ភ្នំពេញ: បន្ទាប់ពី​ពន្យារ​រាប់​ខែ​ដោយ​ខកខាន​មិនបាន​ធ្វើ​តាំងពី​ឆ្នាំមុន ពេលនេះ​ពិព័រណ៍ Cambodia''s First Repair Fair ដែល​រៀបចំឡើង​ដោយ​ស្ត្រី​អាមេរិក សេន​ឌី ខូ​តាន់ (Sandy Kotan) និង​ជា​ស្ថាបនិក និង​អ្នកគ្រប់គ្រង​សហគ្រិន​សង្គម Only One Planet ​នឹង​លេច​រូបរាង​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​ ២៤ ខែមេសា​នេះ ចាប់ពី​ម៉ោង ១០​ ព្រឹក ៥​ ល្ងាច នៅ​អគារ Gateway House​។​

​ពិព័រណ៍ Cambodia''s First Repair Fair ត្រូវបាន​ធ្វើឡើង ដើម្បី​សាបព្រោះ​ចំណេះដឹង​ជួសជុល​របស់​​របរ​ខូចៗ ក្នុង​គោលដៅ​បញ្ចៀស​កុំឱ្យ​មាន​សំរាម​ច្រើន​នៅលើ​ភពផែនដី ក៏ដូចជា​គាំទ្រ​សិប្បកម្ម​តូចៗ​របស់​ប្រជាជន​ខ្មែរ​ផងដែរ​។​

​ស្ថាបនិក​ជា​ស្ត្រី​គិតគូរ​បរិស្ថាន​រូបនេះប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​យើង​ពិតជា​រំភើប​ណាស់​! យើង​សង្ឃឹមថា​ព្រឹត្តិការណ៍​បែបនេះ​មិន​ត្រឹមតែ​ជួយ​មនុស្ស​ឱ្យ​គិតគូរ​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ដល់​អ្នក ដែល​លក់​សម្ភារ​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក និង​នាំឱ្យ​មនុស្ស​ចូលរួម​យល់ដឹង​កាន់​​តែ​ច្រើន​ជាមួយនឹង​ប្រធានបទ និង​កម្មវិធី​ដែល​មិន​បំផ្លាញ​បរិស្ថាន​»​។

​ក្នុង​ពិព័រណ៍​នោះដែរ រួមមាន​អ្នក​ដេរ​​សម្លៀកបំពាក់ អ្នក​ជួសជុល​ស្បែក​​ជើង នាឡិកា គ្រឿងអលង្ការ ទូរស័ព្ទ កា​តាប កង់ និង​វត្ថុ​ផ្សេងៗ​ទៀត​។​

​អ្នកនាង សេន​ឌី បាន​ព្យាយាម​ស្វែង​រកមើល​ជាង ដែល​អាច​ទុកចិត្តបាន ដោយមាន​ការណែនាំ​ពី​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក មិត្ត​រួមការ​ងារ និង​ដៃគូ​ជំនួញ​ផ្សេងៗ ដើម្បីឱ្យ​ច្បាស់​ថា​ អ្នក​ជួសជុល​ទាំងនេះ​មាន​សមត្ថភាព​បំពេញការងារ​បានល្អ​បំផុត​។

អ្នកនាង សេនឌី ខូតាន់ ស្ថាបនិក Only One Planet​​ Cambodia។ រូបថត សហ​ការី

​នៅពេលដែល​ទាក់ទង​ទៅកាន់​អ្នក​​លក់ និង​អ្នក​ជួសជុល អ្នកនាង​បានឱ្យដឹង​ពី​ការឆ្លើយតប​របស់​ពួកគេ​ដែរ​ថា​៖ «​សម្រាប់​អ្នកលក់​រាយ ពួកគាត់​បាន​យល់ដឹង​ច្បាស់​ពី​បញ្ហា​បរិស្ថាន​រួចហើយ ហើយក៏​សប្បាយចិត្ត​ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​ដែល​ផ្ដោតលើ​តែ​ផលិតផល​ដែល​មិន​ប៉ះពាល់​ដល់​ផែនដី​នេះ តែ​ចំពោះ​អ្នក​ជួសជុល​វិញ គឺ​ពិបាក​បញ្ចុះបញ្ចូល​បន្តិច ព្រោះនេះ​ជា​ភាព​ប្លែក​ថ្មី​មួយ​»​។​

