​ក្រុង​សៅ​ប៉ូ​ឡូ: ឈរ​នៅមុខ​កញ្ចក់ ម៉ា​រៀន ស៊ី​វ៉ា ដូ​ស សាន់​តូ​ស បាន​រំលេច​ស្នាមញញឹម​ដោយ​ក្ដី​ស្រឡាញ់​ពេញចិត្ដ​ស្នាម​សាក់​ថ្មី​រំលេច​រូបភាព​ផ្កា និង​ខ្សែ​ត្បូង ដែល​ស្ថិតនៅលើ​ដើមទ្រូង បិទបាំង​ស្លាកស្នាម​វះកាត់​រាង​ជា​រង្វង់​បន្សល់ទុក​ពី​ការវះកាត់​ព្យាបាល​ជំងឺមហារីក​សុដន់​របស់​ស្ដ្រី​​ប្រេ​ស៊ី​ល វ័យ ៥១ ​ឆ្នាំ​រូបនេះ​។

​ស្បែក​សល់​ចំហាយ​កម្ដៅ​ពីមុខ​ម្ជុល អ្នកស្រី ដូ​ស សាន់​តូ​ស សម្លឹងមើល​ផ្កា​បញ្ចេញ​សម្រស់​នៅលើ​ដងខ្លួន និង​រំលេច​ជា​គ្រាប់ពេជ្រ​ចំពោះ​ការ​រចនា​សុដន់​ខាងឆ្វេង​ឡើងវិញ ​ដោយ​អរ​គុណ​ដល់​គម្រោង​ជួយ​ស្ត្រី​ឱ្យ​យកឈ្នះ​លើ​ស្លាកស្នាម​លើ​រាងកាយ និង​បញ្ហា​ផ្លូវចិត្ត​ពី​អតីតកាល​។​

​អ្នកស្រី ដូ​ស សាន់​តូ​ស ដែល​ត្រូវ​វះកាត់​សុដន់​ចេញ បន្ទាប់ពី​អ្នកស្រី​ត្រូវបាន​រក​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺមហារីក កាលពី​ប្រាំ ​៥ ​មុន បាន​និយាយថា​៖ «​បើ​ឃើញ​ស្លាកស្នាម​នេះ​លើ​ខ្លួនឯង ហើយ​ទោះជា​អ្នកដទៃ​មើលមិនឃើញ​ក៏​វា​ឈឺ​ដែរ​»​។​

​អ្នកស្រី​បាន​បន្ថែមថា​៖ «​ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​ឃើញ​ផ្កា​។ ខ្ញុំ​មិន​គិតថា វា​នឹង​ស្អាត​ដូច្នេះ​ទេ​»​។​

​អ្នកស្រី ដូ​ស សាន់​តូ​ស គឺជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ប្រហែល​ ១៦០ ​នាក់ ​ដែល​សិល្បករ​សាក់​រូប​ក្នុង​ក្រុង​សៅ​ប៉ូ​ឡូ អ្នកនាង កាល់​ឡា មេន​ដេ​ស បាន​ជួយ​ក្រោម​គម្រោង​សប្បុរសធម៌​ដែល​គេ​ស្គាល់​ថា «We Are Diamonds» ឬ «​យើង​ជា​គ្រាប់ពេជ្រ​» ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៧ ​ដើម្បី​បិទបាំង​ស្លាកស្នាម​ពី​ជំងឺ​អំពើហិង្សា​យេនឌ័រ​គ្រោះថ្នាក់ និង​ការ​ប៉ះ​​ទង្គិច​ផ្លូវចិត្ត​ផ្សេងទៀត​។​

សាក់​រូបផ្កា និង​កម្រង​ត្បូង បិទបាំង​ស្នាមវះកាត់​ជំងឺមហារីកសុដន់​​។ រូបថត AFP

​សិល្បករ​សាក់​រូប មេន​ដេ​ស ដែល​បាន​បង្កើត​ស្លាក​សញ្ញា​សាក់​រូប​ពេជ្រ បាន​និយាយថា​៖ «​ខ្ញុំ​ចង់​រំឭក​ពួកគេ​ថា ពួកគេ​ពិតជា​ដូច​ពេជ្រ​ជា​អ្វីមួយ​ដែល​បញ្ចេញ​ពន្លឺ​ពេល​អ្នក​ខាត់​វា​»​។​

​អ្នកនាង​បន្តថា​៖ «​ពិតជា​រីករាយ​ណាស់ដែ​លអាច​ប្រើ​សិល្បៈ​របស់ខ្ញុំ​ដើម្បី​ជួយ​ផ្លាស់​ប្តូរជីវិត​របស់​ន​រណា​ម្នាក់​ដោយ​ផ្តល់​អត្ថន័យ​ថ្មី​ដល់​ស្លាក​​ស្នាម ប្រែក្លាយ​ចងចាំ​ដ៏​អាក្រក់​ទៅជា​អ្វីមួយ​ដែល​គួរឱ្យ​ចង់​មើល និង​ធ្វើឱ្យ​ពួកគេ​ស្រឡាញ់​ខ្លួនឯង​»​។​

​ស្នាម​សាក់​របស់ ឃេ​ល​លី ពេ​រ៉ៃ​រ៉ា គឺជា​គំនូរ​ផ្កា និង​ពេជ្រ ដែល​រំលេច​លាត​​សន្ធឹង​ពី​ស្មា​ទៅ​កែងដៃ​របស់​នាង​ដោយ​បិទបាំង​ស្លាកស្នាម​រលាកភ្លើង​ដែល​អ្នកស្រី​បន្សល់ទុក​ក្នុង​ឧបទ្ទវ​ហេតុ​ផ្ទះបាយ​កាលពី​នៅ​តូច​។​

​អ្នកស្រី ពេ​រ៉ៃ​រ៉ា បាន​រំឭកថា ម្តាយ​របស់ខ្លួន​កំពុង​នៅ​កន្លែងធ្វើការ​ហើយ​ប្អូនស្រី​មានគំនិត​ធ្វើ​ម្ហូប ដោយ​ដាក់​ដុត​ទឹក​អាល់កុល​ព្រោះ​អស់​ហ្គាស​។ ភ្លើង​បាន​ឆាបឆេះ​ពេញដៃ ក ទ្រូង និង​ដៃ​របស់ ពេ​រ៉ៃ​រ៉ា​។​

​ក្រោយ​ពីសា​ក់រួច អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​មិន​ខ្មាស់​ចំពោះ​ស្លាកស្នាម​របស់ខ្ញុំ​ទេ​។ វា​ប្រាប់​ពី​រឿងរ៉ាវ​របស់ខ្ញុំ​។​វា​ជា​អ្វីដែល​ខ្ញុំ​បាន​យកឈ្នះ ហើយ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​វា​»​។​

​ស្ត្រី​អាយុ​ ៣៦ ឆ្នាំ​រូបនេះ​ថា រូបសាក់​លើ​ខ្លួន​មិនអាច​លុប​អតីតកាល​បាន​នោះទេ តែ​វា​ជា​៖ «​ការលើកទឹកចិត្ត​ឱ្យ​ក្លាហាន​និយាយ​ពី​វា​»៕ AFP/HR