​ភ្នំពេញ: ក្នុង​បំណង​ចូលរួម​លើក​ស្ទួយ និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​​ជាតិ​ដោយ​ផ្សារភ្ជាប់​ការចែករំលែក​ចំណេះដឹង ចំណងមិត្តភាព ភារត​ភាព សាមគ្គីភាព និង​សន្តិភាព​ពី​បច្ចុប្បន្ន​ទៅ​អនាគតកាល សិល្បករ​ខ្មែរ ១៤ ​រូប មកពី​ខេត្ត​នានា មាន​ជំនាញ​ទម្រង់​សិល្បៈ និង​ជីវប្រវត្តិ​ខុសៗ​គ្នា បាន​សហការ​រំលេច​ស្នាដៃ​ក្នុង​ពិព័រណ៍ «​ដាន​អនុសារ​» នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា ពីថ្ងៃ​ទី ​៥ ដល់​ថ្ងៃទី ​២៩ ខែ មេសា ឆ្នាំ ​២០២២​។​

​គំនិត​ក្នុង​ការធ្វើ​ពិព័រណ៍​ត្រូវបាន​លោក សូ គីម​សាន ជា​អ្នកដឹកនាំ​ក្រុម​ដោយ​លោក​បានឱ្យដឹងថា វិបត្តិ​កូ​វីដ​បានធ្វើឱ្យ​គម្រោង​ធ្វើ​ពិព័រណ៍​ជា​ក្រុម​ត្រូវ​ពន្យារពេល​តាំងពី​ចុងឆ្នាំ​ ២០១៩ មកដល់ពេលនេះ​ទើប​ចេញ​រូបរាង​។

​សិល្បករ ​១៤ ​រូប មាន​ជំនាញ​ខុសៗ​គ្នា​ដូចជា គំនូរ​ពណ៌​ប្រេង ពណ៌​ទឹក ចម្លាក់ ផ្ដិតរូប​ពី​ពុម្ព និង​ស្នាដៃ​សិល្បៈ​ដំឡើង បាន​នាំមក​នូវ​គំនូរ ១៧ ​ផ្ទាំង ដែល​បង្កប់​ដោយ​អត្ថន័យ​ជ្រាលជ្រៅ​ផ្សព្វផ្សាយ​សារ​ជូន​អ្នកទស្សនា​។​

​លោក គីម​សាន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​ដាន​អនុសារ និយាយ​អំពី​រឿងរ៉ាវ​អតីតកាល ប្រវត្តិ​ជីវិត​ដែល​យើង​ឆ្លងកាត់ បាន​រៀន​ក្នុង​ប្រវត្តិសាស្ត្រ​ផ្សេងៗ​។ យើង​លើកមកបង្ហាញ ដើម្បី​រឿងរ៉ាវ​ណា​ដែល​ល្អ យើង​រៀន​តាម ហើយ​រឿងរ៉ាវ​ណា​ដែល​មិនល្អ យើង​គួរ​ចៀសវាង​។ យើង​ចង់​ផ្លាស់ប្ដូរ​បទ​​ពិសោធ រវាង​សិល្បករ និង​ទស្ស​​និក​ជន​ដែល​មក​ទស្សនា​»​។

​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក​នូវ​ស្នាដៃ​សិល្បៈ​ដ៏​ល្អ​ឯក​យ៉ាង​សម្បូរ​បែប និង​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ដែល​ឆ្លុះបញ្ចាំង​ចំណេះដឹង និង​ទេពកោសល្យ ខណៈ​វិស័យ​សិល្បៈ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ជីវិត​រស់នៅ​របស់​ប្រជាជន​ខ្មែរ​តាំងពី​សម័យមុន​មកដល់​បច្ចុប្បន្ន​។

ស្នាដៃសិល្បៈ «នៅពីក្រោយវាំងននខ្មៅ» គំនូរ «ក្ដីស្រមៃ ១ ដែលមិនច្បាស់លាស់» និង «ការ​ចងចាំរបស់កុមារ»។ រូបថត សហការី

​ប៉ុន្តែ​អច្ឆរិយ​ប្រទេស​បាន​ធ្លាក់ខ្លួន​ចូលទៅក្នុង​វិបត្តិ​ខ្មៅ​ងងឹត ដែលនាំឱ្យ​វិស័យ​សិល្បៈ​កប់​ក្នុង​ភ្លើងសង្គ្រាម និង​ទាមទារ​ពេលវេលា​ស្ដារឡើងវិញ​។​

