ភ្នំពេញ​: កាលពីមុន​ចូលឆ្នាំ ១ ​ថ្ងៃ វីដេអូ Tiktok ១ ដែល​បង្ហោះ​ដោយ​គណនី​ឈ្មោះ @piyapin41 ដែល​កញ្ញា​ធ្វើ​វីដេអូ​អំពី​បុរស​ដែលមាន​ឈ្មោះ រិ​ទ្ធ ដោយ​លើកឡើងថា អ្នកមាន​ឈ្មោះ​នេះ​ខូច​ទាំងអស់ បើ​មិន​ខូច​រឿង​ស្រា រឿងស្រី ឬ​រឿង​ក៏​ដើរ​លេង​។ វីដេអូ​ចាក់​ដោត​ចិត្ត​នេះ នាំឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ធ្វើ​ការចែក​​រំលែក​តៗ​គ្នា​ជាច្រើន ជាពិសេស​ត្រូវបាន​ទៅដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក​ថែមទាំង​បាន​យកទៅ​ចែកចាយ​បន្ត​ថែមទៀត​។

​វីដេអូ​ខ្លី​ជិត ១​ នាទី ដែល ពី យ៉ា​ពិន ម្ចាស់​គណនី​បាន​បង្ហោះ​លើកឡើង​អំពី​បទពិសោធ​កញ្ញា​ផ្ទាល់​ជាមួយ​អ្នក ដែល​កញ្ញា​ស្គាល់ ឈ្មោះ រិ​ទ្ធ បាន​នាំឱ្យ​អ្នក​ចូល​មើល ទាំង​អ្នក​មានឈ្មោះ រិ​ទ្ធ និង​អ្នក​ធ្លាប់មាន​ទំនាក់​​ទំនង​ជាមួយ​ឈ្មោះ​នេះ​ទាំងអស់ ក៏​ចូលរួម ខម​មិន (comment) ដោយ​សម្ដែង​មតិ​ផ្សេងៗ​គ្នា​ភាគច្រើន​ក៏​អស់សំណើច​ហើយ​យល់ស្រប ជាមួយ​អ្វីដែល​កញ្ញាលើកឡើង​។​

​ខ្លឹមសារ​របស់​វីដេអូ​គឺថា​៖ «​ហេ​ឡូ ក្នុង ១ ​ជាតិ​ហ្នឹង ខ្ញុំ​មិនដែល​ខ្លាច​អី​ដូច​ខ្លាច​មនុស្ស​ប្រុស​ឈ្មោះ​រិ​ទ្ធ​ទេ ខ្ញុំ​និយាយ​តាម​ត្រង់​។ និយាយ​ពី​ឈ្មោះ រិ​ទ្ធ ​នេះ​មួយ បងប្អូន​អើយ ១០០ ​ទាំង ​១០០ គឺ​ខូច​ទាំង​ ១០០​។ បើ​ថា​អត់​ខូច សឹងតែ​ថា​កោរ ​១ ​ចំហៀង​ទុក​ ១​ ចំហៀង​។ បើ​មិន​ខូច​រឿង​ផឹក ក៏​ខូច​រឿងស្រី ខូច​រឿង​ដើរលេង ឈ្មោះ រិ​ទ្ធ ​មួយ​ចំណាំ​ពាក្យ​ខ្ញុំ​ត​កូន​ត​កូន​​ចៅ អ្នកណា​មានកូន​ចៀសឱ្យផុត​ពី​ឈ្មោះ រិ​ទ្ធ​។ និយាយ​មែន ម៉េច​អ៊ីចឹង​? អ្ហាស​? ឈ្មោះ​ហ្នឹង​ម៉េច​អ៊ីចឹង រិ​ទ្ធ​? សុខ​សប្បាយ​? អ្នក​ឈ្មោះ​រិ​ទ្ធ​ទាំងអស់គ្នា​អ្ហា សុខ​សប្បាយ​? កែខ្លួន​បាន​ហើយ​»​។

