ភ្នំពេញ: ជាមួយ​ស្នាម​សាក់​លម្អ​ពេញដៃ​ជើង​សខ្ចី កញ្ញា គ្រី​ស ឌី​វ៉ា ជា​សិល្បការិនី​ដ៏​លេចធ្លោ​ ១​ រូប​ ដែល​លេង​ស្ទីលកោរសក់​យ៉ាង​មាន​ជំនឿ​ចិត្ត ស្ទើរតែ​ពុំមាន​តារា​ស្រី​ណា​ម្នាក់​ធ្លាប់ធ្វើ​កន្លងមក​។

​ឆ្នាំមុន​ជា​ពេលដែល ឌី​វ៉ា បាន​ឈាន​ជើង​ចូលមកក្នុង​វិស័យ​សិល្បៈ​ទាំង​ការ​ច្រៀង សម្ដែង ឌី​ជេ រួមទាំង​អាជីព​ជា​អ្នក​ច្នៃ​ម៉ូដ​។

​កញ្ញា​ត្រូវបាន​គេ​ចាប់ផ្ដើម​ស្គាល់​ច្រើន​នៅវេលា​ដែល​រូបនាង និង​ដៃគូ Live វីដេអូ​ចាក់​ឌី​ស លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក «ALEX MATT» និង​មាន​ចំនួន​អ្នក​ទស្សនា​ចេះតែ​កើនឡើង​។

​សិល្បការិនីវ័យ ២៤ ​ឆ្នាំ រូបនេះ​រំឭក​ពី​ដំណើរ​ចូល​សិល្បៈ​ថា​៖ «​តាមពិតខ្ញុំ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យូរហើយ តែ​មិនទាន់​ចូល​ស៊ប់ ទើបតែ ១ ​ឆ្នាំ​មុននេះ​។ វិថី​សិល្បៈ​ជា​ក្ដី​ស្រមៃ​តាំងពីក្មេង​មក ខ្ញុំ​តែង​ស្រឡាញ់​ការទទួល​​បាន​ចំណាប់អារម្មណ៍ ពី​អ្នកគាំទ្រ និង​ស្រឡាញ់​ភាព​ស្អាត​»​។​

​យ៉ាងណាក្ដី ជម្រើស​លើ​វិថី​តារា​ពុំ​ងាយស្រួល​ទេ​សម្រាប់ ឌី​វ៉ា ដែលមាន​សាវតា​គ្រួសារ​ជា​អ្នកធ្វើការ និង​អ្នកជំនួញ ពុំមាន​ឈាមជ័រ​សិល្បៈ​ដោយ​សូម្បីតែ​ជីដូន​ជីតា​របស់​កញ្ញា​ក៏​ពុំ​សប្បាយ​ចិត្តនឹង​ជម្រើស​នេះដែរ​។

​តែ​កញ្ញា​នៅតែ​ទទូចថា​៖ «​បើ​គាត់​ជា​អ្នក​ស្រឡាញ់​សិល្បៈ គាត់​នឹង​យល់នៅពេលដែល​យើង​កើតមក​យើង​ស្រឡាញ់​អ្វីមួយ ទោះ​ជាមាន​ការងារ​ល្អ​ជាង​ហ្នឹង ទោះ​ជាមាន​ឧបសគ្គ ឬ​រកបាន​តិច​បាន​ច្រើន យើង​នៅតែ​ចង់​ធ្វើ​»​។​

សិល្បការិនីពហុជំនាញ​កញ្ញា គ្រីស ឌីវ៉ា អាយុ​ ២៤ ​ឆ្នាំ ជា​អ្នក​ច្នៃម៉ូដ ច្រៀង​ សម្ដែង និង​ឌីជេ។ រូបថត សហការី

​វា​ជា​រឿង​រីករាយ​ដែល​កញ្ញា​សម្គាល់ថា ឪពុកម្ដាយ​បាន​បន្ធូរបន្ថយ ដោយ​យល់ថា​ ក្មេង​សម័យថ្មី​ត្រូវការ​ស្វែងរក​គោលដៅ និង​ចំណូលចិត្ត​ខ្លួនឯង​។

​ជា​កូន​កណ្ដាលចំណោម​បងប្អូន ៣​ នាក់ កញ្ញា​បន្តថា​៖ «​លទ្ធផល​យ៉ាង​​ណា ក៏​ពួកគាត់​ឱ្យ​សាកមើល​ខ្លួនឯង ដើម្បីឱ្យ​អស់ចិត្ត​។ ទាល់តែ​យើង​ស្វែង​​រក បាន​យើង​រកឃើញ​ខ្លួនឯង​»​។​

