ក្រុង​រី​យោ: បេក្ខជន​សម្រាំង​ ៨​ នាក់​ បាន​ចូលរួម​កាលពី​ថ្ងៃ​ចន្ទ​ ក្នុងការ​ប្រកួត​នៅ​ទីក្រុង​រី​យោ​ដើម្បី​រក​បេក្ខភាព​ប្រេ​ស៊ី​ល​ទៅ​ប្រកួត​ជើងឯក​យន្តហោះ​ក្រដាស​ពិភពលោក​នៅ​ទីក្រុង Salzburg ប្រទេស​អូទ្រីស​ នៅ​ខែឧសភា​។​

​ព្រឹត្តិការណ៍ Red Bull Paper Wings 2022 នឹងមាន​បេក្ខជន​តំណាង​ប្រទេស​ចំនួន​ ៦២​ មក​ប្រជែង​រក​ជើងឯក​យន្តហោះ​ក្រដាស​ល្អ​បំផុត​ក្នុង​ពិភពលោក​ទាំង​ការ​បង្ហើរ​ចម្ងាយ​ឆ្ងាយ និង​ថិរវេលា​សំកាំង​។​

​និស្សិត​ចំនួន ៨ ​នាក់ ​នៅក្នុង​វិស័យ​ចម្រុះ​ដូចជា​វិស្វកម្ម​ពេទ្យសត្វ និង​អាហារូបត្ថម្ភ​បាន​ចូលរួម​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​បឋម​ជាមួយនឹង​បេក្ខជន​ចូលរួម​ចំនួន ២ ៥០០​ នាក់​។​

​ស្ថិតនៅលើ​ផ្លូវរ​ត់នៃ​ទីលាន​ប្រកួត​ក្នុង​សាល ដែលមាន​សណ្ឋាន​ដូច​ផ្លូវ​រត់​យន្ដហោះ ពួកគេ​បាន​គប់​យន្ដ​​ហោះ​ក្រដាស​ទៅលើ​។

​យុវជន ចូ​ស ស៊ី​វ៉ា អាយុ​ ២៤​ ឆ្នាំ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កំពុង​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ទី​២ ​របស់ខ្លួន​។​

​លោក​បាន​ពន្យល់ថា​៖ «​យន្តហោះ​ធ្វើឡើង​សម្រាប់​បង្ហោះ​ចម្ងាយ​ឆ្ងាយ ដូចនឹង​គ្រាប់​រ៉ុក្កែត ហើយ​យន្តហោះ​សំកាំង​ខ្លួន ត្រូវមាន​ស្លាប​ធំ​វែង​»​។​

​យន្តហោះ​យុវជន​រូបនេះ​សមត្ថភាព​សំកាំង​ខ្លួន​បាន​ថិរវេលា ​២,១១ ​វិនាទី​ដោយ​ចាញ់​យុវជន​វ័យ ​១៩ ​ឆ្នាំ ភ្រេ​ដូ ក្រាស កា​ព្រី​អុត​ទី ដែលមាន​ថិរវេលា ៧,៦១​ វិនាទី និង​ឯតទគ្គ​កម្ម​ពិភព​​លោក​ក្នុង​ថិរវេលា ២៧,៩​ វិនាទី ដែល​គ្រប់គ្រង​ដោយ តា​គូ​អុ តូ​ដា ជនជាតិ​ជប៉ុន​។ ពាន​ចម្ងាយ​ឆ្ងាយ​បាន​ទៅលើ Isaac Queiroz Leite អាយុ​ ១៩​ ឆ្នាំ ក្នុង​ចម្ងាយ ​៤០,៣ ​ម៉ែត្រ ប្រដេញ​កំណត់ត្រា​ពិភពលោក ៦៩,១ ​ម៉ែត្រ​របស់ Joe Ayoob នៅ​សហរដ្ឋ​អាមេរិក​៕ AFP/HR