ក្រុង​សាន់ហ្វ្រាន់​ស៊ី​ស្កូ: ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម Epic Games បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ទឹកប្រាក់ ១៤៤ ​លាន​ដុល្លារ ​ដែល​ទទួលបាន​ពី​ហ្គេម​ប្រយុទ្ធ​គ្នា «Fortnite» ដ៏​ពេញ​​និយម​នឹង​ប្រើ​សម្រាប់​ជួយ​ពលរដ្ឋ​​រងគ្រោះ​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

​ប្រធាន Xbox លោក Phil Spencer ឆ្លើយតប​លើ Twitter ទៅនឹង​សេចក្ដីប្រកាស​របស់ Epic អំពី​ការ​​បរិច្ចាគ​នេះ​ថា​៖ «​ពិតជា​អស្ចារ្យ​ណាស់ ដែល​បានឃើញ​សហគមន៍​ហ្គេម​មាន​ឥទ្ធិពល​លើសពី​ការលេង​ហ្គេម​»​។

​ហ្គេម​បាញ់បោះ Fortnite បាន​ពង្រីក​អ្នកលេង​ជាង ៣៥០ ​លាន​នាក់​ទូទាំង​ពិភពលោក ដោយ​ទើបតែ​បញ្ចេញ​ហ្គេម​រដូវ​កាល​ថ្មី​ចុងខែ​មីនា​។

​ហ្គេម​នេះ​ត្រូវបាន​ដាក់ឱ្យ​ដោ​ន​ឡូត និង​លេង​ដោយ​ឥតគិតថ្លៃ ដែល​ក្រុមហ៊ុន​រក​ចំណូល​ពី​ការជួញដូរ​តាម​ជម្រើស​ដូចជា សម្លៀកបំពាក់​ឌីជីថល​សម្រាប់​តួអង្គ ចលនា​រាំ​សម្រាប់​អវតារ និង​យុទ្ធនាការ​ប្រកួតប្រជែង​។

​លោក Spencer បាន​អរគុណ​ដល់ Epic សម្រាប់​ការរៀបចំ​កិច្ចខិតខំ​ប្រឹង​ប្រែង​រៃអង្គាសប្រាក់​នេះ​។

​យោងតាម Epic បាន​បង្ហាញថា ប្រាក់​ដែល​រៃអង្គាស ត្រូវបាន​ផ្ដល់​ជា​ជំនួយ​ដល់​ក្រុម​អង្គការ​នានា រួមទាំង UNICEF ទីភ្នាក់ងារ​ជនភៀសខ្លួន និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ​ផងដែរ​។

​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់ និង​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ជាង ៤,២​ លាន​នាក់ ​បាន​រត់​ចេញពី​ប្រទេស​តាំង​​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​ក្នុង​ខែកុម្ភៈ​។

​ក្រុមហ៊ុន និង​អ្នក​ផលិត​វីដេអូ​ហ្គេម​ក្នុង​ទីក្រុង​ផ្សារ​នានា បាន​រៃអង្គាសប្រាក់​ ដើម្បី​លើកស្ទួយ​កិច្ចការ​មនុស្ស​​ធម៌​នៅ​តំបន់​អឺរ៉ុប​ខាងកើត​។

​ផលិតករ​ហ្គេម «League of Legends» ឈ្មោះ Riot Games បានប្រកាស​ថ្មីៗ​នេះ​ថា ខ្លួន​បាន​រៃអង្គាសប្រាក់ ៥,៤​ លាន​ដុល្លារ ​សម្រាប់​កិច្ចការ​មនុស្សធម៌​នេះ​៕ AFP/HR