ក្រុងប្រេតូរីយ៉ា៖ ស្វាបាប៊ូ​ដើរ​តាម​ផ្លូវ​របស់​ពួកវា​នៅ​ក្រោម​ទូរថភ្លើង​បរ​កាត់​ស្ពាន។ ដំរីទឹក​១​ក្បាល​ជ្រមុជ​ទឹក​លេង​យ៉ាង​សប្បាយ​នៅក្នុង​ទឹក​ទន្លេ ខណៈ​ខ្លា​ដំបង​ឯកា១​ក្បាល​ត្រាច់ចរ​រ​កចំណី​ និង​ហិត​រក​សត្វ​រមាំង​សម្រាប់​​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសា។

នៅ​កណ្ដាល​ឧទ្យាន​ជាតិ​គ្រូជ័រ ជា​តំបន់​ព្រៃ​អភិរក្ស​ដ៏​ល្បីល្បាញ​បំផុត​របស់​អាហ្រ្វិក​ខាង​ត្បូង រថភ្លើង​ប្រណីត​នេះ​ដឹកនាំ​អ្នកដំណើរ​ ដែល​មិន​កម្រើក​ខ្លួន។

ដោយ​ច្នៃ​ជា​សណ្ឋាគារ​បូទិក រថភ្លើង​ជា​ទីកន្លែង​ទស្សនា​រាជាណាចក្រ​សត្វ​នា​វេលា​ថ្ងៃ​រះ​ពណ៌​មាស​ឆ្អិន​ឆ្អៅ រហូត​ដល់​កញ្ចុំ​តារា​មីគីវ៉េ នា​ពេល​រាត្រី​នៅលើ​លម្ហមេឃ។

ភ្ញៀវ​សណ្ឋាគារ​លើ​រថភ្លើង Kruger Shalati ថត​រូប​សត្វ​ព្រៃ​រត់លឿន hyenas កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ​២០២២។ AFP

វេទិកា​តូចមួយ​បន្ថែម​ទៅលើ​ស្ពាន​បាន​ទ្រ​ទម្ងន់​អាង​ទឹក​រាង​មូល​តូច​មួយ ជាទីសម្រាប់​ប្រជុំ​មនុស្ស​នៅ​វេលា​ម៉ោង ៤​ល្ងាច​ ក្នុង​ឱកាស​ក្រេប​ទឹក​តែ​ ក្នុង​បរិយាកាស​ខ្យល់​រំហើយ​នា​រដូវ​ក្ដៅ។

សំឡេង​សម្រែក​បន្លឺ​ឡើង​លាន់​ទ្រហឹង​ លុប​បាត់​សំឡេង​ចម្រៀង​ចេកចាច​របស់​ហ្វូង​បក្សី ។ អ្នក​រត់​តុ​ម្នាក់​បាន​ប្រាប់​ភ្លាម​ថា «​វា​ជា​សម្រែក​របស់​សត្វ​ដំរីទឹក​»​ ខណៈ​ភ្ញៀវ​កំពុង​ស្លុង​អារម្មណ៍ ដោយ​ត្របាញ់​កែវ​ភ្នែក​ទៅ​រក​ទន្លេភក់ Sabie River ស្ថិត​នៅ​ក្រោម​នោះ។

ស្លឹក​ត្រចៀក​មូលតូចៗ​បាន​ផុស​ឡើងពី​ផ្ទៃ​ទឹក ហើយ​អ្នកស្រី ការ៉េន លេន អាយុ ៥៦​ឆ្នាំ ដែល​មកពី​ទីក្រុង​ចនណេសប៊ឺក ដើម្បី​ប្រារឰ​ខួប​អាពាហ៍ពិពាហ៍​ ៣០​ឆ្នាំ​ជាមួយស្វាមី​ឈ្មោះ រីច បាន​និយាយ​ខ្សឹប​ៗ​ថា​៖ «​គួរ​ឱ្យ​ស្រឡាញ់​ណាស់​»។

ភ្ញៀវទទួលទាន​អាហារ​នៅ​បរិវេណសណ្ឋាគារ​រថភ្លើងក្នុង​ឧទ្យានជាតិ​នៅអាហ្វ្រិកខាង​ត្បូង។ AFP

លោក ឈីឈី មូឌូ បុគ្គលិក​ផ្នែក​លក់​អាយុ ៣៦​ឆ្នាំ​ បាន​បន្ដ​ថា​៖ «​វា​ជា​បទពិសោធ​ដ៏​អស្ចារ្យ។ ទាំង​ទីកន្លែង និង​សេវាកម្ម​ពិតជា​ល្អ​ឥត​ខ្ចោះ។ វាហាក់​ដូចជា​ក្ដី​សុបិន​ក្លាយ​ជា​ការ​ពិត​អ៊ីចឹង។ ខ្ញុំ​ចូលចិត្ដ​គ្រប់​យ៉ាង​នៅ​ទីនេះ​»។

