​ក្រុង​យ៉ាំង​ហ្គោ​ន: ពេល​ក្រុមហ៊ុនស្រា​បៀរ​យក្ស​ជប៉ុន Kirin បានបញ្ចប់​ប្រតិ​ប​ត្ដិ​ការ​របស់ខ្លួន​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ កាលពី​ខែ​មុន ព័ត៌មាន​នេះ​អត់​ប៉ះពាល់​អី​បន្ដិច​ចំពោះ​លោក Kyaw Gyi ក៏ដូចជា​អ្នក​និយម​ក្រេប​​ស្រា​បៀរ​មី​យ៉ាន់​ម៉ា (Myanmar Beer) ដទៃទៀត ដែល​លែង​គាំទ្រ​ផលិតផល​នេះ​តាំងពី​យូរ​។

​អង្គុយ​នៅ​ខាងក្រៅ​បា​រ៍​ ១​ កន្លែង​លើ​វិថី​ទី ១៩ ក្រុង​យ៉ាំង​ហ្គោ​ន ជា​កន្លែង​ដ៏​ពេញនិយម​មួយ លោក Kyaw Gyi បាន​និយាយ​ដោយ​ប្រើ​រហស្សនាមថា​៖ «​យើង​ឈប់​ផឹក​វា​ហើយ​។ បើ​មានតែ​ស្រា​បៀរ​មី​យ៉ាន់​ម៉ា​នៅតាម​ហាង អ៊ីចឹង​យើង​មិន​ខ្ចី​ផឹក​តែម្ដង​»​។

​ស្ថិត​លើ​វិថី​នៃ​ទីប្រជុំជន​ក្រុង​យ៉ាំង​​ហ្គោ​ន អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន Zaw Naing បាន​និយាយថា ហាង​របស់លោក​មិនបាន​លក់​ស្រា​បៀរ​កម្រិត​អាល់កុល ៥​ ភាគរយ​នោះ​ទៀត​ទេ ចាប់តាំងពី​ខែមេសា ឆ្នាំមុន​។

​លោក​បន្ថែមថា ស្រា​បៀរ​មី​យ៉ាន់​ម៉ា មិន​ត្រឹមតែ​ត្រូវបាន​គេ​លប់ចោល​ការ​កុម្ម៉ង់​ទេ ថែមទាំង​មានការ​ស្នើឱ្យ​ក្រុមហ៊ុន​ប្រមូលយក​កៅអី តុ និង​ឆត្រ​ពណ៌​ក្រហម ស បៃតង និង​ពណ៌​មាស​នោះ​ចេញ​ថែម​ទៀតផង​។

​លោក​បាន​និយាយ​ដោយ​ស្នើ​ប្រើ​ត្រឹម​រហស្សនាម​ថា​៖ «​បើ​ប្រជាជន​ឃើញ​ឡូហ្គោ​ស្រា​បៀរ​មី​យ៉ាន់​ម៉ា​ភ្ជាប់​ជាមួយ​ឈ្មោះ​ភោជនីយដ្ឋាន​យើង ពួកគេ​នឹងមិន​ចូល​ឡើយ​»​។

​ក្រុមហ៊ុនស្រា​បៀរ​មី​យ៉ាន់​ម៉ា​ដំណើរ​​ការ​ដោយ Kirin និង​ក្រុមហ៊ុន​ពហុ​​ផលិតផល​របស់​យោធា Myanma Economic Holdings បាន​ចូលរួម​ហ៊ុន​រហូតដល់ ៨០​ ភាគរយ​។ នេះ​បើ​យោងតាម​តួលេខ​ដែល​ចុះផ្សាយ​ដោយ Kirin ក្នុង​ឆ្នាំ ​២០១៨​។

ហាង​មួយ​ចំនួនមិន​ចង់​ភ្ជាប់​ឈ្មោះ​កន្លែង​របស់ខ្លួន និង​រូបស្រាបៀរ​មីយ៉ាន់ម៉ា។ រូបថត AFP

​ក្រោយ​ជួប​វិបត្ដិ​កូ​វីដ និង​រដ្ឋប្រហារ​ជាច្រើន​ខែ​ក្នុង​ឆ្នាំ ​២០២១ ចំណូល​ប្រតិ​ប​ត្ដិ​បញ្ចប់​ឆ្នាំ​គឺ ៦,៦ ​ពាន់​លាន​យ៉េន (៥៤ ​លាន​ដុល្លារ​) បើ​ធៀប​នឹង​ចំណូល ១៣,៨ ​ពាន់​លាន​យ៉េន​។

​ក្នុង​ខែកុម្ភៈ ក្រោយ​ព្យាយាម​រំលាយ​ភាពជា​ដៃគូ​របស់ខ្លួន​អស់​រយៈពេល​ជាច្រើន​ពី​ក្រុមហ៊ុន​គាំទ្រ​ដោយ​យោធា និង​សម្ពាធ​ពី​ក្រុម​អង្គការ​សិទ្ធិ​​មនុស្ស ក្រុមហ៊ុន​យក្ស​ជប៉ុន Kirin បានប្រកាសថា ខ្លួន​នឹង​ចាក​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​។

​ពហិការ និង​ការចាកចេញ​នាពេលខាងមុខ បាន​ទុក​ឱកាស​ឱ្យ​គូប្រជែង ដូចជា Heineken, Carlsberg និង Chang របស់​ក្រុមហ៊ុន​ថៃ​កំពុង​សម្លឹង​រក​បំពេញ​ចន្លោះ​ទីផ្សារ​នេះ​។

​តំណាងឱ្យ​ក្រុមហ៊ុន Heineken ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ខ្លួន​ឆាប់​វាយតម្លៃ និង​ធ្វើ​អត្ថាធិប្បាយ​ពេក​លើ​ទម្លាប់​នៃ​ការ​​ទទួលទាន​របស់​អតិថិជន​។

​ខណៈ​ស្ថានភាព​សន្ដិភាព​នៅ​បន្ដ​នាពេល​បច្ចុប្បន្ន Nyi Nyi អាយុ ២៧​ ឆ្នាំ បាន​និយាយថា លោក​អត់​មានបំណង​ចង់​ផ្លាស់ប្ដូរ​ចិត្ត​នោះទេ​។

​លោក​និយាយថា​៖ «​បើ​គ្មាន​បញ្ហា​អ្វី​ជាមួយ​យោធា​ទេ យើង​នឹង​នៅតែ​ជ្រើសរើស​ស្រា​បៀរ​មី​យ៉ាន់​ម៉ា​ដូច​សព្វ​មួយដង​»៕ AFP/HR