ក្រុង​កូឡុំបូ: ពេល​សូរិយា​ហៀ​ប​អស្ដង្គត​លិច​ផុត​រលក​មហាសមុទ្រ ទេសចរ​អ៊ុយ​ក្រែ​ន វី​ក​តូ​រៀ ម៉ា​ការ៉េ​ន​កូ និង​កូនស្រី​អុជ​ធូប​រៀងរាល់​ល្ងាច​នៅ​ប្រាសាទ ​១ ​ក្នុង​រី​សត​ឆ្នេរ​ស្រីលង្កា ដើម្បី​បួងសួង​សុំ​ត្រឡប់ទៅផ្ទះ​វិញ​។

​ការ​លុកលុយ​របស់​រុស្ស៊ី​មកលើ​មាតុភូមិ​របស់​ស្ដ្រី​វ័យ ​៣៥​ ឆ្នាំ​ កាលពី​ខែកុម្ភៈ បាន​បន្សល់​ទុកឱ្យ​អ្នកដំណើរ​រាប់ពាន់នាក់​ពី​ប្រទេស​ទាំង ​២ ​រសាត់​តែលតោល​នៅ​ដែន​កោះ​ត្រូ​ពិ​ក​នេះ​។

​ប៉ុន្ដែ​ទេសចរ​អ៊ុយ​ក្រែ​ន​ដែល​អស់​លុយ​ពី​កាបូប និង​បារម្ភ​ពី​ជោគវាសនា​មនុស្ស​ជាទី​ស្រឡាញ់​នៅ​មាតុភូមិ​កំណើតបាន​និយាយថា ពួកគេ​ទទួលបាន​ការឧបត្ថម្ភ​យ៉ាង​សម្បូរ​សប្បាយ​ពី​អ្នកស្រុក ថ្វីដ្បិតតែ​តឹង​ចិ​ត្ដ​ចំពោះក្ដីកង្វល់​នៃ​វិបត្ដិ​ហិរញ្ញវត្ថុ​។

​អ្នកស្រី ម៉ា​ការ៉េ​ន​កូ ប្រាប់ AFP ថា​៖ «​ខ្ញុំ​ស្រឡាញ់​ប្រទេស និង​ពលរដ្ឋ​ស្រី​​លង្កា​។ ពួកគេ​គ្រប់គ្នា​ជួយ​យើង​»​។

​អ្នកស្រីក៏ដូចជា​ស្វាមី និង​កូនស្រី​វ័យ ៥ ​ឆ្នាំ បានធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ស្រីលង្កា​រយៈពេល​ជាច្រើន​សប្ដាហ៍ នៅពេល​កងកម្លាំង​រុស្ស៊ី​ចូលលុក​​លុយ​ប្រទេស​អ៊ុយ​ក្រែ​ន​។

​ពួកគេ​កាន់តែ​ខើច​លុយ និង​ធ្លាក់​​ខ្លួន​ដុនដាប មុនពេល​អ្នកស្រុក​ក្នុង​ទីក្រុង​រី​សត អ៊ូ​ណា​វ៉ា​ធូ​ណា បាន​ជួយ​ទំនុកបម្រុង​ពួកគេ ដោយ​ការផ្ដល់​កន្លែង​ស្នាក់នៅ អាហារ និង​ថែមទាំង​ធូប​ទៀន​សម្រាប់​អុជ​បួងសួង​នៅទីឋាន​សក្ការៈ​ថែមទៀត​ផង​។

ទេសចរអ៊ុយក្រែន​ត្រូវបានផ្ដល់អាហារ និង​កន្លែង​ស្នាក់​នៅ​ស្រីលង្កា។ រូបថត AFP

​អ្នកស្រី ម៉ា​ការ៉េ​ន​កូ បានឱ្យដឹងថា​៖ «​ម្ចាស់​សណ្ឋាគារ​បានអនុញ្ញាត​ឱ្យ​ពួកយើង​ស្នាក់​នៅតាម​តម្រូវការ​។ យើង​មាន​ម្ហូបអាហារ ទឹក​ដែល​យើង​មិនចាំបាច់​ឈឺក្បាល​ចំពោះ​បញ្ហា​រឿង​ក្រពះ​នៅ​ថ្ងៃស្អែក​។ យើង​មាន​សុវត្ថិ​​ភាព​ណាស់​នៅទីនេះ ហើយ​ពួកគេ​ក៏​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​យើង​ដែរ​»​។

​នៅតាម​បណ្ដោយ​ឆ្នេរ​ខ្សាច់​ដ៏​ស​ក្បុស​នៃ​ប្រទេស​ស្រីលង្កា ជំនួញ​ពាក់ព័ន្ធ​អាស្រ័យ​លើ​ទេសចរណ៍​ជាច្រើន​កំពុងធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ការផ្ដល់ ឬ​ជួយ​ភ្ញៀវទេសចរ​អ៊ុយ​ក្រែ​ន​ដាច់​សង្វែង​។

​លោក អា​ហេះ សា​ណា​កា ជា​អ្នក​​គ្រប់គ្រង​ហាង​កាហ្វេ Blackgold នៅ Mirissa ជឿថា សន្ដាន​ចិ​ត្ដរបស់​ជនជាតិ​ស្រីលង្កា​បានកើត​ឡើង​ពី​ការចងចាំ​នៃ​បទពិសោធ​ជម្លោះផ្ទៃក្នុង​ស​ង្ក្រា​ម​ស៊ីវិល​ ១​ ទសវត្សរ៍ ដែល​ទើប​បញ្ចប់​ក្នុង​ឆ្នាំ ​២០០៩​។

​លោក​បាន​និយាយថា​៖ «​យើង​ក៏​ប្រឈម​ស្ថានភាព​ដូចនេះ​ពីមុនមក​ដែរ​។ យើង​ដឹង​ពី​ទុក្ខវេទនា ហើយ​យើង​បាន​យល់​ពី​ការឈឺចាប់​»​។

​តួលេខ​ផ្លូវការ​បង្ហាញថា ទេសចរ​រុស្ស៊ី​ជាង ​១៥ ០០០ ​នាក់ និង​អ៊ុយ​ក្រែ​ន ៥ ០០០ ​នាក់ បានធ្វើ​ដំណើរ​មក​កម្សាន្ដ​នៅ​ស្រីលង្កា​ក្នុង​ខែ​ផ្ដើម​មាន​ជម្លោះ​ប្រដាប់អាវុធ ដែលជា​ប្រភព​ធនធាន​ទេសចរ​លំដាប់​ទី១ និង​ទី៣ នៅ​ស្រីលង្កា​៕ AFP/HR