ក្រុង​កំ​ប៉ា​ឡា: អ្នកស្រាវជ្រាវ​កូ​ឡុំ​ប៊ី​ម្នាក់​ត្រូវបាន​សត្វ​ដំរី​ជាន់​ស្លាប់​ក្នុង​ឧទ្យាន​ជាតិ​គី​បាល់ នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​។ នេះ​បើ​យោងតាម​អាជ្ញាធរ​ឧទ្យាន​ជាតិ បានឱ្យដឹង​កាល​​ពី​ដើម​សប្ដាហ៍​។

​អ្នកស្រាវជ្រាវ​លោក សេ​បា​ស្ទៀ​ន រ៉ា​មី​រ៉េ​ស អា​ម៉ា​យ៉ា ដែលមាន​មូលដ្ឋាន​នៅ​សាកលវិទ្យាល័យ​រដ្ឋ​អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក បាន​នៅ​ជាមួយ​អ្នកស្រាវជ្រាវ​ម្នាក់ទៀត និង​ម​គ្គុ​ទេ្ទ​សក៍​ម្នាក់​នៅក្នុង​ឧទ្យាន​ជាតិ ដ៏​ល្បីល្បាញ​ជា​មជ្ឈមណ្ឌល​សត្វព្រៃ និង​ស្រាវជ្រាវ នៅពេល​លោក​ជួប​គ្រោះ​អកុសល និង​បាន​ស្លាប់​នៅ​ថ្ងៃអាទិត្យ​។

​យោងតាម​អ្នកនាំពាក្យ អាជ្ញាធរ​ឧទ្យាន​ជាតិ​អ៊ូ​ហ្គ​ង់​ដា Bashir Hangi អ្នកស្រាវជ្រាវ​កូ​ឡុំ​ប៊ី​រូបនោះ​ កំពុងតែ​បំពេញការងារ​ស្រាវជ្រាវ​របស់ខ្លួន​តាម​ទម្លាប់​ជាប្រចាំ​នៅ​ស្ថានីយ Ngogo Research Station ក្នុង​ឧទ្យាន​ជាតិ​គី​បាល់​។​

​អាជ្ញាធរ​ឧទ្យាន​ជាតិ​អ៊ូ​ហ្គ​ង់​ដា បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពីដើម​សប្ដាហ៍​ថា​៖ «​ពួកគេ (​ក្រុម​អ្នកស្រាវជ្រាវ​) បាន​ជួប​សត្វ​ដំរី​ ១ ​ក្បាល​នោះ ដែល​បាន​វាយប្រហារ​ពួកគេ និង​បង្ខំ​ឱ្យ​ពួកគេរ​ត់រក​ប្រាស​អាយុ​រៀងៗ​ខ្លួន​»​។

​សេចក្ដីថ្លែងការណ៍​ដដែល​បាន​បន្ដថា​៖ «​សត្វ​ដំរី​បាន​ប្រដេញ​លោក សេ​បា​ស្ទៀ​ន និង​ជាន់​រូបលោក ដែល​បង្កើតជា​សោកនាដកម្ម​រហូតដល់​ទទួលមរណភាព​»​។​

​មន្ត្រី​ឧទ្យាន​បាន​សម្ដែង​ការ​សោក​​ស្ដាយ​ថា​៖ «​វា​ជា​ឧ​ប្ប​ត្ដិ​ហេតុ​ស្លាប់​រស់​ដំបូង​បំផុត​ក្នុង​ឧទ្យាន​ជាតិ​នេះ​រយៈពេល ៥០​ ឆ្នាំ​មកហើយ​»​។

​ក្នុង​ខែមករា ទេសចរ​អា​រ៉ា​ប៊ី​ សា​អូ​៊​ឌី​ត ត្រូវបាន​ដំរី​ជាន់​ស្លាប់​អំឡុង​ដំណើរ​ផ្សងព្រេង​ទៅកាន់​ឧទ្យាន​ពេញនិយម​ ១ ​ទៀត​នៅ​តំបន់​ទឹកធ្លាក់​អ៊ូ​ហ្គ​ង់​ដា Murchison Falls ក្រោយពេល​លោក​ចេញពី​រថយន្ដ​ដែល​លោក​បាន​ជិះ​មក​ទីនោះ​៕ AFP/HR