ក្រុង​ញូវដែលី: នៅក្នុង​បន្ទប់​ភ្លើង​បំភ្លឺ​ព្រាលៗ​ក្បែរ​ត្រើយម្ខាង​នៃ​ទន្លេ​គង្គា បុរសៗ​បាន​ប្រើ​ដៃ​លើក​កី​តម្បាញ ខណៈ​សរសៃសូត្រត្រូវបាន​ត្បាញ​គាប​បញ្ចូល​ពុម្ព​កី​។

​ស្ទូ​ឌី​យោ​ដ៏​តូចចង្អៀត​របស់លោក មូ​ហា​មេ​ដ ស៊ីរ៉ា​ជូដ​ឌី​ន គឺជា​ទម្រង់​សិល្បៈ​បុរាណ​ដែល​កាន់តែ​ថយ​ប្រជា​ប្រិយភាព​នៅ​ទីក្រុង វ៉ា​រ៉ា​ន់​ណា​ស៊ី នៃ​សហគមន៍​អ្នកសិល្បៈ ដែល​ផលិត​ឈុត​ប្រពៃណី​ឥណ្ឌា ​«​សារី​» ដោយ​​ដៃជា​ស្នាដៃ​ដ៏​វិសេស​ក្នុងចំណោម​អ្នក​តម្បាញ​ពី​បរម​បុរាណ​។

​បុរស​អាយុ ៦៥​ ឆ្នាំ​រូបនេះ​បាន​ប្រាប់ AFP ថា​៖ «​បើ​អ្នកដើរ​ជុំវិញ​តំបន់​នេះ អ្នកនឹង​មើលឃើញថា ផ្ទះ​តែ​ ១​ គត់ ដែលមាន​កី​តម្បាញ​។ វា​នឹង​បន្ដ​នៅ​ទីនោះ ដរាបណា ខ្ញុំ​មានជីវិត​រស់នៅ​។ អស់ពី​ខ្ញុំ​ទៅ គ្មាន​នរណាម្នាក់​ក្នុងផ្ទះ​នេះ​នឹង​បន្ដការងារ​នេះឡើយ​»​។

​អ្នក​តម្បាញ​ដោយ​ដៃ​នៅ​ទីក្រុង​វ៉ា​រ៉ា​ន់​ណា​ស៊ី បាន​សាង​កេរ្ដិ៍ឈ្មោះ​ល្អ​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍ ដោយមាន​ជំនាញ​រំលេច​នូវ​គំនូរ​សិល្បៈ​សាំញ៉ាំ ការ​រចនា​ផ្កា និង​សំពត់​​ពណ៌​មាស​ឆ្អិនឆ្អៅ​។

​ឈ្មោះ​ឈុត​សម្លៀកបំពាក់ សារី បា​ណា​រ៉ាស៊ី ដែល​យកឈ្មោះ​តាម​ទីក្រុង​បុរាណ មានការ​ពេញនិយម​ចំពោះ​ការប្រើប្រាស់​ក្នុងចំណោម​កូនក្រមុំ​ឥណ្ឌា និង​រមែង​ថែរក្សា​ទុក​បន្ដ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ទៀត​ក្នុងនាម​ជា​វត្ថុ​ប្រចាំ​គ្រួសារ​។

​ក្រណាត់​ប្រណីត​នេះ​មានតម្លៃ​ខ្ពស់​គួរសម ដោយ​ស្នាដៃ​បច្ចុប្បន្ន​របស់លោក ស៊ីរ៉ា​ជូដ​ឌី​ន នឹង​លក់​ក្នុងតម្លៃ ៣ ​ម៉ឺន​រូពី ​(៣៩០ ​ដុល្លារ​) ប៉ុន្តែ​ដោយ​​សារមាន​ឈ្មួញកណ្ដាល ការ​ចំណេញ​នៅសល់​តិចតួច​សម្រាប់​ម្ចាស់​តម្បាញ​ដោយ​ដៃ​។

