ក្រុងហ្សឺណែវ៖ គ្រាប់​ពេជ្រ​ផលិត​នៅ​មន្ទីរពិសោធន៍ការ​​កែច្នៃ​ពី​សំរាម និង​បច្ចេកទេស​ព្រីន 3D គឺ​ជា​អ្វី​ដែល​ត្រូវបាន​បង្ហាញ​នៅ​ពិព័រណ៍​នាឡិកា​ក្រុង​ហ្សឺណែវ​ឆ្នាំ​នេះ ដោយ​សម្បូរ​ទៅដោយ​នាឡិកា​ផលិត​ឡើង​ពី​វត្ថុធាតុដើម​​​ប្លែកៗក្នុង​បំណង​ទាក់ទាញ​អ្នក​ប្រើ​ប្រាស់​នាឡិកា​ប្រណីត​ជំនាន់​ថ្មី។

H. Moser យីហោ​តូច១​ដែល​ផលិត​នាឡិកាប្រណីត​ត្រឹមតែ​​ ២​ពាន់​គ្រឿង​ក្នុង​១​ឆ្នាំបាន​បង្ហាញ​ផលិតផល​ Vantablack ជា​សារធាតុ​ពណ៌​ខ្មៅ​ក្រឹប​ មានសមត្ថភាព​​ស្រូប​ពន្លឺ​ស្ទើរ​តែទាំង​ស្រុង។

ចំទើត​លើ​ផ្ទៃ​ក្រោយ​ពណ៌​ខ្មៅនាឡិកាដែល​នៅ​ស្ថិត​ក្នុង​ដំណាក់​កាល​ស្រមើស្រមៃនៅឡើយបង្កើត​ជា​រូបភាព​រន្ធ​ពណ៌​ខ្មៅដោយ​មាន​ពណ៌​តែ​ដៃ​ ដែល​ត្រូវបាន​មើល​ឃើញ​ដោយ​ភ្នែក​ទទេ។

វត្ថុធាតុដើម​ផ្សំពី​សំណាញ់​​កាបូន​ណាណូធូបនិង​ផលិត​ដោយ​ Nano Systems ត្រូវបានចាត់ទុក​ជា​ពណ៌​ខ្មៅងងឹត​​បំផុត​ក្នុង​ពិភពលោក។

នាយកប្រតិបត្ដិក្រុមហ៊ុនអេដូវើដម៉េឡានបាន​ប្រាប់​ AFP នៅ​ពិព័រណ៍ Watches and Wonders ថា​៖ «​ខ្ញុំ​ចង់​នាំយក​អ្វី​ដែល​ខុស​ប្លែក​ពី​អ្វីដែល​ធ្លាប់​មានមក​តាំង​បង្ហាញ​រយៈ​ពេល ៣ខែ​ចាប់ពីពេលនេះ​តទៅ។ ខ្ញុំ​ចង់​បង្ហាញ​ពីសម្ភារ​អនាគតកាល​ជាមួយ​រូបភាព​នាឡិកា​ដៃ​ ៥​ឆ្នាំ​ទៅ​មុខ​ទៀត​»។

អ្នក​ផលិត​បង្ហាញ​សិល្បៈ​នៃ​ការ​ចាប់ផ្គុំនាឡិកាដៃ​ប្រណីត នៅទីក្រុង​ហ្សឺណែវ ប្រទេសស្វ៊ីស។ AFP

ពណ៌​ខ្មៅ មាន​តម្រូវការ​ខ្ពស់​នា​ឆ្នាំ​នេះពីសំណាក់​អ្នក​សិល្បៈ​ប្រណីត​ថ្មីៗ។ នេះ​យោងតាម​ Vincent Gregoire ដែល​ដឹកនាំក្នុង​វិស័យ​ហ្វេសសិន​បុរស និង​គ្រឿង​តុបតែង​សម្រាប់​ទីប្រឹក្សាហ្វេសសិន​ ក្រុង​ប៉ារីស NellyRodi។

លោក​បាន​និយាយ​ថា​៖ «​អតិថិជនចង់បាន​​នាឡិកាដៃ​កំពូល​ប្រណីតភាពជាមួយ​ការ​រចនា​​បែប​អនាគតកាលពោរពេញ​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើបតែវាត្រូវតែ​​ផលិត​ឡើង​ដោយ​ដៃ​ផ្ទាល់​»។

Tag Heuer របស់​សម្ព័ន្ធយីហោ​​ប្រណីត​បារាំង LVMH បាន​បំបែក​ប្រវត្ដិ​អាក្រក់​ក្នុង​ឧស្សាហកម្ម​ជាលើកដំបូង ដោយ​ប្រើ​ប្រាស់​គ្រាប់​ពេជ្រ​ផលិត​ឡើងនៅ​មន្ទីរពិសោធ​ន៍ក្នុង​​ម៉ូដែលគំរូមួយ។

