​ច្រើនជាងគេ បុគ្គល​នោះ​នឹង​ក្លាយ​​ជា​អ្នកឈ្នះ​លេខ ១»​។​

​ដោយសារតែ​នៅ​ក្មេងខ្ចី​សេចក្ដី ស្រី​ហង្ស មិន​នឹកឃើញ​ចង់បាន​អ្វី​ក្រៅពី​កាន់​ក្បាល​មេក្រូ បង្ហាញ​សមត្ថភាព​ច្រៀង និង​សំនៀង​ដ៏​ក្រអួន​របស់ខ្លួន​។

​យុវតី​ដែលមាន​ឈ្មោះ​ល្បី​ដោយសារ​វីដេអូ​ឃ្លី​ប​គ្រង​ឈុត​សិស្សសាលា​ថ្នាក់បឋមសិក្សា​បានឈ្នះ​បេះដូង​មហាជន ស៊ិន ស្រី​ហង្ស បានឱ្យដឹងថា​៖ «​កាលនោះ ខ្ញុំ​អត់​ដឹងថា គេ​មាន​រង្វាន់​សម្រាប់​អ្នក​លេខ​ ១ នោះទេ ខ្ញុំ​គ្រាន់តែ​ចង់​ច្រៀង​។ ពេល​ច្រៀង​ចប់ ខ្ញុំ​អង្គុយ​មើល​បេក្ខជន​ច្រៀង​បន្ដទៀត​តាម​ធម្មតា ហើយ​ពេល​ចុងបញ្ចប់ ខ្ញុំ​ឮ​គេ​ប្រកាស​លទ្ធផល​អ្នក​ជាប់​លេខ ​១ ក៏​ហៅ​ឈ្មោះ កុមារី ស៊ិន ស្រី​ហង្ស​»​។

[img

​ជាមួយ​ក្ដី​ស្រមៃ​ជិត​បានសម្រេច​ក្នុង​គោលបំណង​ចង់​ធ្វើជា​ពិធី​ការិនី​វិទ្យុ ឬ​ទូរទស្សន៍ ស្រី​ហង្ស ទទួលបាន​រង្វាន់​ឆ្នាំង​ដាំបាយ ខណៈ​អ្នក​លេខ ២ ទទួលបាន​កង្ហារ ​១ ​គ្រឿង​។

​អ្នកស្រី ឈឺ​ន ឈុនលី អាយុ ៤៩ ​ឆ្នាំ ជា​ម្ដាយដែល​តែងតែ​តាមមើល​ថែកូន​មិន​ថា ដំណើរ​ជិត ឬ​ឆ្ងាយ ឬ​ការបំពេញ​វិជ្ជា​នៅ​ក្រុងភ្នំពេញ បាន​និយាយ​ពី​កូនស្រី​ថា​ បទ «​ទុក្ខ​ស្រីប្ដី​ព្រាត់​» បានធ្វើឱ្យ​អ្នក​ស្ដាប់​ស្រក់​ទឹក​​ភ្នែក​ជាមួយ​សំនៀង​មនោសញ្ចេតនា​លន្លង់លន្លោច​។

​អ្នកស្រី​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា​៖ «​ពី​តូច​ច្រៀង​ពីរោះ ហើយ​ឥឡូវ​ពេល​មាន​ភ្លេង គាត់​ច្រៀង​រាង​គ្រាន់​ដែរ​។ ពេល​មាន​ខន​សឺត​ម្ដងៗ​នៅក្នុង​ភូមិ គាត់​តែងតែ​ទៅ​ច្រៀង​ហើយ​ចាស់ៗ​កម្សត់​យំ​ទាំងអស់គ្នា​»​។

​បើទោះបីជា​មានការ​គាំទ្រ និង​ការ​​ជំរុញ​ទឹក​ចិ​ត្ដ​ពី​អ្នក​ម្ដាយ ក៏ដូចជា​មនុស្ស​ជុំវិញខ្លួន​ក្នុងការ​បញ្ចេញ​សមត្ថភាព​ទៅតាម​បំណង​របស់ខ្លួន​យ៉ាងណាក៏ដោយ ក៏ ស្រី​ហង្ស ហាក់​មាន​ភាពស្ទាក់ស្ទើរ​ជាមួយ​ក្ដីកង្វល់​ចំពោះ​រូបរាង​ខ្លួនឯង ដែល​មិនអាច​បំពេញតម្រូវការ​គណៈកម្មការ​។

​ស្រី​ហង្ស ដែល​អាច​សរសេរ បើក​ទំព័រ​សៀវភៅ​ចុច​ទូរស័ព្ទ និង​កុំព្យូទ័រ​ជាមួយ​ដើមដៃ​ខាងឆ្វេង​ប្រវែង ​១ ​ចំអាម​ បាន​និយាយ​ពី​បំណង​ចូលរួម​ប្រកួត​ចម្រៀង​ថា​៖ «​ដោយសារ​ខ្ញុំ​គិតថា ខ្ញុំ​ពិការ​ខាងគេ​យក​សម្រស់​អ៊ីចឹង​ខ្ញុំ​អត់​ហ៊ាន​ទៅ​។ ណាមួយ​ខ្ញុំ​ទើប​មកដល់​ភ្នំពេញ អត់​សូវ​ស្គាល់ និង​មិនទាន់​ហ៊ាន​ទៅ​ដាក់ពាក្យ​ប្រឡង​អី​ទេ​»​។

​ស្រី​ហង្ស​ ដែលមាន​ឆន្ទៈ​ពុះពារ​ក្នុង​ឆាកជីវិត​ និង​បំពេញ​ក្ដី​ស្រមៃ​របស់ខ្លួន​បាន​និយាយ​លើកទឹកចិត្ដដ​ល់​យុវតី​ដទៃ ដែល​គិត​ខ្លី និង​ឆាប់​បញ្ចប់ជីវិត​ខ្លួន​ថា កុំ​តូច​ចិ​ត្ដ​។ នរណា​ក៏មាន​បញ្ហា ហើយ​ពួកគេ​អាច​បញ្ចេញ​ទុក្ខ​​សោក​តាមរយៈ​ការស្រែក​យំ​ឱ្យ​អស់ពី​ទ្រូង តែ​កុំ​សម្លាប់ខ្លួន​។ ចូរ​ចងចាំ​ថា នៅមាន​ឪពុកម្ដាយ និង​បងប្អូន​ជា អ្នក​ស្រឡាញ់​ពួកគេ​៕