ក្រុង​ស្ដុក​ខុល: សារមន្ទីរ​សែ​ល​ហ្វ៊ី​ថ្មី ​១ ​ក្នុងប្រទេស​ស៊ុយអែត ផ្លាស់ប្ដូរ​តួនាទី ដោយ​ប្រែក្លាយ​ភ្ញៀវ​ចូលមក​ទស្សនា ចូលរួម​ឱ្យធ្វើ​ផ្នែក​នៃ​ស្នាដៃ​សិល្បៈ និង​ជា​អ្នក​តាំងពិព័រណ៍​។

«​សារមន្ទីរ​របស់​អ្នក​» ក្នុង​ក្រុង​ស្ដុក​ខុល គ្មាន​ស្នាដៃ​សិល្បៈ​នៅលើ​ជញ្ជាំង​នោះទេ​។ ផ្ទុយ​ពី​ការតុបតែង​បន្ទប់​ជាមួយ​ភ្លើងពណ៌ វា​ជាទី​កន្លែង​ផ្ដល់​ការសប្បាយ​សម្រាប់​ការថត​សែ​ល​ហ្វ៊ី និង​វីដេអូ​របស់​ភ្ញៀវ​។

​សូ​ហ្វី​យ៉ា ម៉ា​គី​នៀ​មី ជា​អ្នកគ្រប់គ្រង បាន​ប្រាប់ AFP ខណៈ​អ្នកស្រី​បានបង្ហាញ «​បន្ទប់​អេ​ម៉ូ​ជី​» ផ្ទុក​ទៅដោយ​បាល់​ពណ៌​ខៀវ និង​លឿង​ជាមួយ​មុខ​ញញឹម និង​ចង​ចិញ្ចើម​ថា​៖ «​លោកអ្នក​អាច​ថតរូប​ស្អាតៗ និង​បង្កើត​មាតិកា​ថ្មីៗ​នៅលើ Instagram ហើយ​គឺជា​ទីកន្លែង​ដ៏​ល្អឥតខ្ចោះ​សម្រាប់​អ្នក TikTok និយម​ដែរ​»​។

​បន្ទប់​ផ្សេងៗ​ទៀត​ត្រូវបាន​រចនា​ឡើង​សម្រាប់​ឱ្យ​ភ្ញៀវ​កប់​ខ្លួន​ក្នុង​ពំនូក​ដូច​ស្ករ​គ្រាប់​ធ្វើ​ពី​ស្នោរ កាច់រាង​ក្រោម​អំពូល​ភ្លើង​ណេ​អ៊ុង​ចម្រុះ​ពណ៌ ឬ​អង្គុយ​លើ​ទោង​យក្ស​ពណ៌​សម្រាប់​ការថតរូប​ប្រូ​ហ្វា​ល​ថ្មីៗ​។

​ហ្សេ​ណេ​ប អេ​ល់​ម៉ា​នី អាយុ ១៨​ ឆ្នាំ ដែល​មកលេង​សារមន្ទីរ​ជាមួយ​មិ​ត្ដ​ភក្ដិបាន​និយាយថា​៖ «​យើង​មាន​ភ្លើងពណ៌ បទ​ពី TikTok ចំណីចំណុក និង​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​ចូល​ចិ​ត្ដ​»​។

បន្ទប់អុីម៉ូជីមាន​បាល់​​ពណ៌​ស្រស់ឆើត និង​រូប​បង្ហាញ​ទឹកមុខ​​ខុសៗគ្នា។ រូបថត AFP

​គំនិត​ផ្ដួច​ផ្ដើមធ្វើ​សារមន្ទីរ​សែ​ល​ហ្វ៊ី ចេញពី​ប្រទេស​ហូ​ឡង់ ជាទី​ដែ​លេ​មាន​សារមន្ទីរ​បែបនេះ​ចំនួន ២ រួចហើយ​។ ខណៈ​បណ្ដាញ​សង្គម​គឺជា​អ្វីៗ​គ្រប់យ៉ាង​នៃ​មនុស្ស​សម័យថ្មី ក្ដីកង្វល់​កាន់តែ​រីកធំឡើង​ចំពោះ​បញ្ហា​គ្រោះថ្នាក់ ជាពិសេសផលប៉ះពាល់​លើ​សុខភាព​ផ្លូវ​ចិ​ត្ដរបស់​ក្មេងៗ ជាក់ស្ដែង​គឺ​ក្មេងស្រី​តែម្ដង​។

​យុវតី​ដែល​មក​ទស្សនា​សារមន្ទី​រ​ពេល​ភ្នាក់ងារ AFP ស្ថិតនៅ​ទីនោះ មិនសូវ​ខ្វល់ខ្វាយ​អំពី​ផល​អវិជ្ជមាន ឬ​បញ្ហា​ឈ្លក់​វង្វេង​នឹង​ខ្លួនឯង​ខ្លាំង​ទេ​។

​យុវតី ឆាយ​ម៉ែ អូ​អា​ឈី អាយុ ១៨​ ឆ្នាំ បាន​និយាយថា​៖ «​ខ្ញុំ​គិតថា កន្លែង​នេះ​ពិតជា​ឃ្យូ​ត​សម្រាប់​អ្នក​ចូលចិត្ដថ​ត​រូប​សែ​ល​ហ្វ៊ី​ដូចជា មិ​ត្ដ​ភក្ដិ​ខ្ញុំ​»​។

​សូម្បី​សាស្ដ្រាចារ្យ ប៊ី​ល ប៊ឺ​កវី​នខ​ល អាយុ ៧០ ​ឆ្នាំ ដែល​ទស្សនា​ជាមួយ​ក្មេង​វ័យ​ជំទង់ ក៏​លោក​ទទួលស្គាល់​៖ «​វា​ជា​ទំនោរ​ពិភពលោក​ទៅហើយ​។ សារមន្ទីរ​ប្លែកៗ​គឺ​ដើម្បី​ទាក់ទាញ​អតិថិជន​រៀងៗ​ខ្លួន​»៕ AFP/HR

ក្មេង​ស្រីនៅ​បន្ទប់​បំភ្លឺ​ដោយ​ភ្លើង​ពណ៌​គ្រប់ជ្រុង​ស័ក្ដិសម​នឹង​ការ​ថត​សែលហ្វីស្អាត​ៗ​នៅសារមន្ទីរ Youseum។ រូបថត AFP