​អ្នកនាង​បន្តថា​៖ «​យើង​សង្ឃឹមថា តាមរយៈ​ការចូលរួម យើង​នឹង​គាំទ្រ​អ្នក​​លក់​ក្នុងស្រុក និង​ជួយ​ពួកគេ​ឱ្យ​រីក​​ចម្រើន​ក្នុង​អាជីវកម្ម​។ យើង​នឹង​បន្ត​គាំទ្រ ណែនាំ​ពួកគេ​ទៅ​ថ្ងៃ​អនាគត តែដោយសារ​ពួកគេ​ជា​អាជីវកម្ម​តូចៗ វា​ពិបាក​ដែរ​ក្នុង​ការបិទ​ហាង​នៅ​ថ្ងៃ​​អាទិត្យ ​ដើម្បី​ចូលរួម​ជាមួយ​យើង​»​។​

​មូលហេតុ​ចាំបាច់​ដែល​មនុស្ស​គួរ​ចូលរួម​ពិព័រណ៍​ត្រូវបាន​អ្នកនាង​សង្កត់ធ្ងន់ថា មនុស្ស​គួរតែ​ខិតខំ​ប្រឹងប្រែង​រក្សា​អាយុកាល​ប្រើប្រាស់​របស់​វត្ថុ​នីមួយៗ និង​បញ្ចៀស​វាពី​កន្លែង​ចាក់សំរាម​។ មនុស្ស​ផ្ដើម​ទម្លាប់​ទិញ​របស់​ថ្មី​ជំនួស​ការជួសជុល ហើយ​បញ្ហា​នេះ​កំពុង​បង្កបញ្ហា​ធំ​ដល់​កម្ពុជា និង​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​។​

​ផែនដី​ផ្ទុក​ធនធាន​មានកំណត់ ដូច្នេះ​នៅពេលដែល​សម្ភារ​អ្វីមួយ​ត្រូវបាន​ផលិត វា​គួរតែ​ត្រូវបាន​ប្រើប្រាស់​ឱ្យបាន​យូរ​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​កុំឱ្យ​បន្ត​បាត់បង់​វត្ថុធាតុដើម​សម្រាប់​ផលិត​របស់របរ​ថ្មី​។​

​អ្នកនាង​បាន​បន្តថា​៖ «​យើង​កំពុង​ស្ថិតក្នុង​ចំណុច​មួយ ដែល​មីក្រូ​ប្លា​ស្ទិ​ក​វាយលុក​សរីរាង្គ និង​ចរន្តឈាម​របស់​យើង ហើយ​មិនដឹងថា​វា​នឹង​ប៉ះពាល់​ដល់​សុខភាព​យើង​កម្រិតណា​ទៀត​ទេ តែ​យើង​ដឹងថា វា​បាន​ប៉ះពាល់​ដល់​អត្រា​មានកូន និង​ការអភិវឌ្ឍ​កុមារ​តូចៗ​។ ដូច្នេះ យើង​ត្រូវតែ​យកចិត្ត​ទុកដាក់​ចំពោះ​វា​»​។​

​ចំពោះ​ពិព័រណ៍​នេះ​ផងដែរ អ្នក​​ចូលរួម​មិន​តម្រូវឱ្យមាន​បង់​សេវា​ចូល​ទេ តែ​នឹងត្រូវ​បង់​ទៅតាម​សេវាកម្ម​ដែល​ពួកគាត់​ប្រើប្រាស់ ហើយ​គ្រប់គ្នា​ក៏​អាច​យក​កែវ ថ្ម និង​ថង់​ប្លា​ស្ទិ​ក សម្រាប់​ការកែច្នៃ​ប្រើប្រាស់​ឡើងវិញ​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

