ក្រុង​ឡាស​វេ​ហ្គាស: ក្រុម Silk Sonic ដែលមាន​តារាចម្រៀង Bruno Mars និង Anderson Paak បានឈ្នះ​ពាន Grammy ចំពោះ​បទ​ប្រចាំឆ្នាំ «Leave The Door Open» បន្ថែម​ពីលើ​ពានរង្វាន់​នេះ​ ៣ ​ទៀត​។

​វា​ជា​ពានរង្វាន់ Grammy លើក​ទី៤ សម្រាប់​កំពូល​តារាចម្រៀង​ទាំង ​២ ​ដែល​ជាប់​ងារ​ជា​តារាចម្រៀង R&B សំឡេង​ស្រទន់​ចំពោះ​បទ​ចម្រៀង​ពេញនិយម​កន្លងមក​។​

​លោក Mars បានឈ្នះ​ពានរង្វាន់ Grammy ចំនួន​ ១១​ លើក​រួចមកហើយ​មុន​ចែករំលែក​នូវ​ពានរង្វាន់​ក្នុង​ប្រភេទ​ការនិពន្ធ​ចម្រៀង​ឆ្នើម​ជាមួយ​លោក Paak ផងដែរ​។

​លោក Paak គឺជា​កូនកាត់ បី​​សាសន៍ អាហ្វ្រិ​ក អាមេរិក និង​កូរ៉េ​។ តាំងពី​អាយុ ៧ ​ឆ្នាំ ឪពុក​របស់លោក​បាន​ជាប់គុក​ដោយសារ​វាយ​ម្ដាយ​របស់លោក​។ មិនយូរប៉ុន្មាន បន្ទាប់ពី​លោក​ចាប់ផ្ដើម​ថ្នាក់​វិទ្យាល័យ ម្ដាយ​របស់លោក​ត្រូវបាន​ចោទប្រកាន់​ឆបោក​។ ពេល​ជា​យុវវ័យ លោក​ផ្ដើម​ផលិត​តន្ដ្រី​ពីលើ​គ្រែ​ដេក​។​

​ក្នុង​ឆ្នាំ ​២០១១ មុនពេល​ក្លាយជា​តន្ដ្រីករ​ដ៏​ជោគជ័យ​ម្នាក់ លោក Paak ក្លាយជា​ជនអនាថា​​ អត់​ផ្ទះសំបែង​ជាមួយ​ភរិយា និង​ទារក​ជា​កូន ក្រោយ​លោក​ត្រូវបាន​បណ្ដេញ​ពី​ការងារ​នៅ​កសិដ្ឋាន​កញ្ឆា​នៅ​សាន់​តា បា​បា​រ៉ា​។

Paak និង Mars បានធ្វើ​តន្ដ្រី​ទេសចរណ៍​រួមគ្នា​ក្នុង​ឆ្នាំ ​២០១៧ មុនពេល​ប្រកាស​កាលពី​ឆ្នាំ​ ២០២១ ថា ពួកគេ​បាន​បង្កើតជា​ក្រុម Silk Sonic និង​ផលិត​អាល់​ប៊ុ​ម និង​បាន​បង្ហាញមុខ​ចូលរួម​កម្មវិធី Grammy ឆ្នាំមុន ដោយ​ការសម្ដែង​បទ​ចម្រៀង​បែប​ស្រទន់ Leave The Door Open​។

​គម្រោង​របស់​ពួកគេ​គឺ​ការជួយ​ក្រុម​​ចម្រៀង​កេរដំណែល​ទសវត្សរ៍​ឆ្នាំ ​១៩៧០ ជាមួយ​ការ​គ្រង​ឈុត​ឌី​ស្កូ​ស៊េរី​ចាស់ និង​បង្ហើរ​សំនៀង​ដ៏​ស្រទន់​បែប​មនោសញ្ចេតនា​ត្រឡប់​ទៅ​អតីតកាល​វិញ​៕ AFP/HR