ក្រុង​ទុយនីស៖​ ហ្វូង​ឆ្កែអនាថា​ ដែលសម្បូរ​នៅតាម​ទីក្រុង​នានា​នៅ​អាហ្វ្រិក​ខាង​ជើង ស្ថិត​នៅ​ចុង​កាណុង​កាំភ្លើង​របស់​អ្នក​ប្រមាញ់​បន្ទាប់ពី​ការ​ស្លាប់​របស់​សិស្ស​សាលា​២​​នាក់​ ប៉ុន្តែ​ក្រុម​សិទ្ធិ​សត្វ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​មនុស្សធម៌​ច្រើន​ជាង​ការ​សម្លាប់ពួកវា។

អាជ្ញាធរ​ទុយនិស៊ី បាន​បើក​ស៊ើប​អង្កេត​កាលពី​ថ្ងៃ​សុក្រ​ចំពោះ​មរណភាព​របស់​ក្មេង​ស្រី​អាយុ ១៦​ឆ្នាំ​​ក្រោយ​នាង​ត្រូវបាន​ឆ្កែ​ខាំហែក ពេល​ដើរ​ទៅសាលារៀន​នៅ​ទីក្រុង​ឆ្នេរ ហ្គាបេស។

ឧប្បត្ដិហេតុ​សោកសៅ​មួយ​ផ្សេង​ទៀត​កើត​ឡើង​ក្នុង​ប្រទេស​​ក្បែរ​ខាង​ អាល់ហ្សេរី ពេល​កុមារ​អាយុ ១២​ឆ្នាំ​ម្នាក់​ត្រូវបា​នសម្លាប់ និង​ស៊ី​អស់ពាក់​កណ្ដាល​ដោយ​ហ្វូង​ឆ្កែ​ក្នុង​តំបន់ ប្លីដា។

ឆ្កែ​អនាថា​ជា​ច្រើន​ក្បាល​ក្នុង​តំបន់​ម៉ាករ៉េប បាន​បង្ក​ការ​គំរាម​កំហែង​បន្ថែម​ទៀត នោះ​គឺ ជំងឺ​ឆ្កែ​ឆ្កួត ដែល​វាយ​ប្រហារ​ប្រព័ន្ធ​ប្រសាទ​ស្នូល​ និង​នាំ​ឱ្យ​ស្លាប់​ទាំង​ការ​ឈឺ​ចាប់។

បុគ្គលិក​ធ្វើសកម្មភាព​ចាប់​សត្វ​ឆ្កែយកទៅ​មជ្ឈមណ្ឌលក្រៀវ ឯរដ្ឋ​ធានី​ទុយនីស កាលពីចុងឆ្នាំ​២០២១។ AFP

យោងតាមក្រសួង​កសិកម្ម​ ដែល​បាន​ម៉ាន់ប្រមាណ​ថា ឆ្កែ​អនាថា​ ៥៥​ភាគរយមាន​​ផ្ទុក​ជំងឺ​ឆ្កែ​ឆ្កួត បាន​ឱ្យដឹងថា ជំងឺ​ឆ្លង​តាម​ទឹក​មាត់​នេះ​បាន​សម្លាប់​ជន​រងគ្រោះរង​ទាក់ទង​នឹង​ឆ្កែ​ខាំ ៥​នាក់​នៅ​ទុយនីស៊ី គ្រាន់តែ​តួលេខ​​​ឆ្នាំមុន​ប៉ុណ្ណោះ។

ប៉ុន្ដែ​ទោះមាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​ ការ​សម្លាប់​ក៏ចេះតែបន្ដ ដែលនាំ​ឱ្យ​មាន​កំហឹង​ជា​សាធារណៈ​ និង​ទាមទារ​ឱ្យ​មាន​វិធានការ​មនុស្សធម៌​ដោះ​ស្រាយ​បញ្ហា​នេះ។

លោក Nowel Lakech មកពី​ក្រុម​អង្គការ​សត្វ PAT បាន​និយាយថា​៖ «ក្រោយ​ត្រូវបាន​បាញ់​ សត្វ​ឆ្កែ​អាច​រង​នូវ​ការ​ឈឺ​ចាប់​ជា​ច្រើន​ម៉ោង​ ដោយ​ខ្លះ​អត់ងាប់ និង​ត្រូវ​បន្ត​រស់​យ៉ាងវេទនាបំផុត»។