សកម្មភាព​ប្រមូល​ដប និង​កែវ​សម្រាប់ការ​កែច្នៃប្រើប្រាស់ឡើងវិញ​​។ រូបថត សហ​ការី

​តាម​ការឆ្លើយតប​នៅក្នុង ហ្វេ​ស​ប៊ុ​កចំនួន​អ្នក​ចាប់អារម្មណ៍​ចូលរួម​ជាង ៥០០ ​នាក់ ដែល​អ្នកនាង​គិតថា ជាក់ស្ដែង​មាន​អ្នកចូលរួម​ច្រើន​ដូច្នោះ​មែន ពិតជា​រឿង​ដ៏​រីករាយ ហើយ​អ្នក​​នាង​សង្ឃឹម​នឹង​អាច​បន្តធ្វើ​ពិព័រណ៍​ជួសជុល​នេះ​ឱ្យបាន ​២ ​ដង ​ក្នុង ​១ ​ឆ្នាំ​។​

​អ្នកនាងឱ្យដឹង​ដែរ​ថា​៖ «​ពួកយើង​កំពុងតែ​រៀបចំ​ឱ្យមាន​វេ​ប​សាយ​ជា ២ ​ភាសា ដោយ​សង្ឃឹមថា​ វា​នឹង​ក្លាយជា «​ចំណត​ធនធាន​តែមួយ​» សម្រាប់​សម្ភារ​បរិស្ថាន​ទាំងអស់​នៅ​កម្ពុជា ដែល​នឹងមាន​ចុះឈ្មោះ ភោជនីយ​​ដ្ឋា​ន ហាង ក្លិប សណ្ឋាគារ ដែល​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​»​។​

​អំពី​បេសកកម្ម​ប្រមូល​កែវ និង​ដប អ្នកនាង សេន​ឌី បន្ថែម​ដែលថា គ្រប់​កែវ​ទាំងអស់​នឹង​ទៅ​ក្រុមហ៊ុន GAEA នៅ​ព្រែក​ព្នៅ​។ បច្ចុប្បន្ន ក្រុមហ៊ុន​ទើប​​តែ​បាន​ប្រមូល​រក្សាទុក ប៉ុន្តែ​គ្រោង​នឹង​កែច្នៃ​វា​ទៅជា​ខ្សាច់ ប្រើប្រាស់​ឡើងវិញ និង​មាន​គម្រោង​ជាច្រើន​ទៀត​។​

​ដោយ​ថ្ងៃទី ​២២ ជា «​ទិវា​ផែនដី​» Only One Planet Cambodia ក៏មាន​កម្មវិធី​ជាច្រើន​ទៀត​ដូចជា ថ្ងៃទី​ ២២ មានការ​បញ្ចាំង​រឿង «​ប្លា​ស្ទិ​ក​» បកប្រែ​ជា​ភាសា​ខ្មែរ ដោយ​ផ្ដល់​ពោត​​លីង និង​សូ​ដា​ឥតគិតថ្លៃ​សម្រាប់ ៣០​ នាក់​ដំបូង នៅ​រោងភាពយន្ត លី​ជេន​ ណូ​រូ វេលា​ម៉ោង ២ ​រសៀល​។

​ឯ​ថ្ងៃទី​ ២៣ នឹង​មានការ​ទស្សនា​រឿង «​ប្លា​ស្ទិ​ក​» ជា​ភាសា​អង់គ្លេសនៅ​សួន Coconut Park ដោយ​ឥតគិតថ្លៃ​ដូចគ្នា តែ​គ្មាន​ភេសជ្ជៈ និង​ចំណី​។ នៅ​ថ្ងៃទី ​២៨ ម៉ោង ៦​ កន្លះ​ល្ងាច នៅ Le Moon Rooftop bar នឹងមាន​កិច្ចពិភាក្សា​ជាមួយ​អ្នក​ដែល​គិតគូរ​ពី​បរិស្ថាន​ដូចគ្នា ដែល​អ្នកនាង​សង្ឃឹមថា នឹង​អាច​ធ្វើឡើង​រាល់​ខែ​។​

​ព័​ត៌​៌​មាន​បន្ថែម​មាននៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក @onlyoneplanetkh៕

ទីតាំងពិព័រណ៍នៅ Gateway House ផ្លូវ ១៩៧ សង្កាត់ទំនប់ទឹក។ រូបថត សហ​ការី