ក្រុង​កៀវ: នៅក្នុង​សួនច្បារ​ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន អ៊ី​វ៉ាន​ណា គូ​ហ្ស៊ី​វ ជា​គណនេយ្យករ​ចូល​និ​វត្ដ​ន៍​អាយុ​ខ្ទង់ ៦០ ​ឆ្នាំ បាន​ប្រមែប្រមូល​ផ្កា​ដា​ហ្វ​ហ្វូ​ឌី​ល​ពណ៌​លឿង និង​ផ្កា​​កណ្ដឹង​ខៀវ​លក់​នៅ​ផ្សារ​។

​អ្នកស្រីបាន​និយាយថា វា​ជា​រឿង​ចៃដន្យ​សុទ្ធសាធ​ដែល​ផ្កា​ក្នុង​សួន​របស់​អ្នកស្រី​រីក​ស្គុះស្គាយ​រំលេច​ជា​ពណ៌​ទង់ជាតិ​ក្នុង​សប្តាហ៍​នេះ​។​

​អ្នកស្រី​បាន​បន្ដថា​៖ «​ខ្ញុំ​ចូលចិត្ត​វា វា​ជា​កិត្តិយស​របស់​អ៊ុយ​ក្រែ​ន​»​។​

​ស្ត្រី និង​កុមារ​ជាច្រើន​បាន​ភៀស​​ខ្លួន​ទៅ​ក្រៅប្រទេស​ ដោយ​បន្សល់ទុក​បុរសៗ​តស៊ូ​ស្វែងរក​ការងារ​ធ្វើ និង​រង់ចាំ​ការហៅ​ឱ្យចូល​បម្រើកងទ័ព​។​

​ប៉ុន្តែ​និ​ទាឃ​រដូវ​មិន​រង់ចាំ​ទេ ហើយ​សួនច្បារ​ដែល​ស្ដ្រី​ចំណាស់​នេះ​បានទទួល​មរតក​ពី​ជីដូន​ជីតា​របស់​អ្នកស្រី​កំពុង​រីក​ស្គុះស្គាយ​។​

​កុមារ​អ៊ុយ​ក្រែ​ន​ត្រូវបាន​បង្រៀន​ថា ទង់ជាតិ​មាន​ ២ ​ពណ៌ ដោយ​ ១​ ពណ៌​តំណាង​ផ្ទៃមេឃ​ពណ៌​ខៀវ និង ១ ​ពណ៌​ទៀត​ជា​វាលស្រូវ​សាឡី​។​

ផ្កា​ដាហ្វហ្វូឌីល និង​ផ្កា​កណ្ដឹង​ខៀវ ស្រដៀង​ពណ៌​ទង់ជាតិអ៊ុយក្រែន​​​។ រូបថត AFP

​នៅ​ទីក្រុង Lviv ពណ៌​ទង់ជាតិ​ទាំង​​នេះ​បាន​គ្របដណ្ដប់​ទីកន្លែង រួមទាំង​ទង់ជាតិ​បក់​រវិចៗ​នៅលើ​តួ​រថយន្ត នៅក្នុង​នំ​មាន​ស្នូល និង​នំ​ខេ​ក​ក្នុង​ភោ​ជ​​នី​យ​ដ្ឋា​ន តែ​ក៏​មាននៅ​កម្រង និង​បាច់ផ្កា​លក់​តាម​ដង​វិថី​ផងដែរ​។​

​រដូវ​ផ្កា​រីក​ឆ្នាំនេះ នៅ​ស្ថានីយ​រថភ្លើង​ទាហាន​អាយុ​ ២២​ ឆ្នាំ​ម្នាក់ ​កំពុង​រង់ចាំ​ដោយ​អន្ទះសា​ជាមួយ​បាច់ផ្កា​ទូ​លី​ព​ពណ៌​លឿង​ ១០១ ​ទង​ចង​បូ​ពណ៌​ខៀវ​សម្រាប់​ជូន​មិ​ត្ដ​ស្រី ដែល​លោក​ខាន​ជួប ​២​ខែ​ហើយ ព្រោះតែ​ខ្លួន​ត្រូវ​ទៅ​ឈរជើង​នៅ​ជំរំកងទ័ព​ភាគ​ខាងកើត​។

​អ្នកស្រី អូ​ល​ហ្គា​ហ្វី​ត យ៉ូ​ស្ទី​ស្លូ អាយុ ៥៥ ​ឆ្នាំ ដែល​លក់​ផ្កា​នៅ​ផ្សារ​តាំងពី​ឆ្នាំ ​១៩៩៦ បាន​និយាយថា អ្នកស្រី​ខាន​លក់​ប៉ុន្មាន​ថ្ងៃក្រោយ​មានការ​ផ្ទុះ​សង្គ្រាម​។ តែ​នៅពេលដែល​អ្នកស្រី​ត្រឡប់មកវិញ​នៅ​ដើមខែ​មីនា អ្នកស្រី​ភ្ញាក់ផ្អើល ដែល​ឃើញ​មាន​អតិថិជន​ច្រើន​ត្រូវ​ការទិញ​ផ្កា​។​

​ចំនួន​ប្រជាជន​ក្នុង​ទីក្រុង Lviv បាន​កើនឡើង ដោយមាន​គ្រួសារ​រត់គេច​ខ្លួន​តិចតួច​ពី​ភាគ​ខាងកើត និង​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន បាន​ឆ្លងកាត់ និង​ជ្រកកោន​នៅ​ទីក្រុង​អ្នកស្រី​។​

​អ្នកលក់​ផ្កា​រូបនេះ​បាន​និយាយថា​៖ «​មាន​អ្នក​ផ្លាស់​ទីលំនៅ​ជាច្រើន​ដែល​ត្រូវការ​ផ្កា​លួងលោម​ផ្ដល់​កម្លាំងចិត្ត​។ ក្នុងស្ថានភាព​សង្គ្រាម ពួកគេ​ពិតជា​ត្រូវការ​ភាព​វិជ្ជមាន​»៕ AFP/HR