ក្រុង​ហ្សាការតា៖ ពលរដ្ឋ​ឥណ្ឌូនេស៊ី​មាន​ឱកាស​ចេញ​ក្រៅ​ទទួលទាន​ជា​ថ្មី​ម្ដង​ទៀត ខណៈ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​បាន​ធូរ​ស្បើយ​ ហើយ​អ្នក​ស្វែងរក​ភាព​រំជើប​រំជួល​មួយ​ចំនួន​នាំគ្នា​អបអរ​ការ​ទទួលទានអាហារ​ពេល​ល្ងាច​នៅ​លើ​អាកាស​កម្ពស់​ ៥០ ​ម៉ែត្រ។

ភោជនីយដ្ឋាន​លើ​មេឃ​បាន​បើក​ស្វាគមន៍​មហាជន​នា​សប្ដាហ៍​នេះ​ក្នុង​ទីក្រុង​ឥណ្ឌូនេស៊ី​ដែល​ភាគ​ច្រើន​ជា​មូស្លីម។ ភោជនីយដ្ឋាន​លើ​អាកាស​ត្រូវបាន​ដាក់​ឱ្យ​កក់​ទុក​ជា​មុន​រាប់​ខែ។ វា​ត្រូវបាន​កក់​ពេញ​អស់​ក្នុង​ឱកាស​នៃ​អាហារ​ពេល​ល្ងាចអំឡុង​រដូវ​បុណ្យ​រ៉ាម៉ាដន ពេល​សាសនិក​មូស្លីម​ជួបជុំ​គ្នា​ធ្វើ​ពិធី​ស្រាយ​បួស។

ភោជនីយដ្ឋាន​បម្រើ​អាហារ​​ជាច្រើន​ពេល តម្លៃ​ចន្លោះពី​ ១,៦ ទៅ ៣,៧​លាន​រូព្យា (៤៤​ម៉ឺន​ ទៅជាង​ ១​លាន​រៀល​) ដល់​អតិថិជន​ ៣២​នាក់​ម្ដង​នៅលើ​ពីស​ផុ​តពីដី​កម្ពស់ ៥០​ម៉ែត្រ ដោយ​ម៉ាស៊ីន​ស្ទូច។

បុគ្គលិក​បម្រើអាហារ​​ក៏​មាន​បំពាក់​ខ្សែ​ក្រវាត់ការពារនៅ​ភោជនីយដ្ឋាន​លើ​អាកាស។ AFP

អតិថិជន​ត្រូវបាន​ដាក់​ឱ្យ​អង្គុយ​ដោយ​រឹត​ខ្សែ​សុវត្ថិភាព ខណៈ​ចុង​ភៅ​ និង​អ្នក​រត់​តុ​ពាក់​ឧបករណ៍​សុវត្ថិភាព​ផង​ដែរ។ អតិថិជន​ខ្លះ​ត្រូវ​បាន​មើល​ឃើញ​ជល់​​កែវ​ ពេល​ពីស​ត្រូវបាន​លើស​អំឡុង​ពេល​ទស្សនិករបស់​ក្រុម​ការងារ AFP។

លោក យូនី ជាវេជ្ជបណ្ឌិត​អាយុ ២៩​ឆ្នាំ បាន​និយាយថា​៖ «​ដំបូង វា​ពិត​ជា​មិន​ងាយ​ស្រួល​នោះទេ។ ខ្ញុំ​មាន​អារម្មណ៍​​ភ័យ​ ដែល​ខ្ញុំ​មិន​អាច​លេប​អាហារ​បាន​ឡើយ។ ប៉ុន្ដែ​ក្រោយ​ស៊ាំ​មួយ​ភ្លែតមក ខ្ញុំ​អាច​ញ៉ាំ​បាន។ វា​ពិត​រំជើប​រំជួល​មែន​»។

ភោជនីយដ្ឋាន បាន​ឱ្យ​ដឹង​ថា ខ្លួន​បន្ដ​អនុវត្ដ​គោលការណ៍​សុវត្ថិភាព​តឹងរ៉ឹង​ តែ​បទពិសោធ​មិន​អាច​កើត​មានឡើង​ដោយ​គ្មាន​ការ​ព្រមាន​ឡើយ។ វេបសាយ​របស់​ភោជនីយដ្ឋាន បាន​ណែនាំ​អតិថិជន​ឱ្យ​ចូល​បន្ទប់​ទឹក​មុន​ពេល​ឡើង​អង្គុយ​កៅអី​ដើម្បី​បញ្ចៀស​ការ​រាន់​បត់ដៃ​បត់​ជើង​អំឡុង​ពេល​ទទួល​ទាន​លើ​អាកាស។

សហគ្រិនបែលហ្ស៊ិក ២​នាក់ គឺជាអ្នក​​អភិវឌ្ឍ​ន៍ភោជនីយដ្ឋានលើអាកាស «​Dinner in the Sky» ឬ ទទួលទាន​អាហារ​​លើ​មេឃនេះ។ តាំងពី​ឆ្នាំ​២០០៦ វា​ត្រូវបាន​ពង្រីក​វិសាល​ភាព​ទៅតាម​បណ្ដា​ប្រទេស​ជា​ច្រើន​៕ AFP/HR

ភ្ញៀវ​អង្គុយ​នៅកៅអី​មានបំពាក់ខ្សែក្រវាត់នៅជុំវិញ​​តុអាហារ​កម្ពស់៥០ម៉ែត្រ​​។ AFP