​ឌី​វ៉ា ក៏បាន​ឱ្យដឹងថា ៣ ​ឆ្នាំមុន កញ្ញា​មាន​ភាគហ៊ុន​ពាក់កណ្ដាល​ជាមួយ​ហាង​ច្នៃ​ម៉ូដ​ ១ ប៉ុន្តែ​កញ្ញា​បាន​ដកខ្លួន​ព្រោះ​មិនមាន​ពេល​គ្រប់គ្រាន់​។ បច្ចុប្បន្ន ឌី​វ៉ា នៅតែ​បន្ត​ការ​រចនា​ម៉ូដ​សម្រាប់​ស្លៀក​ខ្លួនឯង ដៃគូ ក្រុម និង​អ្នកសិល្បៈ​ដែល​ស្គាល់គ្នា​ប៉ុណ្ណោះ​។

​ប្រឡូក​ក្នុង​សិល្បៈ កញ្ញា​បានឱ្យដឹងថា មនុស្ស​របស់​មហាជន ប្រាកដ​ណាស់​ចៀស​មិន​ផុតពី​ទទួលបាន​មតិ​ច្រើន ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។​

​តែ​អ្វីដែល​ធ្វើឱ្យ ឌី​វ៉ា ធុញថប់​ គឺ​មនុស្ស​ជាច្រើន​ផ្ដោតទៅលើ​តែ​ការ​​កោរសក់​របស់​កញ្ញា​។

​កញ្ញា​រំឭក​ប្រាប់ថា​៖ «​កាលពី​ឆ្នាំមុន ដែល​ខ្ញុំ​ធ្លាប់​ធ្វើជា​ក្លិប​អន​ឡាញ ហើយ ឡែ​ហ្វ និយាយ​លេង​ជាមួយ​ទស្ស​និក​​ជន​។ ពេល​ខ្ញុំ​ទទួលបាន​មតិយោបល់​ដដែលៗ​ទាក់ទង​នឹង​សក់​របស់ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ធុញថប់ ខ្ញុំ​ហត់នឿយ​នឹង​ពន្យល់​»​។​

​កញ្ញា ឌី​វ៉ា បាន​បន្តថា​៖ «​តែ​ខ្ញុំ​ដឹងថា​នេះ ជា​រឿង​ធម្មតា​។ បើ​យើង​ស្រឡាញ់​វិស័យនេះ យើង​ត្រូវ​ទទួល​​យក​ឱ្យបាន​។ ដូច​បងៗ​សិល្បករ​ផ្សេងទៀត កាន់តែ​ល្បី អ្នក​ស្រឡាញ់​ក៏​ច្រើន អ្នក​ស្អប់​ក៏​ច្រើន​។ ដូច​គេ​និយាយ​អ៊ីចឹង សំពៅ​កាន់តែ​ធំ ក្ដោង​កាន់តែ​ធំ​។ តែបើ​មតិដែល​រិះគន់​ក្នុងន័យ​ឱ្យ​យើង​កែប្រែ យើង​ក៏ត្រូវ​យកមក​គិត​ឡើងវិញ​ដូចគ្នា​»​។

​អ្នកខ្លះ​គិតថា ឌី​វ៉ា ទំនងជា​កើត​មហារីក តែ​មូលហេតុ​ពិត​គឺ​ជម្រើស​នៃ​ការ​កោរសក់​ក៏​កើតចេញពី​អារម្មណ៍​ស្ត្រេ​ស​ខ្លាំង​អំឡុងពេល​កូ​វីដ ដែលនាំឱ្យ​សក់​ចាប់ផ្ដើម​ជ្រុះ ហើយ​កញ្ញា​ក៏​សម្រេចចិត្ត​កោរ ស្រប​នឹង​ចំណូលចិត្ត​ស្រឡាញ់​ម៉ូដ​សក់​បែបនេះ​តែម្ដង​។

​លើសពី​ទស្សនៈ​លេង​ម៉ូដ​សក់​កោរ កញ្ញា ឌី​វ៉ា បាន​ពន្យល់ថា​៖ «​តែ​ចំណុច​សំខាន់ ខ្ញុំ​គិតថា​ គ្រប់គ្នា​គិតថា​សក់​ជា​ចំណុចដែល​ស្អាត​បំផុត​របស់​ស្ត្រី ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់ថា មនុស្ស​ស្រី​គ្រប់គ្នា មិនមែន​ស្អាត​ដោយសារ​សក់​ទេ គឺជា​គ្រប់យ៉ាង​នៃ​មនុស្ស​ស្រី​។ ជាក់ស្ដែង​ខ្ញុំ​មិនមាន​សក់ ប៉ុន្តែ​ខ្ញុំ​អាច​បញ្ចេញ​ភាពលេច​ធ្លោ​ផ្សេងៗ តាម​​រយៈការសម្ដែង ការ​តែងខ្លួន អាកប្ប​​កិរិយា និង​ឥរិយាបថ​របស់ខ្ញុំ សំខាន់​ការ​ស្គាល់​ពី​ខ្លួនឯង​ច្បាស់​»​។