​កញ្ញា​រូប​ស្រស់ ពី យ៉ា​ពិន រូបនេះ​ថា កញ្ញា​ចូលចិត្ត​បង្ហោះ​វីដេអូ​លេង​កម្សាន្ត ហើយ​មុន​ចូលឆ្នាំ​ខ្មែរ ១ ​ថ្ងៃ ពេល​មកពី​វត្ត​វិញ កញ្ញា​ក៏​ធ្វើ​វីដេអូ​នេះ​លេង​ដូច​ធម្មតា ដោយ​បូក​ជាមួយ​បទពិសោធ​ផ្ទាល់ ហើយ​ពិតជា​មិន​នឹកភ្នក​ទេ​ថា​មាន​អ្នក​ចូល​មើល​ច្រើន​ដល់​ថ្នាក់​នេះ​។​

​កញ្ញា​វ័យ ២៨ ​ឆ្នាំ​រូបនេះ​ថា​៖ «​ខ្ញុំ​បង្កើត​វីដេអូ​ហ្នឹង​ឡើង​ គឺ​ចេញពី​បទពិសោធ​ផ្ទាល់​។ ខ្ញុំ​សង្កេត​​មើលទៅ​គឺ​មែន មនុស្ស​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ឈ្មោះ រិ​ទ្ធ ទាំងអស់​គឺ​សុទ្ធតែ​ខូច សូម្បីតែ​ប៉ា​ខ្ញុំ​ក៏​ឈ្មោះ រិ​ទ្ធ ហើយ​ម៉ាក់​ខ្ញុំ​ក៏​ទទួលស្គាល់ថា​ប៉ា​ខ្ញុំ​ខូច​មែន​។ ខ្ញុំ​ធ្លាប់មាន​ទាំង​ជា​មិត្តភក្តិ សង្សារ បងប្អូន សង្សារ​ពួកម៉ាក និយាយ​ទៅ​អ្នក ដែល​ខ្ញុំ​ស្គាល់​គឺ​មិនមាន​អ្នក​ត្រឹមត្រូវ​ហ្មង បើ​មិន​ខូច​ស្រី ខូច​ផឹក ឱ្យតែ​ពាក្យ​ថា​ខូច ខ្ញុំ​និយាយ​មែន មិន​និយាយ​លេង​ទេ​»​។

ស្រីស្រស់​អាយុ ២៨ ​ឆ្នាំ កញ្ញា ពី យ៉ាពិន បានប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់រយៈពេល​៦​ឆ្នាំមកហើយ​​​។ រូបថត សហ​ការី

​ពេល​សួរ​ពី​ចំណាប់អារម្មណ៍ ដែល​វីដេអូ​កញ្ញា​ត្រូវបាន​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន យកទៅ​ចែកចាយ​បន្ត​កញ្ញា​ឱ្យដឹងថា កញ្ញា​រំភើបចិត្ត​ឥត​​ឧបមា ពេល​ឃើញ​រូបភាព​អេក្រង់​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​​ព័ត៌មាន​។ កញ្ញា​ថា គ្មានអ្វី​សប្បាយ​​ចិត្ត​ជាង​នេះ​ទេ​។​

​ជា​កូនស្រី​តែ​ម្នាក់ និង​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន ៣ ​នាក់​រូបនេះ​និយាយ​ទាំង​សើច​ថា​៖ «​ក្នុងនាម​យើង​ជា​ប្រជាពលរដ្ឋ ជា​កូន​ជា​ចៅ ១ ​រូប ពេល​បានឃើញ​លោកឪពុក សម្ដេច​តេ​ជោ​បានឃើញ​វីដេអូ យើង​មាន​អារម្មណ៍​ថា​រំភើប ហើយ​កក់ក្ដៅ​ចិត្ត​មែនទែន​។ ទោះបីជា​វីដេអូ​ហ្នឹង​យើង​និយាយ​ទៅ​របៀប​លេង​មែន តែ​ពេល​គាត់​ឃើញ គឺជា​កិត្តិយស​ណាស់ មិន​នឹកស្មានថា​បាន​ទៅដល់​លោក​»​។

