ភ្នំពេញ៖ កាលពីពេល​ថ្មីៗ​នេះ ក្រុម​ព្រះ​សុរិយា ដែល​ជា​ក្រុម​យុវជន​ស្រាវជ្រាវ​ចម្រៀង និង​ភាពយន្ត​មុន​ឆ្នាំ​ ១៩៧៥ បាន​ប្រកាស​រក​ឃើញ​សកម្មភាព​កំពូល​តារា​ចម្រៀង​ ដែល​ត្រូវបាន​ប្រសិទ្ធនាម​ជា​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ច្រៀង​ផ្ទាល់​ក្នុង​ព្រះ​ពិធី​អភិសេក​​អ្នក​​អង្គ​ម្ចាស់​​១​អង្គ​ កាលពីទសវត្សរ៍​​ឆ្នាំ ​​១៩៦០។

យោង​តាម​ការប្រកាស​នោះ បាន​ឱ្យ​ដឹងថា​៖ «​ក្រុមព្រះសុរិយា បាន​រក​ឃើញ​ឯកសារ​មាស​ដ៏​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន​ ១ ទៀត​គឺសកម្មភាព​ឈរ​ច្រៀង​ផ្ទាល់​​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ក្នុង​ព្រះរាជពិធី​មង្គលការ​ព្រះ​អង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ អូឡារី ព្រះបុត្រីរបស់​អ្នក​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និង​លោក​ឧត្តមមន្រ្តី គី សុទ្ធ នា​ព្រះ​ដំណាក់​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ ​១៩៦២»។

សកម្មភាព​ឈរ​ច្រៀង​ផ្ទាល់​​នៃ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត។ Facebook@bophanacenter.cambodia 

ប្រភព​ដដែល​បាន​រៀបរាប់​អំពី​ទិដ្ឋភាព​អធិរាជ​សំឡេង​មាស​ច្រៀង​ក្នុង​កម្មវិធី​ដ៏វិសេស​នោះ​ថា​៖ «លោក ស៊ីន ស៊ីសាមុត ជាមួយ​អ្នក​ចម្រៀង​ស្រី ​១​ ទៀត ឈរ​ច្រៀង​យ៉ាង​សង្ហា​នៅ​ខាង​មុខ​ក្រុម​តន្រ្តី​ដែល​កំពុង​ប្រគំ​កំដរ​ភ្ញៀវ​កិត្តិយស​ទាំងអស់សោយ​ និង​ទទួលទាន​ភោជនាហារ។ បន្ថែម​ពី​​​នេះ​​ យើង​ក៏​បាន​ឃើញ​លោក ស៊ីន ស៊ីសាមុត អង្គុយ​គោះ​ចង្ក្រង់​ក្នុង​ក្រុម​តន្រ្តីករ តាម​ចង្វាក់​ភ្លេង​ទៀត​ផង»។

កាលពីថ្ងៃទី ១១ ខែ​មេសា កន្លង​ទៅនេះ មជ្ឈមណ្ឌល​ធនធានសោតទស្សន៍​ បុប្ផាណា ក៏បាន​បង្ហាញ​នូវ​រូបភាព​ដក​ស្រង់​ចេញ​ពី​ខ្សែ​ភាពយន្ដ​ឯកសារ​ស្ដីពីព្រះរាជពិធី​អភិសេក​របស់​អ្នក​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ អូឡារី ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ឯកសារ​ដ៏​កម្រ​មួយ ស្ថិត​ក្នុង​គុណភាព​ពណ៌​ធម្មជាតិ ភ្លឺ​ច្បាស់​។

មជ្ឈមណ្ឌល​ធនធានសោតទស្សន៍​ បុប្ផាណា បាន​ឱ្យដឹងថា​៖ «​នៅក្នុង​ថ្ងៃ​ដ៏​នក្ខត្តឫក្ស នៃ​ពិធី​រៀប​អភិសេក​របស់​អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ អូឡារី មាន​ការ​អញ្ជើញ​ចូលរួម​យ៉ាង​ច្រើន​ពី​ព្រះ​រាជវង្សានុវង្ស មន្ដ្រីរដ្ឋាភិបាលនៃ​សម័យ​សង្គម​រាស្ដ្រ​និយម អ្នក​តំណាង​រាស្ដ្រ និង​សិល្បករ​ជា​ច្រើន​នាក់​ទៀត​»។

​ជា​ទស្សនីយភាព​ដ៏​កម្រ ដោយសារតែ ក្រុម​ព្រះ​សុរិយា បាន​ឱ្យដឹងថា លោក​ស៊ីន ស៊ីសាមុត កម្រ​បង្ហាញ​វត្ដមាន​តាម​ពិធី​មង្គលការ​ណាស់​ សូម្បីតែ​ក្នុង​ពិធី​សមាជជាតិ​ដ៏កម្រ ក៏​មិន​មាន​វត្ដមាន​របស់​លោក​ដែរ។

សកម្មភាព​ឈរ​ច្រៀង​ផ្ទាល់​​នៃ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត។ Facebook@bophanacenter.cambodia 