កញ្ញា គ្រីស ឌីវ៉ា និង ឡែហ្វ ជាដៃគូ​របស់នាង ដែល​ Live វីដេអូលើ​ហ្វេសប៊ុក។ រូបថត សហការី

​ការ​កោរសក់​នេះ​ក៏​បង្កើត​ចម្ងល់ និង​ភាព​ចម្លែក​ចិត្ត​ដល់​គ្រួសារ​របស់ ឌី​វ៉ា ប៉ុន្តែ​វា​ទាមទារ​ពេលវេលា​ដែល​ធ្វើឱ្យ​ពួកគាត់​ទទួលយក និង​មើលឃើញថា​ការ​សក់​បែបនេះ​ទៅ​ក៏​សម​នឹង​ទម្រង់​មុខ​កញ្ញា​ម្យ៉ាងដែរ​។​

​អ្វីដែល​កញ្ញា ឌី​វ៉ា ត្រូវ​គិតគូរ​នោះ​គឺ​៖ «​ការធ្វើ​សក់​បែបនេះ បើ​យើង​រើស​ខោអាវ​ពាក់​មិន​ស្រួល ឃើញ​យើង​ចាស់ ខោអាវ ឃ្យូ​ត​ពេក​ក៏​មិនសូវ​សម ដូច្នេះ ខ្ញុំ​ត្រូវ​ប្រយ័ត្ន ចេះ​រើស​ស្ទីល​ឱ្យ​សម​នឹង​ខ្លួន នឹង​សក់​»​។​

​រឿង​រីករាយ​ដែល​ផុស​ពី​ក្ដី​សុបិន​នៃ​វិស័យ​សិល្បៈ គឺ​ទី​១ កញ្ញា​អាចធ្វើឱ្យ​ទស្សនិកជន អ្នក​ដែល​តាមដាន​កញ្ញា​សប្បាយ​ចិត្ត​។ ទី​២ ការ​បង្ហោះ​រៀបរាប់​ពីបទ​ពិសោធ​អ្វី​ ១ អាច​លើកទឹកចិត្ត​ដល់​អ្នកគាំទ្រ ព្រោះ​កញ្ញា​ចង់​ធ្វើជា​កម្លាំង​ជំរុញ​ចិត្ត​ដល់​អ្នក​ដែល​ត្រូវ​​ការ​។ ជា​ចុងក្រោយ​គឺ​កញ្ញា​អាច​ជួប​រៀមច្បង​ក្នុង​រង្វង់​សិល្បៈ ដែល​ខ្លួន​ធ្លាប់​គាំទ្រ​តាំងពីក្មេងៗ និង​បច្ចុប្បន្ន​ជា​អ្នកផ្ដល់​កម្លាំងចិត្ត​ដល់​ខ្លួន ដូចជា ទេព បូ​ព្រឹក្ស និង​សួស វី​ហ្សា ជាដើម​។​

​ជាមួយ​គម្រោង​ថ្ងៃ​អនាគត​ដែល ឌី​វ៉ា ចង់​ធ្វើ​ចម្រៀង ធ្វើ​ភ្លេង និពន្ធ​ចម្រៀង ជា​រស​និយម​បែប​ថ្មី​នៅក្នុង​កម្ពុជា កញ្ញា​ក៏បាន​ផ្ដាំផ្ញើ​ថា​៖ «​បងប្អូន​ទាំងអស់គ្នា​បើសិន​ជាមាន​ក្ដី​ស្រមៃ​ពី​អី​មួយ យើង​កុំ​បោះបង់​វា​ចោល ត្រូវ​ព្យាយាម​ដើរទៅ​រកក្ដី​ស្រមៃ ​១ ​ហ្នឹង​។ បើសិនជា​មិនដឹងថា ​ខ្លួនឯង​ជា​នរណា វង្វេងក៏​មិនត្រូវ​បាក់​ទឹកចិត្ត​ដែរ ហើយ​ភាព​វិជ្ជមាន​គឺ​ត្រូវតែមាន​នៅក្នុង​ខ្លួន​។ ចំណុច​ទាំងនេះហើយ​ដែល​នាំ​យើង​ទៅដល់​គោលដៅ ដែល​យើង​ចង់ទៅ​»​។

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​ឈ្មោះ គ្រី​ស ឌី​វ៉ា - Christ Diva និង​អ៊ី​ន​ស្តា​ក្រាម divachrist_98s៕