​ក្រុង​វ៉ាស៊ីនតោន: ក្រុមហ៊ុន​អាមេរិក​មួយ បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​គ្រោង​ប្ដឹង​ឧទ្ធរណ៍​លើ​សេចក្ដី​បង្គាប់​ដោយ​ផ្ដល់ប្រាក់ ៤៥​ ម៉ឺន​ដុល្លារ ​ដល់​អតីត​បុគ្គលិក​ម្នាក់ ដែល​ត្រូវបាន​បណ្ដេញចេញ​ភ្លាមៗ ក្រោយ​មាន​ចលាចល​ដ៏​ឆោឡោ​មួយ នៅពេល​ក្រុមហ៊ុន​បានរៀបចំ​កម្មវិធី​ជប់លៀង​ខួបកំណើត​ឱ្យ​បុរស​រូបនោះ ដោយ​មិន​សម​តាម​ឆន្ទ​:​របស់លោក​។

​លោក ខេ​វីន បែរ​លីន ដែល​និយាយថា លោក​កើត​អាការ​ឆាប់​ឆេវឆាវ បាន​ព្រមាន​ដល់​ថ្នាក់ដឹកនាំ​របស់ខ្លួន​នៅ​មន្ទីរពិសោធន៍​វេជ្ជសាស្ដ្រ Gravity Diagnostics ថា លោក​មិនត្រូវ​ការរៀបចំ​កម្មវិធី​សប្បាយ​នៅ​ថ្ងៃកំណើត​អី​នោះទេ ដោយ​លោក​បាន​ពន្យល់ថា វា​បាន​រំឭក​ដល់​ហេតុការណ៍​លែងលះ​រវាង​ឪពុកម្ដាយ​លោក​។ នេះ​បើ​យោងតាម​ឯកសារ​នៅ​តុលាការ​។

​ប៉ុន្ដែ​កាលពី​ថ្ងៃទី ​៧ ខែ សីហា ឆ្នាំ​ ២០១៩ អំឡុងពេល​សម្រាក​បាយ ថ្ងៃត្រង់ លោក បែរ​លីន ត្រូវបាន​ជូនពរ «​ខួបកំណើត​» ដោយ​សហការី​មួយចំនួន និង​បាន​លាត​បង្ហាញ​ស្លាក​អបអរ​ខួប​ដ៏​រីករាយ​ក្នុង​បន្ទប់​សម្រាក​របស់​ក្រុមហ៊ុន ក្នុង​រដ្ឋ​ឃេ​ន​ថាក​គី តែ​លោក​បែរជា​ទៅ​អង្គុយ​ក្នុង​រថយន្ត ហើយ​បង្ហាញ​អាកប្បកិរិយា​ឆេវឆាវ​នៅ​ថ្ងៃ​បន្ទាប់​ក្នុងការ​ប្រជុំ​ការងារ​។​

​លោក បែរ​លីន បានដាក់​ពាក្យ​ប្ដឹង ក្រុមហ៊ុន​ពីបទ «​រើសអើង​ប្រឆាំងនឹង​មូលដ្ឋាន​អសមត្ថភាព​» ហើយ​កាលពី​ខែ​មុន​លោក​ត្រូវ​ផ្ដល់ប្រាក់​សំណង ៤៥ ​ម៉ឺន​ដុល្លារ រួមទាំង ១៥ ​ម៉ឺន​ដុល្លារ​ប៉ះប៉ូវ​ការបាត់បង់​ប្រាក់ចំណូល និង ៣០​ ម៉ឺន​ដុល្លារ ​សម្រាប់​ការ​អាម៉ាស់​និង​ការបាត់បង់​ជំនឿ​ចិ​ត្ដ​ពី​ទង្វើ​នោះ​។

​មេធាវី​ក្រុមហ៊ុន លោក Jonh Maley បាន​និយាយថា ក្រុមហ៊ុនដែល​បដិសេធ​ចំពោះ​ការរើសអើង និង​បាន​និយាយថា ខ្លួន​មិនដែល​ត្រូវបាន​ជូន​-​ដំណឹង​អំពី​បញ្ហា​អាការ​ឆាប់​ក្រេវក្រោធ​របស់​បុគ្គលិក​រូ​ប​នេះ ហើយ​ក៏បាន​ត្រៀម​ប្ដឹង​ឧទ្ធរណ៍​៕ AFP/HR