​ក្រុង​ម៉ុងរ៉េអាល់: ក្រសួង​សុខា​​ភិ​បាល​ខេត្ត​កេ​បិ​ក បាន​ច្រឡំ​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter ជាមួយ​ការដាក់​តំណ​ភ្ជាប់​ដែលមាន​បំណង​ភ្ជាប់​អ្នកប្រើប្រាស់​ទៅកាន់​វេ​ប​សាយ​កូ​វីដ​ ១៩ របស់​ខេត្ដ​កាណាដា​មួយ​នេះ​កាលពី​សប្ដាហ៍​មុន តែ​ផ្ទុយទៅវិញ វា​ប្រែជា​តំណ​ភ្ជាប់​វេ​ប​សាយ​អាសអាភាស Pornhub ដោយ​បង្ហាញ​រូបភាព​ជើង​ដ៏​ស្រើប​​ស្រាល​ទៅវិញ​។

​ក្រសួង​ក៏បាន​លុប​ចោលការ​បង្ហោះ​នោះ​ភ្លាមៗ ក្រោយពី​រកឃើញ​នូវ​កំហុសឆ្គង​ដោយ​ការច្រឡំ​។

​ក្រសួង​បានឱ្យដឹង​ក្នុងអ៊ី​មែ​ល ដែល​ផ្ញើ​មកកាន់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា​៖ «​ដោយសារតែ​បញ្ហា​គ្រប់​​គ្រង​បច្ចេកទេស តំណ​ភ្ជាប់​មាតិកា​មិន​សមរម្យ​ត្រូវបាន​បង្ហោះ​នៅលើ​គណនី Twitter​។ កំពុងតែ​ស៊ើប​អំពី​ករណីនេះ​»​។

​ក្រសួងសុខាភិបាល​មាន​អ្នកគាំទ្រ​នៅលើ​បណ្ដាញ Twitter ប្រមាណ​ជាង ១០ ​ម៉ឺន​នាក់​។

​ឧ​ប្ប​ត្ដិ​ហេតុដែល​មិនអាច​រំលង​ភ្នែក​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត បាន​បង្កឱ្យមាន​ប្រតិកម្ម​ចម្រុះ​ចាប់ពី​ការសរសេរ​បែប​ភ្ញាក់ផ្អើល និង​រំខាន​ចិ​ត្ដ រហូតដល់​ការ​ចំអក​។

Pornhub គឺជា​វេ​ប​សាយ​ពេញ​​និយម​បំផុត​មួយ​ក្នុង​ពិភពលោក មាន​ទីតាំងនៅ​ទីក្រុង​ម៉ុងរ៉េអាល់ និង​ជា​កម្មសិទ្ធិ​របស់ MindGeek​។​

​កាលពី​ខែមីនា ឆ្នាំ ​២០២២ កន្លងទៅនេះ វេ​ប​សាយ​សិច​ខាងលើ​បាន​ប្រឈម​នឹង​ការព្រមាន និង​ការហាម​​ឃាត់​នៅ​ប្រទេស​បារាំង ដោយសារ​មាតិកា​អាសអាភាស​មាន​រូបភាព ក្មេង​មិន​គ្រប់​អាយុ​។​

​វេ​ប​សាយ​បណ្ដុំ​វីដេអូ​សិច​ដ៏​ធំ Pornhub នេះ​ក៏​ធ្លាប់​ប្រកាស​កាលពី​ចុងឆ្នាំ ​២០២០ ថា ខ្លួន​នឹងមិន​បណ្ដោយ​ឱ្យមាន​មាតិកា​ដែល​បង្ហាញ​នូវ​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​នោះឡើយ​៕ AFP/HR