មួយ​សន្លុះ​ក្រោយ​មក ក្រុម​ទេសចរ​មួយ​ឈុត​នេះ​បាន​ចាក​ចេញ​ទៅកាន់​សួនសត្វ​ដ៏​ធំធេង​ជាមួយ​រថយន្ដ​ធុន​ធំ​ដើម្បី​ទៅជួប​ជាមួយ​សត្វ​កវែង​ ដំរី និង​សាកល្បង​សមត្ថភាព​ចក្ខុ​វិញ្ញាណ​ជាមួយ​ការ​ទស្សនា​ហ្វូង​សេះ​បង្កង់ កំពុង​រស់​នៅ​ក្នុង​ជម្រក​ធម្មជាតិ​ ដោយ​ពួកវា​កំពុង​រវល់​ទំពា​ស្មៅ លេង​ក្នុង​ទឹក និង​ជួនកាល​ ប្រយុទ្ធគ្នា​ថែម​ទៀត។

ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩២០ ខ្សែ​រថភ្លើង​ត្រូវបាន​រត់​សម្រាប់​តែ​ទៅ​ឧទ្យាន​ជាតិ​គ្រូជ័រ​ប៉ុណ្ណោះ។ ប៉ុន្ដែ​ក្បាល​អយស្ម័យយាន​ចុង​ក្រោយ​បាន​ឆ្លង​កាត់​ក្នុង​ឆ្នាំ​១៩៧៩​ ហើយ​ផ្លូវ​រថ​ភ្លើង​នេះ​លែង​ត្រូវបាន​ប្រើ​ត​ទៅទៀត។

ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​បាន​ចូល​ខ្លួន​មក​បំពេញ​នាទីជា​ភ្ញៀវ​ទេសចរ​ជំនួស​ជនបរទេស​វិញ។ AFP

លោក ហ្គាវីន ហ្វើរ៉ៃរ៉ា អាយុ ៣៩​ឆ្នាំ ជា​នាយក​ផ្នែក​ប្រតិបត្ដិ​ បាន​និយាយ​ថា​៖ «​យើង​បាន​ទៅ​មើល​កន្លែង​ខ្មោច​រថភ្លើង​ដើម្បី​ស្វែង​រក​ទូ​រថភ្លើង។ដោយ​ច្នៃ​ជា​បន្ទប់​សណ្ឋាគារ​ ទូ​រថភ្លើង​បាន​ផ្ដល់​បទពិសោធ​ឱ្យ​ភ្ញៀវ​ភ្លក្ស​អារម្មណ៍​ជិះ​រថភ្លើង​ទៅអតីតកាល​»។

Kruger Shalati ត្រៀម​ខ្លួន​ផ្ដល់​សេវាកម្ម​ដល់​ទេសចរ​បស្ចិម​ប្រទេស។ ប៉ុន្ដែ​នៅពេល​វា​បាន​បើកទ្វារ​កាលពី​ខែ​ធ្នូ ឆ្នាំ​២០២០ ​​ជំងឺ​រីករាលដាល​សកល​បាន​រារាំង​ពួកគេ​ពី​ការ​ធ្វើ​ដំណើរ។ ពលរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​បាន​ចូល​ខ្លួន​មក​បំពេញ​នាទីជា​ភ្ញៀវ​ទេសចរ​ជំនួស​ជនបរទេស​វិញ។

ពេលនេះ រថភ្លើង​កំពុង​តែ​អន្ទង​ភ្ញៀវ​ទេសចរ​អាមេរិក​កាន់តែ​ច្រើន។ នៅពេល​រាត្រី​កាល​ចូល​មក​ដល់​ រថភ្លើង​រង្គើ​តិចៗ​ដោយ​មាន​ភ្ញៀវ​ស្នាក់​នៅ​ខាង​ក្នុង​ ខណៈ​កម្ដៅ​ថ្ងៃ​បាន​ធ្វើ​ឱ្យ​ដែក​រីកមាឌ​ និង​រាត្រីកាល​ត្រជាក់ៗ​ធ្វើ​ឱ្យ​ដែក​រួម​មាឌ។

ហ្វើរ៉ៃរ៉ា បាន​បន្ដថា​៖ «​វាជា​ចលនា​របស់​ធម្មជាតិ។​ វាកើតឡើង​ការ​រីក និង​រួម​មាឌ​នៃ​សំណង់​ស្ពាន​ដែក​»៕ AFP/HR

រថភ្លើង​នៅនឹង១​​កន្លែង​ត្រូវបានប្រែក្លាយជា​សណ្ឋាគារ​ទាក់ទាញ​ភ្ញៀវទេសចរ​ស្នេហា​ធម្មជាតិ និង​សត្វ​ព្រៃ។ AFP