​ក្រុង​អ៊ីស្លា​ម៉ា​បាដ: ក្នុង​ព្រះវិហារ ​Badshahi អាយុកាល​ជាច្រើន​សត​​វត្សរ៍​នៅ​ទីក្រុង លោក ឡា​ហ័​រ លោក ហ្ស៊ូ​ហា​អ៊ី​ប ហាស​សាន បាន​កេះ​ខ្សែ​​ទ្រ សារ៉ាន់​ហ្គី បានធ្វើឱ្យ​មហាជន​នៅតាម​ដងផ្លូវ​កម្សត់​យំ​ខ្សឹកខ្សួល​។

​ដោយមាន​សំឡេង​ស្រដៀង​នឹង​សំ​​ឡេង​របស់​មនុស្ស ឧបករណ៍​តន្ដ្រីបុរាណ​កំពុងតែ​សាបរលាប​បន្ដិច​ម្ដងៗ​ពី​តថភាព​តន្ដ្រី​ប៉ា​គី​ស្ថាន លើកលែងតែ​ក្រុម​តន្ដ្រីករ​មួយចំនួន​តូច​ដែល​ពុះពារ​ថែរក្សា​កេរដំណែល​នេះ​។

​លោក​បាន​និយាយថា​៖ «​យើង​កំពុងតែ​ព្យាយាម​រក្សា​ឧបករណ៍​តន្ដ្រី​បុរាណ​នេះ​ឱ្យនៅ​គង់វង្ស ដោយ​មិន​គិតដល់​បញ្ហា​វិបត្ដិ​ហិរញ្ញវត្ថុ​ដ៏​ដុន​​ដាប​របស់​យើង​»​។

​សម្រាប់​រយៈពេល ៧ ​ជំនាន់ គ្រួសារ​របស់លោក​មាន​ជំនាញ​យ៉ាង​ប៉ិន​​ប្រសប់​ចំពោះ​ការប្រើប្រាស់​ឧបករណ៍​ទ្រ​រាង​កន្តុប និង​ក​ខ្លី​នេះ ហើយ​លោក ហាស​សាន ទទួលបាន​ការគោរព​​នៅ​ទូទាំងប្រទេស​ប៉ា​គី​ស្ថាន ​ចំពោះ​សមត្ថភាព និង​រមែង​បង្ហាញមុខ​លើ​កញ្ចក់​ទូរទស្សន៍ វិទ្យុ និង​ពិធី​ជប់​​លៀង​ឯកជន​ផ្សេងៗ​។

​លោក​បាន​បន្ដថា​៖ «​ចំណូល​ចិ​ត្ដ​លើ​ឧបករណ៍​របស់​ក្រុមគ្រួសារ​ខ្ញុំ​បាន​បង្ខំ​រូបខ្ញុំ​បន្ដ​អាជីព​ជា​អ្នកលេង​ទ្រ សារ៉ាន់​ហ្គី ដែល​ត្រូវ​បោះបង់​ការ​​សិក្សា​ចោល​»​។

​ឧបករណ៍​តន្ដ្រីបុរាណ​កំពុង​ប្រកួត​​ប្រជែង​ជាមួយ​តន្ដ្រី R&B និង​ប៉ុប​ដ៏​រីក​ចម្រើន​នៅ​ប្រទេស​ដែលមាន​ពលរដ្ឋ​ជាង ៦០ ​ភាគរយ​អាយុ​ក្រោម ​៣០ ​ឆ្នាំ​។

​ឧបករណ៍ សារ៉ាន់​ហ្គី មាន​ប្រជា​ប្រិយភាព​ក្នុង​ប្រភេទ​តន្ដ្រី​ក្លា​ស្ទិ​ក​ឥណ្ឌា ក្នុង​សតវត្សរ៍​ទី​១៧ អំឡុងពេល​គ្រងរាជ្យ​នៃ​រាជវង្ស Mughals នៅ​ឧបទ្វីប​ឥណ្ឌា​។

អ្នក​ផលិត និង​ជួសជុល​​ឧបករណ៍តន្ត្រីបុរាណ​នៅ​ប្រទេស​ប៉ាគីស្ថាន​។ រូបថត AFP

​ការធ្លាក់ចុះ​ប្រជាប្រិយភាព​ចាប់​​ផ្ដើម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ក្រោយ​មរណភាព​នៃ​គ្រូភ្លេង និង​អ្នកចម្រៀង​បុរាណ​ជាច្រើន​នាក់​។ នេះ​បើ​យោងតាម Khwaja Najam-ul-Hassan នាយក​គ្រប់គ្រង​ទូរទស្សន៍ ដែល​បាន​កម្រង​អ្នកសិល្បៈ​បុរាណ​ឈានមុខ​ប្រចាំ​ប្រទេស​ប៉ា​គី​ស្ថាន​។

​លោក​បានឱ្យដឹងថា​៖ «​ឧបករណ៍​តន្ដ្រី​ទ្រ​សារ៉ាន់​ហ្គី ពិតជា​មានតម្លៃ​ខ្ពស់​សម្រាប់​អ្នកចម្រៀង​សម័យមុន​ទាំង​បុរស និង​ស្ដ្រី តែ​វា​ចាប់ផ្ដើម​រលាយបាត់​ប​ន្ដិ​ច​ម្ដងៗ​ក្រោយពេល​ពួកគេ​ស្លាប់​»​។

​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រប​ទៅតាម​តថភាព​តន្ដ្រីសម័យ​ទំនើប​នៅ​មានការ​ស្រពេចស្រពិល​ជាច្រើន​។

​លោក ហាស​សាន បាន​និយាយថា​៖ «​យើង​បាន​ច្នៃប្រឌិត​ក្នុង​ការលេង​តន្ដ្រី​បែប​ថ្មី រួមទាំង​ការបង្កើត​ឧ​ប​​ករ​ណ៍ត​ន្ត្រី សារ៉ាន់​ហ្គី ជា​ឧបករណ៍​ពាក់កណ្ដាល​អេឡិចត្រូនិក ដើម្បី​បង្កើន​អានុភាព​សំឡេង​អំឡុងពេល​សម្ដែង​ជាមួយ​ឧបករណ៍​តន្ដ្រីសម័យ​ទំនើប​»៕ AFP/HR