ក្រុង​បាងកក: នៅ​ភោជនីយដ្ឋាន​ប្រណីត​ក្នុង​ក្រុង​បាងកក មេ​ចុងភៅ​លំដាប់​ផ្កាយ Michelin លោក ធី​ទិ​ដ (​តុ​ន​) តា​សា​ណា​កាច​ន បាន​ដួស​ពងត្រី​ខា​វី​យ៉ា​ខ្មៅ​ដាក់​ក្នុង​ចាន ដែលជាការ​បន្ថែម​រសជាតិ​ម្ហូប​ថៃ​តម្លៃ​សមរម្យ​ទៅក្នុង​រូបមន្ដ​ម្ហូប​គ្រួសារ​ប្រពៃណី​របស់លោក​។

​ម្ហូប​ប្រណីត ដែល​រមែង​ទាក់ទង​នឹង​ប្រភព​មកពី​ប្រជាជាតិ​ភាគ​ខាងជើង​ដ៏​ត្រជាក់ កំពុងតែ​មានឈ្មោះ​ល្បី​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ដោយ​ចុងភៅ​វ័យ ៣៧​ ឆ្នាំ អាច​សម្របសម្រួល​តម្លៃ​តាមរយៈ​កសិដ្ឋាន​ច្នៃ​បង្កើត​ថ្មី​នៅក្រៅ​ក្រុង​បាងកក​។

​ដោយ​ការប្រើ​វិធីសាស្ដ្រ​ប្រមូល​ផល​បច្ចេកវិទ្យា​ទំនើប កិច្ចសហការ​រវាង​ថៃ និង​រុស្ស៊ី បានផ្ដល់​នូវ​សេវាកម្ម​កាន់តែ​ងាយស្រួល និង​តម្លៃ​ធូរ​ថ្លៃ ដោយ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ត្រី​ជិត​ផុត​ពូជ ដែល​ផ្ដល់​រសជាតិ​ឈ្ងុយឆ្ងាញ់​ពី​ជោគវាសនា​អាក្រក់​របស់​ត្រី​នេះ​។

​លោក តុ​ន បាន​ពន្យល់​ពេល​លោក​រោយ​ពងត្រី​ខា​វី​យ៉ា លើ​ម្ហូប​ថៃ «Lhon Pu» នៅ​ភោជនីយដ្ឋាន Lahnyai Nusara របស់លោក​ថា​៖ «​តម្លៃ​ពិតជា​សមរម្យ ខ្ញុំ​ហ៊ាន​និយាយ​បែបនេះ​បើ​ធៀប​នឹង​ផលិតផល​នាំចូល​»​។

ពងត្រីខាវីយ៉ា​ ១ កំប៉ុង​មាន​​តម្លៃពី ២៣០ ទៅ ៨៣២ ​ដុល្លារ។ រូបថត AFP

​ចម្ងាយ​ប្រមាណ ២០០ ​គីឡូម៉ែត្រ​នៅ​ទីក្រុង​រី​សត​ឆ្នេរ​ហ៊ួ​ហ៊ី​ន​វា​ជា​វេលា​ប្រមូល​ផល «​មាស​ខ្មៅ​» នៅ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​តំបន់​ខាងជើង​របស់​ថៃ​ដែល​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ចែកចាយ​ក្នុងស្រុក Caviar House​។

​ត្រី​យក្ស​រាប់រយ​ក្បាល​ហែល​ពេញ​ក្នុង​បា​សាំង​ដែល​រក្សា​ក្នុង​សីតុណ្ហភាព ២១ ​អង្សា​សេ ស្ថិតនៅ​ទីឋាន​ដ៏​សែនឆ្ងាយ​ពី​សមុទ្រ​កាស​ព្យែ​ន ជាទី​ដែល​ពូជ​ត្រី​ទាំងនេះ​រស់នៅ​តាម​ធម្មជាតិ​។

​សហ​ស្ថាបនិក​កសិដ្ឋាន​ចិញ្ចឹម​ត្រី លោក អា​ឡេ​ស៊ី ទី​យូ​ទីន និយាយថា​៖ «​គ្មាន​នរណា​មាន​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នេះ​ក្នុង​បរិយាកាស​ត្រូ​ពិ​ក​ឡើយ​»​។

