ក្រុងប៉ារីស: អ្នកគាំទ្រ​ភាពយន្ដ​​ភាគ​កូរ៉េ «Squid Game» មិនគួរ​រង់ចាំ​ដោយ​អន្ទះសា​នោះទេ ដោយ​ផលិតករ វ៉ាង ដុង​យុក (Hwang Dong-hyuk) មិនទាន់​សរសេរ​អត្ថ​​បទ​រឿង​សម្រាប់​រដូវ​កាល​ទី​២ និង​បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា វា​ទំនងជា​ដាក់​បញ្ចាំង​ចុងឆ្នាំ ​២០២៤ ​ឯណោះ​។

​អ្នកនិពន្ធ និង​ផលិតករ​ជនជាតិ​កូរ៉េខាងត្បូង បាន​និយាយ​នៅ​មហោស្រព MIPTV ក្នុង​ទីក្រុង​កាន ឯ​ភាគខាងត្បូង​បារាំង​ថា​៖ «​ខ្ញុំ​ត្រូវ​បន្ដ​បេសកកម្ម​រដូវ​កាល​ទី​២​។ រំពឹងថា ខ្ញុំ​អាច​បង្ហាញ​ដល់​អ្នកគាំទ្រ​នៅ​ចុងឆ្នាំ​ ២០២៤»​។

​នៅ​ ១ ​ថ្ងៃមុន​ឯ​មហោស្រព Canneseries លោក​បាន​សារភាពថា លោក​និពន្ធ​សំណេរ​តែ ៣ ​ទំព័រ​ សម្រាប់​ភាពយន្ដ​ភាគ​ដ៏​សាហាវឃោរឃៅ​។

​រឿង «Squid Game» បានបង្ហាញ​ពី​ក្រុម​អ្នកប្រកួតប្រជែង​មកពី​មនុស្ស​វណ្ណៈ​ទាប​ក្នុងសង្គម ដោយ​ការប្រកួត​តាម​ល្បែង​កូនក្មេង​តាម​ប្រពៃណី​កូរ៉េខាងត្បូង​ដើម្បី​ដណ្ដើម​ប្រាក់ ដោយ​អ្នកចាញ់​ត្រូវស្លាប់​។

Netflix បានឱ្យដឹង​កាលពី​ខែតុលា​ថា អ្នក​ជាវ ​១៤២ ​លាន​នាក់​បាន​មើល Squid Game ដែលជា​កំណត់ត្រា​ទាមទារ​ការផលិត​ស៊េរី​ទី​២​។

​ដើមឡើយ​លោក វ៉ាង បាន​សរសេរ​សាច់រឿង​ជា​ទម្រង់​ភាពយន្ដ​បទ​យក​ការណ៍​ក្នុង​ឆ្នាំ ​២០០៩ និង​ត្រូវបាន​បញ្ចុះបញ្ចូល​ឱ្យ​ផលិត​ជា​ភាពយន្ដ​​ភាគ​ទូរទស្សន៍ ក្រោយ Netflix បាន​មកដល់​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ ​២០១៦​។

​លោក​ថា កិច្ចការ​សំណេរ​អត្ថបទ​រឿង​រយៈពេល ​៧ ​ខែ ​មិន​សប្បាយ​នោះទេ​។

​លោក​បាន​និយាយ​ទាំង​ផ្ទុះសំណើច​ថា​៖ «​វា​ជា​នរក​។ រដូវ​កាល​ទី​២ អាចជា​ស៊េរី​ចុងក្រោយ​នៃ​រឿង​ហើយ​»​។

​ដោយ​បង្ហើប​ថា រដូវ​កាល​ទី​២ «KO Club» គឺជា​ភាពយន្ដ​អំពី​ការសម្លាប់​មនុស្ស​ចាស់ និង​រឹតតែ​សាហាវព្រៃផ្សៃ លោក វ៉ាង បាន​អះអាងថា​៖ «​ខ្ញុំ​នឹងត្រូវ​គេច​ពី​ចាស់ៗ​ហើយ ក្រោយ​ដាក់​បញ្ចាំង​ស៊េរី​ថ្មី​»៕ AFP/HR