​ក្រុង​ញូវយ៉ក: ដូចជា​វត្ថុ​នៅក្នុង​រឿង​ប្រលោមលោក​បែប​វិទ្យាសាស្ត្រ​ជាមួយ​ចម្រឹង​ពណ៌​មាស​ចំនួន​ ៦ និង​ជញ្ជាំង​ពណ៌​ស​ផុស​ឡើង​ផុតពី​ចុង​​ឈើ​ព័ទ្ធជុំវិញ​ប្រាសាទ Washington Mormon បាន​បិទបាំង​ចំណាប់​​អារម្មណ៍​អស់​ជាច្រើន​ទសវត្សរ៍ ដោយ​ការហាមឃាត់​មិនឱ្យ​ចូល​។​

​យ៉ាងណាមិញ ការ​ចង់ដឹង​ចង់ឃើញ​ពិតជា​ដល់ពេល​វេលា​សម​​ស្របក្នុងពេល​ឆាប់ៗ​ ខណៈ​ប្រាសាទ​​សាសនា​ដ៏​អស្ចារ្យ និង​អាថ៌កំបាំង​មួយ​នេះ នឹង​បើកទ្វារ​ស្វាគមន៍​មហា​​ជន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​កន្លះ​សតវត្សរ៍​។​

​ប្រាសាទ​ដ៏​អាថ៌កំបាំង​បំផុត​មួយ​នៅក្នុង​រដ្ឋធានី​សហរដ្ឋអាមេរិក ជាធម្មតា​បាន​បើក​សម្រាប់តែ​សមាជិក​សំខាន់​នៃ​សាសនា​ព្រះ​យេស៊ូគ្រិស្ត​។​

​លោក Kevin Duncan មន្ត្រី​ជាន់​​ខ្ពស់​ក្នុង​សាសនា​ចក្រ​បាន​ប្រាប់ AFP ថា​៖ «​ប្រជាជន​យល់ឃើញថា​ អ្វីដែល​យើង​ធ្វើ​នៅ​ខាងក្នុង​គឺជា​រឿង​អាថ៌​​កំបាំង​ ប៉ុន្តែ​ដូចដែល​អ្នក​បានឃើញ​នៅថ្ងៃនេះ​វា​គ្រាន់តែ​ជាទី​ឋាន​ពិសិដ្ឋ​។ វា​ពិសិដ្ឋ​ណាស់​សម្រាប់​យើង​»​។​

​នៅ​ថ្ងៃ​ចន្ទ​ ក្នុងអំឡុងពេល​ថ្ងៃ​បើក​​ចំហ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព្រះ​​វិហារ​បរិសុទ្ធ​បាន​ស្វាគមន៍​អ្នក​មិនមែនជា​សមាជិក ជា​លើកដំបូង​ចាប់​​តាំងពី​ឆ្នាំ ​១៩៧៤​។​

​អ្នកទស្សនា​កន្លែង​ពិសិដ្ឋ​បំផុត​នៅលើ​ផែនដី​ត្រូវ​ពាក់​ទ្រនាប់ជើង​ពណ៌​ស ដើម្បី​អាច​ទស្សនា​បរិវេណ​ខាងក្នុង​ដ៏​ប្រណីត​ជាមួយនឹង​កម្រាលព្រំ​ក្រាស់ និង​ផ្ទៃ​ជញ្ជាំង​ពិតាន​ដ៏​ប្រណីត​។​

អ្នកចូលទស្សនាប្រាសាទនេះ​​ត្រូវ​ពាក់ទ្រនាប់ជើងពណ៌ស។ រូបថត AFP

​វេលា​មុន​ដែល​សាធារណជន​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​មើ​ល មាន​ចំនួន​មនុស្ស ៧៥ ​ម៉ឺន​នាក់ មក​ទស្សនា​ប្រាសាទ​ស្ថិតក្នុង​ក្រុង Kensington រដ្ឋ​ម៉ា​រី​លែ​ន ចម្ងាយ​តែ​ប៉ុន្មាន​គីឡូ​​ម៉ែត្រ​នៅ​ខាងក្រៅ​ក្រុង​វ៉ាស៊ីនតោន​។ ក្នុងចំណោម​អ្នក​ចូល​មើល​ទាំងនោះ​ក៏មាន​ស្ត្រី​ទី​១ Betty Ford ផងដែរ​។​

​ប្រាសាទ​នេះ​ត្រូវបាន​បិទ​នៅ​ឆ្នាំ ​២០១៨ ដើម្បី​ជួសជុល​ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ​ ២០២០ ​មុនពេល​ជំងឺ​រាតត្បាត​កូ​វីដ ១៩ បាន​ចូលមក​បង្អាក់​ផែនការ​។

​អ្នកទស្សនា​នាពេល​អនាគត​ត្រូវតែ​កក់​កន្លែង​ជាមុន​ដោយ​ឥតគិតថ្លៃ ដើម្បី​ចូល​មើល​ចាប់ពី​ចុងខែ​មេសា​ ដល់​ដើមខែ​មិថុនា​។​

​នៅក្នុង​ជំនឿ​ម័​រ​ម៉ុ​ន​ពិធីបុណ្យ​ជ្រមុជ​ទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​បម្រុង​ទុក​សម្រាប់​អ្នកស្លាប់ ខណៈដែល​ពិធីបុណ្យ​ជ្រមុជ​ទឹក​ធម្មតា​ធ្វើឡើង​នៅក្នុង​អគារ​ផ្សេងទៀត​។​

​នៅ​បរិវេណ​ផ្សេងៗ​នៃ​ប្រាសាទ​ គឺ​ទី​សម្រាប់​រៀបចំ​កម្មវិធី​អាពាហ៍ពិពាហ៍ ឬ «​បន្ទប់​ពិសិដ្ឋ​»​។ ក្រុមគ្រួសារ​ដែលមាន​ទំនាក់ទំនង​រវាង​ឪពុកម្ដាយ និង​កូនៗ​ក៏​អាច​រៀបចំ​កម្មវិធី​សាសនា​ក្នុង​បន្ទប់​តែមួយ​នេះ​ផងដែរ​។

​ព្រះវិហារ​បានឱ្យដឹងថា ខ្លួន​គ្រោង​ស្វាគមន៍​ភ្ញៀវ​រាប់ម៉ឺន​នាក់​អំឡុង​រដូវ​បើកទ្វារ​ប្រាសាទ​នេះ​៕ AFP/HR