​លោក គីម​សាន បាន​ចែកចាយ​ពី រូបគំនូរ​ចម្លាក់ «​ព្រលឹង​នៃ​សិលា​រស់​» ដែល​បង្កប់​អត្ថន័យ​ចម្បង​ថា គ្រប់រូប​​ចម្លាក់​របស់​ខ្មែរ​សុទ្ធតែ​មានព្រលឹង​។​

​លោក​បាន​បន្តថា​៖ «​ដូនតា​បាន​ឆ្លាក់​ចេញ​ទាំង​ជា​អត្ថរូប អត្ថរស​សុទ្ធ​​តែ​បង្កប់ន័យ និង​ស្នាមញញឹម​ដែល​មើលទៅ​ប្រៀបដូចជា​របស់​រស់​ជា​អមតៈ​។ មិន​ថា​រូប​ខ្លះ​បាត់​ដៃ បាត់​មុខ ឬ​ជើង ខ្ញុំ​នៅតែ​គិតថា​ បំណែក​ណាក៏ដោយ វា​សុទ្ធតែ​មានព្រលឹង​»​។

​ក្នុងចំណោម​សិល្បករ​ទាំង​ ១៤ លោក ម៉ន ភី​រ៉ា បានដាក់​តាំងនូវ​ស្នាដៃ​គំនូរ «​នៅ​ពីក្រោយ​វាំងនន​ខ្មៅ​» ដែលមាន​តួអង្គ​ជា​នាដកា​ក្នុង​ទម្រង់​ទឹកមុខ​ក្រៀមក្រំ​កំពុង​ហាត់​របាំ ដោយមាន​គ្រូ​គាត់​នៅ​ពីក្រោយ​ពាក់​មុខ​​យក្ស និង​មាន​រូប​ក្បាល​ខ្មោច​នៅ​ពីក្រោយ​រូបភាព​ទាំងនេះ​។

​សិល្បករ​វ័យ ​៣០ ​ឆ្នាំ មកពី​ខេត្ត​​តាកែវ​រូបនេះ បាន​បកស្រាយ​ថា​៖ «​ខ្ញុំ​ចង់​សំដៅ​ទៅលើ​អតីតកាល​ ១ ដែល​ទាក់ទង​ជាមួយនឹង​ការដឹកនាំ​ប្រទេស​នា​សម័យកាល​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ប្រទេស​យើង​ធ្លាក់​ដល់​ចំណុចសូន្យ​ជាពិសេស​ផ្នែក​វប្បធម៌ ដោយ​ការគំរាមកំហែង ការបង្ខិតបង្ខំ ហាក់​ដូច​ជាមាន​ឥទ្ធិពល​អ្វី​ ១ ​នៅ​ពីក្រោយ​រឿង​ហ្នឹង ហើយ​ធ្វើឱ្យ​សិល្បៈ​ផ្លាស់ប្ដូរ​ទាំងស្រុង​។ ខ្ញុំ​ចង់​បង្ហាញថា សិល្បៈ​ជា​ស្នូល​អភិវឌ្ឍន៍​ប្រទេសជាតិ អ៊ីចឹង​បាន​គេ​ថា «​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន​»​។

​សិល្បករដែល​បច្ចុប្បន្ន​បន្ត​ការ​​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គំនូរ​បន្ថែមទៀត​នៅ​រាជបណ្ឌិតសភា​​កម្ពុជា និង​ជា​សមាជិក​វិចិត្រករ​នៃ IWS Cambodia រូបនេះ​បាន​សម្ដែង​ចំណាប់អារម្មណ៍​រីករាយ​ណាស់ ដែល​បាន​ចូលរួម​ជា​ផ្នែក​ក្នុង​ពិព័រណ៍​នេះ​។​

​ជា​គ្រូបង្រៀន​ផ្នែក​គំនូរ ក៏​ជា​វិចិត្រករ​​ឯករាជ្យ លោក​ថា​៖ «​វា​បង្កើតបាន​អនុស្សាវរីយ៍ ចែករំលែក​នូវ​បទ​​ពិសោធ​ចំណេះដឹង​ទាក់ទង​នឹង​ការងារ​សិល្បៈ ហើយ​ផ្សព្វផ្សាយ​សិល្បៈ​យើង​ឱ្យ​ទូលំទូលាយ​ទៅកាន់​ថ្នាក់ជាតិ​ក៏ដូចជា​បរទេស​»​។​

