ក្រុង​ឡុង​ដ៍: ពួកគេ​រងគ្រោះ​ព្រោះ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប Brexit និង​រលក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ ក៏ដូចជា​ការប្រយុទ្ធប្រឆាំង​នឹង​កំណើន​អតិផរណា​ថែមទៀត​។ ប៉ុន្ដែ​ហាង​អាហារសម្រន់​ត្រី និង​ដំឡូងបារាំង​បំពង​រាប់ពាន់​នៅ​ចក្រភព​អង់គ្លេស ទំនងជា​ត្រូវ​លិចលង់​ដោយសារតែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

​លោក អេ​នឌ្រូ ក្រូក ប្រធាន​សហ​ព័ន្ធ​ជាតិ ត្រី និង​ដំឡូងបារាំង​បំពង (NFFF) បាន​និយាយថា ជា​ទម្លាប់រុស្ស៊ី​ផ្គត់ផ្គង់​ត្រី​ចន្លោះ​ពី ៣០ ទៅ ៤០ ​ភាគរយ​នៃ​ត្រី​ដែល​លក់​ក្នុង​ហាង​ត្រី និង​ដំឡូងបារាំង​បំពង​។

​អ៊ុយ​ក្រែ​ន ​គឺជា​ប្រទេស​នាំចេញ​ប្រេង​បន្លែ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​សម្រាប់​ប្រើ​បំពង «​អាហារ​ប្រចាំ​ជាតិ​នៃ​ចក្រភព​អង់គ្លេស​»​។

​នៅ​ហាង Captain''s ឯ​រី​សត​ឆ្នេរ​ក្រុង​ប្រ៊ី​ស្ដុ​ន នៃ​តំបន់ឆ្នេរ​ភាគខាងត្បូង​ប្រទេស​អង់គ្លេស ម្ចាស់​ហាង​ឈ្មោះ ផាម សាន់​ឌូ បាន​ប្រាប់ AFP ថា​៖ «​ពេលនេះ យើង​អាច​កុម្ម៉ង់​គ្រឿងផ្សំ​ត្រឹម​បរិមាណ​តិចតួច​បំផុត​ប៉ុណ្ណោះ​។ តម្លៃ​បាន​កើនឡើង​ទ្វេដង​ពីអ្វី​ដែល​យើង​ធ្លាប់​ចំណាយ​កាលពី​ឆ្នាំមុន​»​។

​ប្រេង​បន្លែ​ក៏​ពិបាក​ទិញ​ផងដែរ ហើយ​ស្រប​ពេលនេះ ម្ចាស់​ហាង​អាហារសម្រន់​ក៏​រងគ្រោះ​ដោ​សារ​តែ​តម្លៃ​ថាមពល​ចម្អិន​ថែមទៀត​។

​ត្រី និង​ដំឡូង​បំពង ដែលមាន​ប្រវត្តិ​លក់​ដំបូង​រួមគ្នា​ដំបូង​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៨៦០ ជា​អាហារ​ចម្អែត​សម្រាប់​អ្នក​វណ្ណៈ​កណ្ដាល​។ ទោះបីជា​មានការ​​ប្រែប្រួល​លើ​ប្រជាសាស្ដ្រ និង​របប​អាហារ វា​កាន់តែ​មានការ​ពេញនិយម​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។

នៅហាង Captain's អ្នកស្រី សាន់ឌូ កំពុង​ខ្វះ​ត្រី និង​ដំឡូង​បំពង​។ រូបថត AFP

​អាហារ​វេច​ខ្ចប់​ជ្រលក់​អំបិល និង​ទឹកខ្មេះ​នេះ​ធ្លាប់​ត្រូវបាន​ខ្ចប់​ក្រដាស​កាសែត​ចាស់ៗ និង​បន្ថែម​រសជាតិ​ទឹកជ្រលក់​សណ្ដែក​ខាប់ ឬ​តា​តា​។

​ស្របពេល​ពន្ធ​លក់​នឹង​តម្រូវឱ្យ​បង់​រហូត ២០​ ភាគរយ​ឡើងវិញ លោក ក្រូក បានឱ្យដឹងថា អាជីវកម្ម​ប្រមាណ ៣ ០០០ ​ទីតាំង​ ក្នុងចំណោម ១​ ម៉ឺន​ទីតាំង អាច​នឹងត្រូវ​បិទទ្វារ​។

​ប៉ុន្ដែ​ម៉ូយ​គាំទ្រ​អាហារ​ត្រី និង​ដំឡូងបារាំង​បំពង សារ៉ុន ផាត​ធើ​សុន បាន​និយាយថា អ្នកស្រី​នឹង​នៅ​មក​គាំទ្រ ទោះ​មានរឿង​អ្វី​កើតឡើង​ក៏ដោយ​។

​ស្ដ្រី​វ័យ ៨០ ​ឆ្នាំ​រូបនេះ បានឱ្យដឹងថា​៖ «​ត្រី និង​ដំឡូងបារាំង​បំពង​ជា​ចំណែក​ ១ ​នៃ​ជីវិត​ខ្ញុំ​»៕ AFP/HR