កីតម្បាញ​ដោយដៃ​នៅសល់តិចតួច ប៉ុន្តែ​សិប្បករ​មួយចំនួនតូច​នៅតែ​ថែរក្សា​វាឱ្យគង់វង្ស។ រូបថត AFP

​លោក ស៊ីរ៉ា​ជូដ​ឌី​ន បាន​បន្ដថា​៖ «​បើ​ធៀប​នឹង​ការងារ​ដ៏​លំបាក ដែល​ធ្វើ​ការផលិត​ក្រណាត់​ឈុត​សារី​នេះ ប្រាក់ចំណូល​ស្ដួចស្ដើង​បំផុត​»​។

​អ្នកជិតខាង​របស់លោក​សុទ្ធតែ​បាន​ផ្លាស់ប្ដូរ​អាជីព​ទៅប្រើ​កី​អេ​ឡិច​ត្រូ​ពិ​ក​សម្រាប់​ផលិត​សម្លៀកបំពាក់ ដែល​ខ្វះ​សុខដុមភាព​នៃ​វាយ​ន​ភណ្ឌ​ត្បាញ​ដោយ​ដៃ និង​លក់​ត្រឹម​តម្លៃ ១ ​ភាគ ៣ ប៉ុណ្ណោះ តែ​ត្រូវការ​ពេល​ផលិត​យូរ​។

​លោក ចា​យ៉ា ចាយ​ត​លី អ្នកនិពន្ធ និង​អតីត​អ្នកនយោបាយដែល​បាន​សរសេរ​សៀវភៅ​ស្ដីពី​វាយ​ន​ភណ្ឌ​តម្បាញ​នៅ​ក្រុង​វ៉ា​រ៉ា​ន់​ណា​ស៊ីថា​៖ «​អំបោះ និង​ក្រណាត់​ចិន​មាននៅ​គ្រប់​ទីកន្លែង​។ រោងចក្រ​សារី​នៅ​ទីនោះ​បាននិងកំពុង​តែ​បណ្ដេញ​សិប្បកម្ម​ច្នៃ​ផលិត​ដោយ​ដៃ​យ៉ាង​វិសេស​ចេញ​»​។​

​លោក​បាន​បន្តថា​៖ «​ឧស្សាហកម្ម​​ដ៏​រីកចម្រើន​ទាំងអស់នេះ ត្រូវបាន​សម្លាប់តាមរយៈ​ការប្រកួតប្រជែង​របស់​ផលិតផល​ចិន ហើយ​សមត្ថភាព​ផលិត​បរិមាណ​ដ៏​ច្រើនសន្ធឹក​ក្នុងតម្លៃ​ថោក​ជាង​ផលិតផល​ដោយ​ដៃ​»​។

​ទោះជា​យ៉ាងណា អ្នក​តម្បាញ​សា​ហ៊ី​ដ នៅតែមាន​ក្ដី​សង្ឃឹមថា អតិថិជន​ទ្រព្យ​​ស្ដុក​នឹង​ស្រឡាញ់​ចូល​ចិ​ត្ដ​ផលិតផល​ធ្វើ​ដោយ​ដៃ​ដ៏​មាន​ភាព​ស្អាត​ថ្លៃថ្នូរ​។

​លោក សា​ហ៊ី​ដ អាយុ​ ៣៣​ ឆ្នាំ បាន​ប្រាប់ ​AFP ​ថា​៖ «​អ្នក​ដែល​ដឹង​អំពី​តម្លៃ​របស់​ផលិតផល​ដោយ​ដៃ​នឹង​បន្ដ​ទិញ និង​កោតស្ញប់ស្ញែង​ក្រណាត់​ឈុត​សារី​របស់​យើង​។ ​កី​តម្បាញ​ដោយ​ដៃ​អាច​នៅសល់​តិច តែ​ពួកវា​នឹងមិន​រលាយ​​រលត់​នោះទេ​»៕ AFP/HR