ពិព័រណ៍ ដានអនុសារ ប្រមូលផ្ដុំ​សិល្បករ ១៤ ​រូប​ មានសាវតារ និង​ទម្រង់សិល្បៈ​ខុសៗគ្នា។ រូបថត សហការី

​រីឯ​លោក អ៊ីម សិលា បាន​នាំមក​នូវ​ផ្ទាំងគំនូរ ​២ ​មក​ដាក់តាំង​គឺ រូប​ទី​១ «​ការចងចាំ​របស់​កុមារ​» ដែល​រំលេច​រូប​សេះ​ធាងចេក ជា​ល្បែង​មាន​ភាព​​ច្នៃប្រឌិត និង​មិន​ប៉ះពាល់​សុខភាព​។​

​លោក​បាន​រំឭក​ប្រាប់​ពី​វត្ថុ​ក្នុង​គំនូរ​នេះ​ថា ក្មេង​ជំនាន់​មុន​សុទ្ធតែ​បាន​លេង​សេះ​ធាងចេក ស្ទើរតែ​គ្រប់គ្នា ខណៈ​ក្មេងៗ​ជំនាន់​ក្រោយ សម្បូរ​ដោយ​របស់​លេង​ធ្វើ​ពី​ជ័រ​ប្លា​ស្ទិ​ក ដែល​អាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍ និង​សុខភាព​របស់​កុមារ​។​

​ស្នាដៃ​ទី​២ ​របស់លោក​មាន​ចំណង​​ជើង​ថា «​ក្ដី​ស្រមៃ​ ១ ដែល​មិន​ច្បាស់​​លាស់​» ជា​គំនូរទឹក​ដែល​លើកឡើង​ពី​ក្ដី​ស្រមៃ​របស់​ម្ដាយ​លោក​ផ្ទាល់​។

​សិល្បករ​មកពី​ខេត្តកណ្ដាល និង​បច្ចុប្បន្ន​ជា​អ្នក​ព្យាបាល​ដែល​ប្រើប្រាស់​សិល្បៈ​អប់រំ​កុមារ​ដែល​ត្រូវការ​ការ​​គាំពារ​ពិសេស​រូបនេះ បាន​បរិយាយ​ថា​៖ «​កាលពី​នៅ​ក្មេងៗ គាត់​មាន​ក្ដី​ស្រមៃ​ចង់​រៀន តែ​ឪពុកម្ដាយ​មិនឱ្យ​គាត់​រៀនសូត្រ ឬ​សូម្បីតែ​រៀន​រាំ​។ រហូតដល់​សម័យ ប៉ុល ពត ទៀត ធ្វើឱ្យ​ក្ដីសង្ឃឹម​គាត់ ហាក់​កាន់តែ​ឆ្ងាយ ដោយសារ​អាយុ​កាន់តែច្រើន រហូតដល់​គាត់​មានគ្រួសារ តែ​គាត់​មិនអាច​សម្រេចបាន​»​។​

​លោក​បានឱ្យដឹងថា​៖ «​អ៊ីចឹង​បាន​យើង​ប្រើ​ពណ៌ ដែល​ហាក់ដូចជា​បង្ហាញ​ពី​ទិដ្ឋភាព​ ១ ដែល មាន​ស្នាម​​ញញឹម​មែន​តែ​បែប​ស្រងូតស្រងាត់​។ ខ្ញុំ​ជឿថា មាន​ស្ត្រី​ជាច្រើនដែល​មិនអាច​បំពេញ​បំណង​របស់គាត់​»​។

​អ្នកដឹកនាំ​ក្រុម គីម​សាន បច្ចុប្បន្ន​ជា​វិចិត្រករ​ឯករាជ្យ​សង្ឃឹមថា ពិព័រណ៍​នេះ​នឹង​ក្លាយជា​ឱកាស​ ១ ដែល​អាចឱ្យ​សិល្បករ ដែល​មកពី​ជំនាន់​ខុសគ្នា និង​មក​កន្លែង​ផ្សេងគ្នា អាច​សិក្សា ស្វែងយល់ និង​ផ្លាស់ប្ដូរ​បទពិសោធ​ពីគ្នា​ទៅវិញទៅមក ក៏ដូចជា​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់ខ្លួន​ទៅដល់​សាធារណជន​ទូទៅ​ផងដែរ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក @bophanacenter.cambodia៕