​ត្រី​ដែល​ត្រូវបាន​ចាត់ទុកជា​សត្វ​​ដាយ​ណូ​ស័​រ​រស់ អាច​រស់រាន​ដល់​អាយុ ១០០ ​ឆ្នាំ និង​មាន​ប្រវែង​រហូតដល់ ៤ ​ម៉ែត្រ​។ ម្ចាស់​កសិដ្ឋាន​ផលិត​ត្រី​ខា​វី​យ៉ា​បែប​ប្រពៃណី បានសម្លាប់​ត្រី​ញី​វះ​យក​ពង តែ​កសិដ្ឋាន ទី​យូ​ទីន «​ច្បូត​» ពោះ​ត្រី​យក​ពង​តែម្ដង​។

​លោក ទី​យូ​ទីន បាន​និយាយថា​៖ «​បើ​ត្រី​មាន​ទម្ងន់ ២៥ ​គីឡូក្រាម យើង​រំពឹងថា​ នឹង​ទទួលបាន​ពងត្រី​ខា​វី​យ៉ា​ចន្លោះ​ពី ២,៦ ទៅ ២,៧​ គីឡូក្រាម​»​។

​កសិដ្ឋាន​បាន​ប៉ាន់ប្រមាណ​ថា អាច​ផលិត​ពងត្រី​រហូតដល់ ២ ​តោន​នា​ឆ្នាំនេះ​។ ការ​បង្កាត់​ពូជ​ត្រី​ក្នុង​បរិយាកាស​មិនមែន​ធម្មជាតិ​របស់​ពួកវា ត្រូវការ​ថាមពល​ច្រើន ទោះបីជា​ការប្រើប្រាស់​បន្ទះ​សូ​ឡា ដោយ​ការចំណាយ​លើ​អគ្គិសនី​ជិត ​៩ ០០០ ​ដុល្លារ ​ក្នុង ​១ ​ខែ​។

ពងត្រីត្រូវបានច្បូតយកតាមបច្ចេកទេសថ្មី ជំនួស​ឱ្យ​ការ​វះពោះសម្លាប់​ត្រី។ រូបថត AFP

​សហ​ស្ថាបនិក​វ័យ ៥៥ ​ឆ្នាំ​រូបនេះ​បន្ដថា​៖ «​យើង​ធ្វើឱ្យ​សីតុណ្ហភាព​ផ្ទៃ​​ទឹក​ចុះ​ត្រជាក់ ដោយសារ​នៅ​ខាងក្រៅ​មាន​កម្ដៅ​មធ្យម ៣១ ​អង្សា​សេ​។ ត្រី​ទាំងនេះ​មិនអាច​ទប់ទល់​បានឡើយ ហើយ​ពួកវា​នឹង​ងាប់​ភ្លាមៗ​»​។

​ខណៈ​ក្រុមហ៊ុន Caviar House លក់​ផលិតផល​សម្រាប់តែ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ដោយ​ពងត្រី​ ១ ​កំប៉ុង​មានតម្លៃ​ចន្លោះ​ពី ២៣០ ទៅ ៨៣២​ ដុល្លារ ពួកគេ​រំពឹងថា នឹង​ពង្រីក​ការ​​នាំចេញ​នៅពេល​ខាងមុខ​។

​ភោជនីយដ្ឋាន និង​ចុងភៅ​ថៃ​ល្បីៗ បានទទួល​ស្គាល់​គុណប្រយោជន៍​នៃ​ពងត្រី​ខា​វី​យ៉ា​សម្បូរ​ទៅដោយ​វីតាមីន រ៉ែ និង​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​ ៣​។

​លោក តុ​ន បាន​បន្ថែមថា​៖ «​ការ​ប្រើប្រាស់​ពងត្រី​ខា​វី​យ៉ា​ក៏បាន​ជួយ​ទប់ទល់​ចំណូល​ចិ​ត្ដ និង​ទស្សនៈ​ដែលថា អាហារ​ថៃ​ត្រូវតែ​ហឹរ និង​មាន​រសជាតិ​មុត​ផងដែរ​»៕ AFP/HR