​ក្រុង​ឡុង​ដ៍: ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​អង្គារ បានឱ្យដឹងថា ខ្លួន​នឹង​ហាម​បុគ្គល​ល្បីឈ្មោះ រួមទាំងតារា​​បាល់ទាត់ តារា​ទូរទស្សន៍ និង​អ្នកមាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម ពី​ការ​​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ ដើម្បី​ការពារ​យុវវ័យ និង​ជន​ងាយ​រងគ្រោះ​។

​គណៈកម្មាធិការ​អនុវត្ដ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម (CAP) បានឱ្យដឹងថា ការ​រឹតបន្ដឹង​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​ទៅលើ​ឥស្សរជន​ល្បីៗ​ចាប់ពី​ថ្ងៃទី​ ១ ខែតុលា ខាងមុខ ដោយសារ​ពួកគេ​មាន​ឥទ្ធិពល​ខ្លាំង​លើ​បណ្ដាញ​សង្គម​។

​វិធានការ​នេះ​ ត្រូវបាន​ធ្វើឡើង​នៅពេល​ក្រុម​ភ្នាល់​ល្បែង​លើ​អន​ឡាញ ដែល​បាន​កើន​ឡើងជា​គំហុក​អំឡុងពេល​បិទ​ខ្ទប់​។

​គណៈកម្មាធិការបានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា កីឡាករ​ល្បីៗ និង​អ្នកមាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម ដែល​ទំនងជា​ពេញនិយម​សម្រាប់​កុមារ ឬ​យុវវ័យ នឹង​ត្រូវបាន​ហាមឃាត់​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជ​​កម្ម​ល្បែង និង​ឆ្នោត​។

​បម្រាម​នេះ​ក៏​ធ្វើឡើង​ចំពោះ​តារា​បាល់ទាត់​ល្បីៗ និង​តារា​ទូរទស្សន៍​។

​នាយក CAP លោក Shahriar Coupal បាន​និយាយថា​៖ «​នៅ​ថ្ងៃ​ដែល​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បែងស៊ីសង​ជាមួយ​រូបភាព​តារាបាល់ទាត់ រូបភាព​វីដេអូ​ហ្គេម និង​មាតិកា​ផ្សេងៗ​ដែល​ផ្សាយ​ទៅដល់​ក្មេងៗ​អាយុ ១៨​ ឆ្នាំ​នឹងត្រូវ​បញ្ចប់​»​។

​វិធានការ​ជា​ហូរហែ​ត្រូវ​បានដាក់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ ដើម្បី​ដោះស្រាយ​បញ្ហា​ញៀន​​ល្បែង​នៅ​ចក្រភព​អង់គ្លេស ចាប់ពី​ការ​​ហាម​ការប្រើប្រាស់​កាត​ឥណទាន​ក្នុងការ​ភ្នាល់​រហូតដល់​បញ្ជូន​សារ​ព្រមាន​ចំពោះ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​កញ្ចក់​ទូរទស្សន៍ និង​កំហិត​ប្រាក់​ភ្នាល់​លើ​ហ្គេម​ម៉ាស៊ីន​។

​អាយុ​អាច​ភ្នាល់​ល្បែង​សម្រាប់​ឆ្នោតជាតិ​ក៏ត្រូវ​បាន​ដំឡើង​ពី ១៦ ដល់ ១៨ ​ឆ្នាំ​ផងដែរ​៕ AFP/HR