​ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស​: តារាចម្រៀង ប្រ៊ី​ត​នី ស្ពៀ​ស៍ កាលពីដើម​សប្ដាហ៍ បានប្រកាសថា នាង​មាន​ផ្ទៃពោះ​កូន​ទី​៣ ក្រោយ​រយៈពេល ៥ ​ខែ ដែល​ចៅក្រម​បាន​បិទ​រឿងក្ដី​ដ៏​ចម្រូងចម្រាស​ដក​គំនាប​ក្រោម​ការគ្រប់គ្រង​ពី​អាណាព្យាបាល​ដែល​តារាចម្រៀង​ប៉ុប​រូបនេះបាន​និយាយថា ការបាត់បង់​សិទ្ធិសេរីភាព​គ្រានោះ​បាន​រារាំង​រូបនាង​ពី​ការ​មានកូន​តាម​បំណងប្រាថ្នា​។

​ស្ពៀ​ស៍ អាយុ​ ៤០ ​ឆ្នាំ បានឱ្យដឹង​នៅលើ Instagram ថា​៖ «​ខ្ញុំ​មើលឃើញ​លទ្ធផល​តេស្ដ​វិជ្ជមាន​ថា មាន​ផ្ទៃពោះ ហើយ​ច្បាស់​ណាស់ ខ្ញុំ​នឹងមាន​កូន​ ១ ​ទៀត​»​។

​កាលពី​ខែវិច្ឆិកា ចៅក្រម​ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស បាន​រំលាយ​សេចក្ដីសម្រេច​ដែល​ដាក់​តារាចម្រៀង ប្រ៊ី​ត​នី ស្ពៀ​ស៍ នៅក្រោម​អាណាព្យាបាល​ដែល​គ្រប់គ្រង​ដោយ​លោក ជេ​មី ស្ពៀ​ស៍ ជា​ឪពុក​របស់​នាង តាំងពី​ឆ្នាំ​ ២០០៨​។​

​សេចក្ដីសម្រេច​ឱ្យ​នាង​ស្ថិតក្រោម​ការគ្រប់គ្រង​ពី​អាណា​​ព្យាបាល​ត្រូវបាន​តារាចម្រៀង​រូបនេះ​អះអាងថា បាន​រារាំង​រូបនាង​ឱ្យ​ដាក់​កង​ពន្យារកំណើត ទោះបីជា​មានបំណង​ចង់បាន​កូន​យ៉ាងណាក៏ដោយ​។

​អ្នក​តំណាងឱ្យ ស្ពៀ​ស៍ មិនបាន​ឆ្លើយតប​នឹង​ទីភ្នាក់ងារ​ព័ត៌មាន AFP ភ្លាមៗ​ក្នុងការ​-​សុំ​ធ្វើ​អត្ថាធិប្បាយ​ឡើយ​។

​តារាចម្រៀង​ដែល​ហៅ​សង្សារ​វ័យ ២៨ ​ឆ្នាំ សេម អាស​ហ្គា​រី ថា ប្ដី​ពេញៗ​មាត់​នោះ បានឱ្យដឹងថា​៖ «​ពោះ​វិ​វ​ឌ្ឍ​កាន់តែ​ធំ​។ បើ​មាន​២​នាក់​ក្នុងនោះ​មែន ខ្ញុំ​បែប​ទប់ទល់​មិន​ឈ្នះ​ទេ​»​។

​តារាចម្រៀង ប្រ៊ី​ត​នី ស្ពៀ​ស៍ មានកូន​ប្រុស ២ ​នាក់​រួច​ទៅ​​ហើយ​គឺ ហ្សន និង ចេ​ដិ​ន ជាមួយ​អតីត​ស្វាមី​លោក ខេ​វីន ហ្វឺ​ដឺ​រឡាញ​៕ AFP/HR