​ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស: វី​ល ស្ម៊ី​ត ត្រូវបាន​ហាមឃាត់​ពី​ការ​ចូលរួម​ក្នុង​ព្រិ​ត្ដិ​ការណ៍​ប្រគល់​ពានរង្វាន់ Oscars រយៈពេល ១០ ​ឆ្នាំ ក្រោយពី​តារាភាពយន្ដ​រូបនេះ​បានធ្វើឱ្យ​ពិភពលោក​ស្រឡាំងកាំង​ពេល​ឡើងលើ​វេទិកា​ទះកំផ្លៀង​តារា​កំប្លែង​ គ្រី​ស រ៉ុ​ក នៅ​ពាក់កណ្ដាល​កម្មវិធី កាលពី​ ២ ​សប្ដាហ៍​មុន​។

​ស្ម៊ី​ត ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួម​ព្រឹ​ត្ដិ​ការណ៍​ផ្សេងៗ​ទៀត ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​សិល្បៈ និង​វិទ្យាសាស្ដ្រ​ភាពយន្ដ​រយៈពេល​១​ទសវត្សរ៍​ផងដែរ​។

​អគ្គនាយក ដា​វីដ រ៉ូ​ប៊ី​ន និង​នាយក​ប្រតិ​ប​ត្ដិ ដេ​វ ហាដ​សុន បានឱ្យដឹង​ក្នុង​លិខិត​មួយ​ថា​៖ «​គណៈកម្មការ​បានសម្រេច រយៈពេល​ ១០ ​ឆ្នាំ​ចាប់ពី​ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ​២០២២ លោក ស្ម៊ី​ត នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូលរួម​គ្រប់​ព្រឹ​ត្ដិ​ការណ៍ ឬ​រាល់​កម្មវិធី​របស់ Academy (​អូ​ស្ការ​) ដោយផ្ទាល់ និង​តាម​និមិត្ដទ​ស្សន៍​»​។

​គណៈ​គ្រប់គ្រង Academy ក្រុម​ល្បីឈ្មោះ​បំផុត​ចំណោម​ផលិតករ​ប្រមាណ ១ ​ម៉ឺន​នាក់​របស់​ហូលីវូដ ដែល​រៀបចំ​ព្រឹ​ត្ដិ​​ការណ៍​នេះ​បាន​បន្ដថា​៖ «​ពាន​​រង្វាន់​អូ​ស្ការ​លើក​ទី៩៤ ត្រូវបាន​រៀបចំឡើង​ក្នុងការ​អបអរ​ដល់​បុគ្គល​ច្រើន​រូប​ក្នុង​សហ​​គម​ន៍​របស់​យើង ដែល​បំពេញការងារ​ដ៏​អស្ចារ្យ ​១ ​ឆ្នាំ​កន្លងទៅនេះ​។ តែ​ឧ​ប្ប​ត្ដិ​ហេតុ​អាក្រក់​បានកើត​ឡើង​ពី​អត្ដ​ចរិត​ដែល​មិនអាច​ទទួលយកបាន និង​ដ៏​គ្រោះថ្នាក់ ដូច​យើង​បានឃើញ​លោក ស្ម៊ី​ត នៅលើ​វេទិកា​កន្លងទៅនេះ​!»​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​ ១​ ទៅកាន់​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជ​​កម្ម​ហូលីវូដ​ទាំងអស់ ស្ម៊ី​ត បាន​តប​ថា​៖ «​ខ្ញុំ​សូម​ទទួលយក និង​គោរព​តាម​ការសម្រេច​របស់ Academy»៕ AFP/HR