ពេទ្យ​សត្វ Abdelmoumen Boumaza បាន​និយាយ​ថា ក្រុង​អាល់ហ្សេរី​ជា​ច្រើន​ប្រើ​តែ​វិធីសាស្ដ្រ​១​គត់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ «​ចាប់ និង​សម្លាប់​» ដែល​ជួនកាលប្រើ​វិធានការ​ឆក់​ខ្សែ​ភ្លើង។

លោក Lakech និយាយថាចំនួន​សត្វ​ឆ្កែ​អនាថា​សរុប​នៅ​ទុយនីស៊ីបាន​កើនឡើងក្រោយ​ភាព​ស្រពេច​ស្រពិល​នៃ​បដិវត្ដន៍​ឆ្នាំ​២០១១។

ហ្វូង​ឆ្កែអនាថា​ ដែលសម្បូរ​នៅតាម​ទីក្រុង​នានា​នៅ​អាហ្វ្រិក​ខាង​ជើងធ្វើ​ឱ្យ​មនុស្ស​ប្រឈម​ជំងឺ​ឆ្លងពី​សត្វ​ខាំ។ AFP

ពេលវេលាចលាចល ជាមួយ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ និង​ការ​បង្ក្រាប​ដោយ​ហិង្សា បាន​ជំរុញ​ឱ្យ​មនុស្ស​មួយ​ចំនួន​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេ រហូត​ដល់​មានទំនោរ​ចិញ្ចឹមឆ្កែ​ចាំ​ផ្ទះ​ដើម្បី​ការពារ​ខ្លួន។

ការចិញ្ចឹមឆ្កែ​ការពារផ្ទះ​ដោយ​ម្ចាស់ពុំមានការទទួលខុសត្រូវ ​នៅ​ពេល​ឆ្កែ​បង្កើត​កូន​ ពួកវា​ជា​ច្រើន​ក្បាល​បាន​ធ្លាក់​ទៅ​រស់​នៅ​អនាថា​តាម​ចិញ្ចើម​ផ្លូវ​ ដែល​កាន់តែ​កើន​ចំនួន​សត្វ​គ្មាន​ម្ចាស់​ច្រើន។

លោក Lakech បាន​បន្ដថាថ្ងៃនេះ អាជ្ញាធរ​ក្នុង​ស្រុក កំពុង​បន្ដ​សម្លាប់​សត្វ​ឆ្កែ ថ្វីដ្បិតតែក្នុង​តំបន់​​មាន​មជ្ឈមណ្ឌល​វ៉ាក់សាំង​ និង​ក្រៀវ​រួចហើយក្តី។

ប្រធានពេទ្យ Mahmoud Latiri បាន​និយាយ​ថា លោក​បាន​ចាក់​វ៉ាក់សាំងសត្វ​​ជាង ២៥០០​ក្បាលភាគ​ច្រើន​ជា​សត្វ​ឆ្កែរយៈ​ពេល២​ឆ្នាំ​ចុងក្រោយ។

ប៉ុន្ដែ​ថ្វីដ្បិតតែ​មានកិច្ចខិតខំប្រឹងប្រែង​ក្រៀវ​របស់​មជ្ឈមណ្ឌល​ លោក​បានព្រមានថាបើគ្មាន​ការ​ក្រៀវ​សត្វ​ក្នុង​ទ្រង់ទ្រាយ​ធំនោះទេ តាម​ដងវិថី​នានា​នឹង​ជន់ជោរ​ទៅ​ដោយ​សត្វ​អនាថាដ៏​គ្រោះថ្នាក់​ចំពោះ​មនុស្ស៕ AFP/HR

ឆ្កែអនាថាមួយចំនួន​ត្រូវ​បានសង្គ្រោះ​នៅ​មជ្ឈមណ្ឌល​ឯទីក្រុង​ទុយនីស កាលពីខែកុម្ភៈ ឆ្នាំ​២០២២។ AFP