គ្រាប់​ពេជ្រ​ទាំង​នេះដែល​ច្នៃ​ឡើង​ពី​បណ្ដុំ​សារធាតុ​គីមីមិន​ទាន់​ត្រូវបាន​ប្រើ​ឱ្យទូលំទូលាយ ​ដើម្បី​ជំនួស​ត្បូង​ជីក​ពី​ក្នុង​ដីដែល​ភ្លឺ​ចិញ្ចាច​នោះ​ទេ។ នាឡិកាដាំពេជ្រ​បែប​សិប្បនិម្មិត​​នេះ១គ្រឿង​​មាន​តម្លៃ​ចាប់​ពី ៣៥​ម៉ឺន​ហ្វ្រង់​ស្វ៊ីស (៣៨​ម៉ឺន​ដុល្លារ)។

​លោក Tobias Kormind ប្រធាន​ក្រុមហ៊ុន​លក់​រាយលើអនឡាញ 77Diamonds ដែល​ពេញ​ចិត្ដ​នាឡិកា​បង្ហាញ​នៅ​លើ​វេបសាយTag Heuer បាន​និយាយថា​៖ «​គ្រាប់​ពេជ្រ​នៅ​មន្ទីរពិសោធ​ន៍មាន​ទីផ្សារ​របស់​វា។ អតិថិជន​ទិញ​គ្រាប់​ពេជ្រ​មន្ទីរពិសោធន៍​​ជាមួយ​​មូលហេតុ​ជា​ច្រើនដោយ​អ្នក​ខ្លះ​គិត​កត្តា​លទ្ធភាពនិង​អ្នក​ខ្លះ​ទៀត​គិត​ដល់​បញ្ហា​បរិស្ថាន»។

គ្រាប់ពេជ្រ​ធម្មជាតិ និង​ពេជ្រ​សិប្បនិម្មិត​មានភាពលេចធ្លោ​ខុសៗគ្នា ក្នុងការ​រចនា​នាឡិកាដៃ​ប្រណីត។ AFP

ពេជ្រ​ធម្មជាតិ​ទាមទារ​ការ​ជជីកកកាយ​រុករក​ដែល​ចៀសពុំរួច​ពីផលអវិជ្ជមានចំពោះផែនដី​ ប៉ុន្តែ​វា​នៅតែ​ជា​វត្ថុចាំបាច់សម្រាប់​សេដ្ឋី​ដែល​ស្នេហា​នាឡិកាដៃ​។

ដូច្នេះ​អ្នកជំនាញ​ផលិត​ក៏​ងាកមក​ចាប់អារម្មណ៍​នឹង​ការ​ស្រាវជ្រាវ​ច្នៃ​ពេជ្រ​នៅមន្ទីរពិសោធន៍​ ដែល​អាច​រំលេច​ជា​រូបរាង​ផ្សេងៗ​តាម​គំរូរចនារបស់ខ្លួន ខណៈ​គ្រាប់ពេជ្រធម្មជាតិ​នៅតែមានតម្រូវការ។

អ្នកជំនាញ​​បាន​សង្កត់​ធ្ងន់​ថា៖ «ទោះ​យ៉ាង​ណាក៏ដោយ អស់​រយៈ​ពេល​ជា​យូរ​មកហើយ គ្រាប់​​ពេជ្រ​ធម្មជាតិ​គឺជា​គ្រឿង​អលង្ការ​មាន​តម្លៃ ដែល​នៅតែ​កម្រ​ និង​មាន​ការ​វិនិយោគ​ច្រើន»។

ក្រឡេក​មើល​ស្ដង់យីហោ​អលង្ការ​​ Cartier បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ជាមួយ​គ្រាប់​ពេជ្រ​ធម្មជាតិ​ដ៏ចែងចាំង។ ប៉ុន្ដែ​គ្រឿង​អលង្ការ​របស់​ក្រុមហ៊ុន Richemont ក៏បាន​ប្រើ​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​ឆ្នាំ​នេះ​ផង​ដែរ។

ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យាព្រីន 3D ក្រុមហ៊ុន​បាន​បង្កើត​កម្រង​ថ្មីៗ ហៅថា «Coussin» មាន​រចនាប័ទ្ម​តាម​រូបរាង​ខ្នើយ​៕ AFP/HR

នាឡិកា​ដៃ​ដ៏​ខ្មៅក្រឹបបំផុត​ក្នុងលោក ត្រូវបានដាក់តាំងបង្ហាញ​នៅក្រុងហ្សឺណែវ កាលពីថ្ងៃទី២២ ខែ​មីនា ឆ្នាំ​២០២២។ AFP