​ក្រុង​បាងកក: ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ពុធ​បាន​ហាមឃាត់​ការ​វេច​ខ្ចប់​ប្រអប់​ស្នោ និង​ប្លា​ស្ទិ​ក​ប្រភេទ​ប្រើតែ​ម្ដង​បោះចោល ក្នុង​ឧទ្យាន​ជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កាកសំណល់​ដែល​គំរាមកំហែង​ដល់​សត្វព្រៃ​។​

​ទឹក​នៅជាប់​ឆ្នេរសមុទ្រ​ប្រទេស​ថៃ​ ត្រូវបាន​ស្ទះ​ដោយ​ការបំពុល ហើយ​ការ​រាតត្បាត​នៃ​មេរោគ​ឆ្លង​បាន​នាំមក​នូវ​ការកើនឡើង​នៃ​កាកសំណល់​ប្លា​ស្ទិ​ក ខណៈដែល​តម្រូវការ​អា​ហារ​វេច​ខ្ចប់​បាន​កើនឡើង​។​

​នាយកដ្ឋាន​ឧទ្យាន​ជាតិ សត្វព្រៃ និង​រុក្ខជាតិ​និយាយថា ការហាមឃាត់​នេះ​ គឺ​ចាំបាច់​ដើម្បី​ការពារ​បរិស្ថាន​។​

​ជនល្មើស​អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​រហូតដល់ ១០​ ម៉ឺន​បាត (៣ ​ពាន់​ដុល្លារ​) ប្រសិនបើ​ចាប់បាន​ថា​បានធ្វើ​ដំណើរ​ចូលទៅក្នុង​ឧទ្យាន​ដោយ​ប្រើ​សម្ភារ​ប្លា​ស្ទិ​ក ឬ​ស្នោ​ប្រភេទ​ប្រើតែ​ម្ដង​ហើយ​បោះចោល​។​

​សេចក្តីប្រកាស​បាន​បន្ត​ថា ការ​​ហាមប្រាម​នេះ​រួមបញ្ចូល​ទាំង «​ការ​​យក​ថង់​ប្លា​ស្ទិ​ក​ដែលមាន​ទំហំ​តិចជាង ៣៦ មី​ក្រុង (០.០០៣៦ សង់​ទី​​ម៉ែត្រ​) កញ្ចប់​អាហារ​ប្លា​ស្ទិ​ក កែវ​ជ័រ បំពង់​បឺត និង​កាំបិត​ជ័រ​»​។​

​អង្គការ Greenpeace Thailand និយាយថា កាកសំណល់​ប្លា​ស្ទិ​ក​គឺជា​ការគំរាមកំហែង​ដល់​សត្វព្រៃ រួមទាំង សត្វ​ដំរី​ផងដែរ​។ ការ​ស៊ី​ប្លា​ស្ទិ​ក​អាចធ្វើឱ្យ​ស្ទះ​ពោះវៀន​សត្វ និង​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​

​ដំរី​នៅក្នុង​ឧទ្យាន​ជាតិ​ខាវ​យ៉ៃ មាន​ចម្ងាយ​ធ្វើដំណើរ ​៣ ​ម៉ោង​ភាគ​ឦសាន​នៃ​ទីក្រុង​បាងកក ត្រូវបាន​គេ​រាយ​​ការណ៍​ថា បាន​ស៊ី​ប្លា​ស្ទិ​ក​សំណ​ល់ពី​ការ​វេច​ខ្ចប់ ហើយ​ថង់​ប្លា​ស្ទិ​ក​ត្រូវបាន​រកឃើញ​នៅក្នុង​លាមក​របស់​ពួកវា​។​

​ការបំពុល​ដោយ​ប្លា​ស្ទិ​កនៅ​លើដី​ក៏​អាច​សាយភាយ​ចូលទៅក្នុង​ប្រភពទឹក និង​គំរាមកំហែង​ដល់​បរិស្ថាន​នៃ​ទន្លេ និង​ជីវិត​សមុទ្រ​ផងដែរ​។ រដ្ឋា​​ភិ​បាល​ថៃ​ចង់ឱ្យ​ប្លា​ស្ទិ​ក​កែច្នៃ​បាន ១០០​ ភាគរយ​នៅ​ឆ្នាំ​ ២០២៧៕ AFP/HR​