ក្រុង​អ៊ិ​ស្លា​ម៉ា​បាដ: ស្ទើរតែ​មិន​ស្លៀកពាក់​អ្វី​ទាំងអស់ និង​ខ្លួនប្រាណ​សើម​ដោយ​ទឹកលូ​ក្លិនស្អុយ​គគ្រក់ លោក សា​ហ្វិ​ក ម៉ា​ស៊ី ខំ​ងើប​ចេញពី​ប្រហោង​លូ ដែល​លោក​ទើបបាន​ចូលធ្វើការ​សម្អាត​ដោយ​ដៃ​នៅក្នុង​ខណ្ឌ​ ១ ​នៃ ឡា​ហ័​រ ជាទី​ក្រុង​ធំ​បំផុត​ទី​២ ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​។

​រៀងរាល់ថ្ងៃ បុរស​វ័យ ៤៤ ​ឆ្នាំ ត្បុល​ក្បាល​ចូលក្នុង​លូទឹកស្អុយ​នៃ​ទីក្រុង ដោយ​ហ៊ាន​ជម្នះ​នឹង​ក្លិន​ឧស្ម័ន​ពុល​បញ្ចេញ​ពី​លាមក ការបំពុល​បរិស្ថាន និង​កាកសំណល់ ដើម្បី​ធ្វើ​ការកាយ​សម្អាត​បណ្ដាញ​លូបង្ហូរទឹក​។

​លោក​បាន​ប្រាប់ AFP ថា​៖ «​នៅពេល​មាន​អ្នក​ចុះ​ក្នុង​លូ ពួកគេ​ត្រូវ​លះបង់​តម្លៃ​នៃ​ការគោរព​ខ្លួនឯង​»​។

​មិន​ខុសពី​កម្មករ​អនាម័យ​ភាគ​​ច្រើន​នៅ​ប៉ា​គី​ស្ថាន លោក សា​ហ្វិ​ក គឺជា​អ្នក​ប្រណិប័តន៍​សាសនា​គ្រិស្ដ​ម្នាក់ និង​បំពេញការងារ​ប្រឈម​ការ​​រើសអើង​ពី​សង្គម ដែល​ត្រូវ​មាក់ងាយ​ដោយ​ជនជាតិ​មូស្លីម​ភាគច្រើន​។

៨០ ភាគរយ​នៃ​អ្នក​បោស​​សំរាម បារ​លូ ជា​គ្រិស្តសាសនិក។ រូបថត ​AFP

​ក្នុង​ឆ្នាំ ​២០១៧ ក្រុម​វេជ្ជបណ្ឌិត​មូស្លីមបាន​បង្ក​ការរិះគន់ និង​ការតវ៉ា​នៅ​ក្រុង Umerkot នៅពេល​ពួកគេ​មិន​ព្រម​ព្យាបាល​កម្មករ​បូម​លូ​ជា​គ្រិស្ដ​សាសនិក​ម្នាក់ ដែល​ជួប​បញ្ហា​ពុល​ឧស្ម័ន ក្រោម​ហេតុផល​ថា ពួកគេ​មិនអាច​ប៉ះពាល់​រាងកាយ​កខ្វក់​បានទេ ពីព្រោះ​ពួកគេ​ត្រូវ​រក្សា​ភាព​ស្អាតស្អំ​អំឡុង​បុណ្យ​ពិសិដ្ឋ​រ៉ា​ម៉ា​ដន​។

​គ្រិស្ដ​សាសនិក​ភាគច្រើន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន សុទ្ធតែជា​អ្នកមាន​សាវតា​ព្រហ្មញ្ញ​វណ្ណៈ​ទាប ដែល​បាន​ផ្លាស់ប្ដូរ​ជំនឿ​របស់ខ្លួន​អំឡុង​សម័យ​អាណានិគម​ចក្រភព​អង់គ្លេស​ក្នុង​បំណង​ចង់​គេច​ចេញពី​ប្រព័ន្ធ ដែល​រមែង​បង្ខំ​ពួកគេ​ធ្លាក់​ទៅក្នុង​ជីវិត​លំបាកលំបិន​តាំងពី​កំណើត​មក​។

