ក្រុង​ប៉ារីស៖ នៅពេល​ Vero និង​ Vero ចាប់ផ្ដើម​ផលិត​ស្រាបៀរ ពួកគេគិត​ថា ពួកគេ​ជា​ចំណែក​មួយ​នៃ​ស្ដ្រី​អភិវឌ្ឍន៍​ថ្មី​ដែលមាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​នៅក្នុង​ឧស្សាហកម្ម​ធ្លាប់​គ្រប់​គ្រង​ដោយ​បុរស។ ទីបំផុត ពួកគេ​បាន​ដឹង​ថា ស្រាបៀរ​មាន​ឫសគល់​ពី​ក្រុម​ស្ដ្រី​និយម​បុរាណកាល​។

Vero Lanceron អាយុ ៤៤​ឆ្នាំ សហស្ថាបនិក​ Y''a Une SorciereDans Ma Biere (មាន​ធ្មប់​នៅក្នុង​ស្រាបៀរ​ខ្ញុំ​) ជាភោជនីយដ្ឋាន​តូច​មួយ​ក្នុង​ La Reole ភាគ​និរតី​ប្រទេស​បារាំង បាន​និយាយ​ថា​៖ «​យើង​មាន​តែ​ស្ដ្រី ២​នាក់​ ដែល​ចូល​ចិត្ដ​ស្រាបៀរ​ និង​ចង់​ធ្វើ​អ្វី​មួយដោយ​ខ្លួន​ឯង​»។

តាំងពី​ដំបូង ផលិតផល​របស់​ពួកគេ​គឺជាសហគ្រាស​ស្ដ្រី​និយម​ ជាពាក្យពេចន៍​នៅលើ​នាមប័ណ្ណ​ស្រាប់​។ ប៉ុន្ដែ​វា​ចាប់​ផ្ដើ​មនៅពេល​ពួកគេ​ធ្វើការ​ស្រាវជ្រាវ​ឧស្សាហកម្ម​ស្រាបៀរ​ ដែល​ពួកគេ​បាន​ដឹង​ថា ពួកគេ​គឺជាផ្នែក​មួយ​នៃ​ប្រពៃណី​ដ៏​ចំណាស់​។

អ្នកដៃគូអ្នកស្រី Lanceron ឈ្មោះ Vero Verisson អាយុ ៤៩ឆ្នាំ បាន​ឱ្យ​ដឹង​ថា៖ «​នៅក្នុង​ក្ដីស្រមៃ​រួម យើង​ធ្លាប់​តែ​យល់​ថា ​ស្រាបៀរ​ត្រូវបាន​ផលិត​ឡើង​សម្រាប់​តែ​បុរស​។ មិន​គួរ​ឱ្យ​ជឿ​ថា តាម​ពិត​ វា​មិន​មែន​ដូច្នោះ​ឡើយ​»។

រូបមន្ដ​ស្រាបៀរ​កំណត់ត្រា​ដំបូង​ត្រូវបាន​សរសេរ​នៅលើ​ដីឥដ្ឋ​ក្នុង​ឆ្នាំ​១៨០០ មុន​គ្រិស្ដសករាជ​ ជា​កំណាព្យ​ឧទ្ទិស​ដល់​ទេវ​ស្រាបៀរ​ស៊ូមែរ​ Ninkasi។

ស្ត្រី​២​រូប​ Vero និង​ Vero ​ផលិត​ស្រាបៀរនៅ​ភាគ​នីរតី​ប្រទេស​បារាំង។ AFP

ក្នុង​សម័យ​កាល​នោះ​នៅ​តំបន់​ប្រវត្ដិសាស្ដ្រ Mesopotamia ​ច្បាប់​សម័យ​ដើម​ Code of Hammurabi រួមទាំង​បទបញ្ញត្ដិ​ជា​ច្រើន​សម្រាប់​អ្នក​ផលិតស្រាបៀរ និង​ម្ចាស់​តៀមស្រា តែងតែ​សំដៅលើ​ពាក្យ​ «​នាង​»។

ការ​ផលិត​ស្រាបៀរ​នៅតែ​ជា​កិច្ចការ​របស់​នារី​នៅ​ក្នុង​យុគសម័យ​កណ្ដាល ពេល​ភេសជ្ជៈ​អាល់កុល​ទាប​គឺជា​ភេសជ្ជៈ​ជីវជាតិ​សម្រាប់​ក្រុម​គ្រួសារ​ទាំង​មូល​។

ដោយសារតែ​មិន​ទុក​ដាក់​បរិមាណ​លើស ស្ដ្រី​រមែង​លក់​ចំណែក​សល់​ទៅ​ឱ្យ​អ្នក​ជិត​ខាង ដោយ​ផ្ដល់​មក​វិញ​នូវ​ឯករាជភាព​ហិរញ្ញវត្ថុ​ និង​នាំ​ឱ្យ​មនុស្ស​ជា​ច្រើន​បើក​តៀម​ស្រា​លក់​នៅ​តាម​ផ្ទះ​។

ដល់​ពេល​ដែល​ការ​លក់​ស្រាបៀរ​កាន់តែ​រក​ចំណូល​បាន​ខ្ពស់ វា​ដល់​ពេលវេលា​ដែល​បុរស​ៗ​ចូល​មក​គ្រប់​គ្រង​តែម្ដង​។

រឿង​រ៉ាវ​ចាប់ផ្ដើម​ប្រែប្រួល​ដោយ​បច្ចុប្បន្ន​នេះ ទំនោរ​និយម​ស្រាបៀរ​ផលិត​បែប​សិប្បកម្ម​ ឬ​ (craft beer) និង​ភោជនីយដ្ឋាន​បារាំង​ខ្នាត​តូច​ ដែល​ភាគច្រើន​ដំណើរ​ការ​ដោយ​ស្ដ្រី​។

នៅមាន​រោងចក្រផលិត​ស្រាបៀរ​ដឹក​នាំដោយ​ស្ដ្រី​នៅ​ចក្រ​ភពអង់គ្លេស និង​សហរដ្ឋ​អាមេរិក ដែល​បាន​បង្កើត​បណ្ដាញ​ ដូចជា Project Venus នៅ​ចក្រ​ភព​អង់គ្លេស​។

អ្នកស្រី Verisson បាន​និយាយថា​៖ «​មិនមាន​ភេសជ្ជៈ​សម្រាប់​បុរស ឬ​ស្ដ្រី​នោះទេ​ មានតែ​រសជាតិ​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ​។ ជាអកុសល បុរសមួយ​ចំនួន​មានអារម្មណ៍​ខ្លួនទន់ជ្រាយ​ដូចស្រី ពេល​ពួកគេ​ទទួលទាន​ភេសជ្ជៈដែល​​​ស្រី​ទទួល​ទាន​»៕ AFP/HR

ស្ថិត​ក្នុង​វ័យ​សែប្លាយ ស្ត្រី​២​រូប​បាន​សហការគ្នា​ផលិត​ស្រាបៀររំឭក​ឫសគល់ប្រវត្តិសាស្ត្រ​ភេសជ្ជៈ​ផលិត​ដោយ​ស្ត្រី។ AFP