​កញ្ញាបន្ត​និយាយ​លេងសើច​ថា​៖ «​ហើយ​មិនដឹងថា​លោក ឯកឧត្តម ខៀវ កាញារីទ្ធ សរសើរ ឬ​ក្នុងន័យ​អី​ទេ ពេលដែល​គាត់​និយាយថា សរ​សើរ​អ្នក​ផូស​វីដេអូ​ហ្នឹង តែ​ចាត់ទុកថា​ជា​រឿង​ល្អ​មួយ​។ ហើយក៏​សូម​អ​ធ្យា​ស្រ័យ​អ្នក​ឈ្មោះ រិ​ទ្ធ ទាំងអស់ ដែល​ខ្ញុំ​យក​ការពិត​មក​និយាយ​»​។

​នៅ​ពីក្រោយ​ប្រវត្តិ​របស់​អ្នក​បង្ហោះ​នេះ កញ្ញា ពី យ៉ា​ពី​ន គឺជា​តារា​កំប្លែង និង​ជា​តារា​សម្ដែង​ក្នុង​បទ​ចម្រៀង​ ១​ រូប ដោយ​កញ្ញា​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាង ៦​ ឆ្នាំ​ហើយ តែមាន​គេ​ស្គាល់​ច្រើន​តាមរយៈ​ការសម្ដែង​កំប្លែង​ច្រើនជាង​។

​បទ​ដែល​កញ្ញា​ធ្លាប់​ថត​សម្ដែង​រួមមាន «​ស្ទឹងសែន​ប៉ារីស​» របស់លោក ដួង វីរៈ​សិទ្ធ បទ «​ប្ដី​ក្លាហាន​» របស់ នាយ គ្រឿន និង អ៊ា​ម វ​ន្នី​។ ថ្មីៗ កញ្ញា​ក៏បាន​សម្ដែង​ជំនួស​តួ​នាង​ខ្ញុង ក្នុង​រឿង ​«២ ​គ្រួសារ​» ផងដែរ​។

​កញ្ញា ដែល​បច្ចុប្បន្ន​ក៏មាន​លក់​អីវ៉ាន់​អន​ឡាញ​តិចតួច​ដែរនោះ​ថា​៖ «​ថ្ងៃ​អនាគត ខ្ញុំ​នឹង​បន្ត​ក្នុង​កិច្ចការ​សិល្បៈ និង​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។ ខ្ញុំ​មិន​ធ្លាប់​គិត​បោះបង់​​ចោល​ទេ​មិន​ថា​ផ្នែក​អី​ក៏ដោយ ព្រោះ​ជា​អ្វីដែល​ខ្ញុំ​ស្រឡាញ់​»​។

នាយ ពែកមី និង​កញ្ញា យ៉ាពិន ក្នុងកិច្ចការ​សិល្បៈ​សម្ដែង​រួមគ្នា។ រូបថត សហ​ការី

​កញ្ញា​ឱ្យដឹង​ដែរ​ថា កញ្ញា​មាន​គម្រោង​នឹងធ្វើ​វីដេអូ​ខ្លីៗ​ដែលមាន​ចំណងជើង «​សមរភូមិ​ទី​២» ហើយ​និយាយ​ពី​បញ្ហា​គ្រួសារ​ដូចជា​ជម្លោះ​គ្រួសារ​ទូទៅ ដែល​បង្កប់​ដោយ​សំណើច​ជូន​បងប្អូន​។​

​យ៉ា​ពិន ថា​៖ «​ខ្ញុំ​សន្យាថា​ នឹង​នាំមក​ជូន​អ្នក​ទាំងអស់គ្នា​ក្នុងពេល​ឆាប់ៗ ដែល​លាយ​ទាំង​ជា​សំណើច និង​ចាក់​ចំ​បេះដូង​គ្រប់គ្នា ជាពិសេស​គូស្នេហ៍ ប្ដី​ប្រពន្ធ ដែល​តែងតែ​ឈ្លោះ​គ្នា ដោយហេតុ​ផល​ដែល​យើង​នឹង​សម្ដែង​ជូន​»​។​

​សម្រាប់​ចំណាប់អារម្មណ៍​តាមដាន​ពី​សម្មភាព​កញ្ញា សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​កថា Pi Ya Pin៕