ការ​រក្សា​ទុក​ឯកសារ​នៃព្រះរាជ​ពិធី​រៀប​អភិសេក​បាន​ស្ថិត​​ស្ថេរ ត្រូវបាន​ក្រុម​ព្រះ​សុរិយា អះអាងថា ដោយសារ​តែ​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ អូឡារី យាង​តាម​ព្រះស្វាមី​ទៅ​បំពេញ​បេសកកម្ម​ការងារ​នៅ​ក្រៅ​ប្រទេស ព្រះ​អង្គ​បាន​នាំ​យក​ហ្វីល​ឯកសារ​ទៅ​ជាមួយ​ និង​បាន​រក្សា​ទុក​យ៉ាង​ល្អ​ផង​ដែរ​។

​ក្រៅពី​ដុំហ្វីល ក្រុម​យុវជន​ទាំង​នេះ ក៏បាន​ប្រកាស​ស្រាវជ្រាវ​ស្វែង​រក​អ្នក​អង្គ​ម្ចាស់​ ដែល​បាន​ឮដំណឹង​ថា ទ្រង់​នៅគង់​ព្រះជន្ម​នៅឡើយ នៅលើ​ទឹក​ដីសហរដ្ឋ​អាមេរិក​។ មិន​យូរ​ប៉ុន្មាន ក្រុម​​ព្រះ​សុរិយា ក៏បានចូល​ថ្វាយព្រះ​បង្គំ​គាល់ទ្រង់​ដូច​បំណង។

ប្រភព​នេះ បាន​បន្ដថា​៖ «​​ក្នុង​ជំនួប​ដ៏​រំភើប និង​ប្រកប​ដោយ​ព្រះហឫទ័យ​រីករាយនោះ​ ព្រះអង្គ​ម្ចាស់ក្សត្រី​ដែល​សព្វ​ថ្ងៃ​ព្រះ​អង្គ​មាន​ព្រះជន្ម ៧៩ ​ព្រះ​វស្សា មាន​បន្ទូល​យ៉ាង​កក់​ក្តៅ និង​ប្រកប​ដោយ​ព្រះសញ្ចេត​នា​រំភើប។ នៅ​ក្នុង​ពេល​នោះ ព្រះអង្គ​ម្ចាស់ក្សត្រី​ ក៏​សព្វ​ព្រះទ័យ​ប្រទាន​ហ្វីល​ឯកសារ​នៃ​ព្រះពិធីមង្គលការ​របស់​ព្រះអង្គ​មក​កាន់​ក្រុម​ព្រះ​សុរិយា ដើម្បី​រក្សា​ទុក និងផ្សព្វ​ផ្សាយ​បន្ត ដោយ​ព្រះអង្គ​ម្ចាស់​ក្សត្រី ស្តេចបាន​ព្រះ​អនុញ្ញាត​សិទ្ធិ​ត្រឹម​ត្រូវ»។

ទិដ្ឋភាព​​ថ្ងៃ​ដ៏​នក្ខត្តឫក្ស នៃ​ពិធី​រៀប​អភិសេក​របស់​អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ អូឡារី។ Facebook@bophanacenter.cambodia

ដោយ​រក្សា​ទុក​ដុំហ្វីល​នេះ​អស់​រយៈ​ពេល​ជាង ៥០ ​ឆ្នាំ ទ្រង់​បាន​ចាត់​ទុក​វាជា​វត្ថុ​អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន​។ ក្រុម​ព្រះ​សុរិយា បាន​បន្ដថា ទ្រង់​បាន​រំឭក​ថា លោក ស៊ីន ស៊ីសាមុត តែងតែ​ច្រៀង​ក្នុង​កម្មវិធី​​នានា​សម្រាប់​ក្រុម​គ្រួសារ​របស់​ទ្រង់​ ដោយសារ​ព្រះបិតារបស់​ទ្រង់​មាន​ទំនាក់ទំនង​យ៉ាង​​ជិតស្និទ្ធជាមួយ​លោក​ផ្ទាល់​។

​ក្រុម​យុវជន​នេះ បាន​ឱ្យដឹងថា ខ្លួន​នៅបន្ដ​បេសកកម្ម​ស្វែង​រក​ឯកសារ​ចម្រៀង ​និង​ភាពយន្ដ​ខ្មែរ​ទាំង​ឡាយ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ និង​ស្នើសុំ​ពលរដ្ឋ​ខ្មែរ​ផ្សព្វ​ផ្សាយ​ឯកសារ​ប្រវត្ដិសាស្ដ្រ​ទាំង​នេះ​ អមដោយ​ការ​ដាក់​ឈ្មោះ​អ្នកស្រាវជ្រាវ ដើម្បី​រក្សា​សិទ្ធិ​កម្មសិទ្ធិ​បញ្ញា​ជូន​ម្ចាស់​ដើម​។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូលទៅកាន់​ Facebook Page: www.facebook.com/preahsoriya.kh និង​តំណភ្ជាប់​រូបភាព​លើ Facebook Page: www.facebook.com/bophanacenter.cambodia/posts/5626806920687534៕

ទិដ្ឋភាព​​ថ្ងៃ​ដ៏​នក្ខត្តឫក្ស នៃ​ពិធី​រៀប​អភិសេក​របស់​អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ អូឡារី។ Facebook@bophanacenter.cambodia