​អតីត​ព្រហ្មញ្ញ​សាសនិក​វណ្ណៈ​ទាប​ក្លាយជា​គ្រិស្ត​សាសនិក​មាន​ចំនួន​ជិត ២​ ភាគរយ​នៃ​ចំនួន​ប្រជាជាតិ​សរុប តែ​ពួកគេ​មាន​ចំនួន ៨០ ​ភាគរយ​នៃ​អ្នក​​បំពេញការងារ​ប្រមូល​សំរាម បូម​លូ និង​បោសសម្អាត​ផ្លូវថ្នល់​។ នេះ​បើ​យោងតាម​តួលេខ​ដកស្រង់​ដោយ​គណៈកម្មការ​សិទ្ធិ​មនុស្សជាតិ​។

​បណ្ដាញ​លូ​នៅ​ទីក្រុង​ឡា​ហ័​រ ដែលមាន​ប្រជាជន ១១​ លាន​នាក់ តែងតែ​ត្រូវបាន​ប្រើ​ឈើ​វែង​ចាក់​ឆ្កឹះ​កន្លែង​កក​​ស្ទះ​។ បើ​វិធី​នេះ​អត់​ប្រសិទ្ធភាព ត្រូវមាន​កម្មករ​ណា​ម្នាក់​ចុះ​បារ​សម្អាត​។

​អស់​រយៈពេល​ ២២​ ឆ្នាំ​នៃ​កិច្ចការ​សម្អាត​លូ​ដ៏​កខ្វក់ លោក សា​ហ្វិ​ក ទទួលបាន​ប្រាក់ខែ​តែ ៤៤ ០០០ ​រូពី (​ជិត ១ ​លាន​រៀល​) ក្នុង​ ១​ ខែ ដោយ​វា​ច្រើនជាង​ប្រាក់ចំណូល​អ្នក​បោស​​សម្អាត និង​អ្នក​រើស​អេតចាយ​ជិត​ពាក់កណ្ដាល​ឯណោះ​។

លោក សាហ្វិក ជា​គ្រិស្តសាសនិក​មានសាវតា​រព្រហ្មញ្ញ។ រូបថត ​AFP

​ប៉ុន្ដែ​កត្ដា​ប្រឈម​គ្រោះថ្នាក់​ក៏មាន​ខ្ពស់ ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង ដូចជា រោគរបេង និង​ជំងឺថ្លើម ព្រមទាំង​បញ្ហា​ស្បែក និង​ជំងឺ​ភ្នែក​។

​អ្នក​បារ​លូ​ប្រឈម​នូវ​ឧ​ប្ប​ត្ដិ​ហេតុ​ផ្សេងៗ រហូតដល់​ស្លាប់​ទៀតផង​។

​លោក សា​បាស ម៉ា​ស៊ី អាយុ ៣២​ ឆ្នាំ ដែល​ធ្លាប់​ជួប​បញ្ហា​ឧស្ម័ន​ពុល​ក្នុង​បណ្ដាញ​លូ មុនពេល​ត្រូវបាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យបាន​និយាយថា​៖ «​នៅពេល​ទៅធ្វើ​ការយើង​មិន​ប្រាកដថា នឹង​បាន​វិល​មក​ផ្ទះ​វិញ​ឬ​យ៉ាងណា​ឡើយ​»​។

​លោក សា​ហ្វិ​ក ក៏​ដឹង​ដែរ​ថា គ្មាន​ថ្ងៃ​ឡើង​ដំណែង​អ្វី​លើសពី​បារ​លូ​ទេ​។​

​ប៉ុន្ដែ​រៀងរាល់ថ្ងៃ លោក​ថា​៖ «​អរគុណ​ព្រះ​ជា​ម្ចាស់​ដែល​លោក​មានឱកាស​មើលឃើញ​ពន្លឺ​ថ្ងៃ​ថ្មី​»៕ AFP/HR

លោក សាហ្វិក ចុះ​ក្នុងបំពង់លូ​ដ៏​​កខ្វក់​ស្អុយគគ្រក់​។ រូបថត ​AFP